លោក ផៃ ស៊ីផាន ៖ កម្ពុជានៅតែឲ្យតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយអាមេរិក
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 19 July, 2019 ក+ ក-

​ដោយ ៖ សុត្ថារ៉ា

ភំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ពីជំហររបស់កម្ពុជា ថា កម្ពុជានៅតែផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអាមេរិក និងសង្ឃឹមធ្វើការជាមួយគ្នាឲ្យបានល្អប្រសើរ។ ការថ្លែងបែបននេះ បានធ្វើឡើងនៅក្រោយពេលដែលសភាជាន់ទាបអាមេរិក អនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋាភិបាលកម្ពុជា។

ថ្លែងនៅក្នុងសន្និសីទកាសែតប្រចាំសប្តាហ៏នៅព្រឹកថ្ងៃទី១៨ ខែកក្កដា នេះ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែឲ្យតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក បើទោះបីជា សភាជាន់ទាបអាមេរិកអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋាភិបាលកម្ពុជា ស្តីពីលទ្ធិប្រជាធិបតេយ្យក៏ដោយ។ កម្ពុជា បានខិតខំធ្វើឲ្យប្រទេសជាតិមាន លទ្ធិប្រជាធិបតេយ្យពេញលេញ ពិសេសផ្តល់តម្លៃធំបំផុតទៅលើសន្តិភាព និង ស្ថេរភាពនយោបាយនៅក្នុងប្រទេស។ ឯ.ឧ ផៃ ស៊ីផាន បានចាត់ទុក ការធ្វើបាតុកម្ម ពីសំណាក់ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក គឺជាការទាមទារខ្យល់ ហើយក្រុមទាំងនោះមិនបានជួយអ្វីសម្រាប់កម្ពុជានោះឡើយ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី១៦ កក្កដាកន្លងទៅបានសំដែងនូវការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំង ចំពោះសភាជាន់ទាបអាមេរិក ដែលបានអនុម័តច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩។

ក្រសួងការបរទេសចាត់ទុកសេចក្តីព្រាងច្បាប់នោះថា បានចោទប្រកាន់ដោយគ្មានមូលដ្ឋានប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែកទៅលព័ត៌មានបំភ្លៃ លំអៀង និងព័ត៌មានចាស់ហួសម័យ ដោយសារតែហេតុផលនយោបាយ និងស្តង់ដារ។ ខ្លឹមសារនៃច្បាប់នេះ ក៏បានបង្កការរំខានថែមទៀតនៅពេល ដែលបុគ្គលសាធារណៈរបស់រដ្ឋអធិបតេយ្យមួយ បានក្លាយជាកម្មវត្ថុនៃវិធានការដាក់ទណ្ឌកម្មពីសំណាក់រដ្ឋមួយផ្សេងទៀត។

ក្រសួងការបរទេសក៏ចាត់ទុកការអនុម័តច្បាប់នេះ បានដើរផ្ទូយទៅនឹងកិច្ចខិតខំប្រឹងប្រែង ដែលប្រទេសទាំងពីរបាននឹងកំពុងប្រកាន់យក ក្នុងការលើកកំពស់ភាពជាដៃគូ គ្រប់វិស័យ ដោយផ្តោតលើផលប្រយោជន៏ទៅវិញទៅមក។

សូមជម្រាបដែរថា ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩ ដែលសភាជាន់ទាបអាមេរិកបានអនុម័តនេះ នឹងត្រូវឆ្លងកាត់ពីរដំណាក់កាលទៀត គឺបញ្ជូនបន្ត ទៅកាន់ព្រឹទ្ធសភា ដែលជាសភាជាន់ខ្ពស់ និងសុំការយល់ព្រម រឺមិនយល់ព្រមស្ថាប័ននីតិប្រតិបត្តិដែលដឹកនាំដោយលោកដូណាល់ ត្រាំ៕