កម្ពុជា អបអរសាទរខណៈប្រទេសវៀតណាមជាប់ជាសមាជិកក្រុមប្រឹក្សាសន្តិសុខ
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 19 July, 2019 ក+ ក-

ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ : លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការអបអរសាទរ ដល់ប្រទេសវៀតណាម ដែលបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ឆ្នាំ២០២០-២០២១។ ហើយកម្ពុជាបានគាំទ្រ វៀតណាម ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២០ ខាងមុខនេះផងដែរ។

ការអរអរ និងគាំទ្រលើនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាង លោក ប្រាក់ សុខុន និង ឯកឧត្តម វៀង ភុជុង អនុរដ្ឋមន្ត្រី ការបរទេសវៀតណាម នៅទីស្តីការក្រសួងការបរទេស កាលពី រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានអបអរសាទរ ចំពោះលទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់ ថ្នាក់នយោបាយ រវាងក្រសួងការបរទេសកម្ពុជា និងវៀតណាម លើកទី ៦ ដែលភាគីទាំងពីរ បានពិភាក្សាលើកិច្ចការជាច្រើន ក្នុងលក្ខណៈទ្វេភាគី និងពិភាក្សាលើបញ្ហា តំបន់ បញ្ហាអន្តរជាតិ ដែលកិច្ចពិភាក្សានេះពង្រឹងនូវទំនាក់ទំនង និងមិត្តភាពយូរអង្វែង ជាប្រពៃណី រវាងប្រទេសទាំងពីរ។ កិច្ចប្រជុំនោះដែរ គឺជាកិច្ចប្រជុំមួយ ត្រៀមរៀបចំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ដែលគ្រោងនឹងរៀបចំកិច្ចប្រជុំលើកទី១៧ នៅក្នុងខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។

ជាមួយគ្នានោះ លោក ប្រាក់ សុខុន បានពិគ្រោះយោបល់ជាមួយនឹងអនុរដ្ឋមន្ត្រី ក្រសួងការ បរទេសវៀតណាម លើបញ្ហាសំខាន់ៗចំនួនពីរ ទៅនឹងទំនាក់ទំនង រវាង ប្រទេសនីមួយៗជាមួយ នឹង ប្រទេសខាងក្រៅ ដូចជាមហាអំណាចសហរដ្ឋអាមេរិក-សហភាពអឺរ៉ុបជាដើម។

លោក វៀង ភុជុង បានលើកឡើងថា វៀតណាម បានតាមដាន នូវការវិវឌ្ឍនានា របស់ កម្ពុជា និងអាមេរិក ក៏ដូចជាសហភាពអឺរ៉ុប ទាក់ទិនទៅនឹងការព្រមានផ្តាច់ EBA ពីកម្ពុជា។ ជាពិសេស ចុងក្រោយនេះ សភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ ប្រជាធិបតេយ្យឆ្នាំ២០១៩ ហើយភាគី វៀតណាម បានគាំទ្រចំពោះប្រតិកម្មតបរបស់កម្ពុជា ឆ្លើយតបចំពោះសហរដ្ឋអាមេរិក យ៉ាងសម ស្រប។

យ៉ាងលោកអនុរដ្ឋមន្រ្តីថា ចំពោះចំណងមិត្តភាព សាមគ្គីភាព ជាបងប្អូនយូរអង្វែងវៀតណាម តែងតែគាំទ្រកម្ពុជានៅគ្រប់កាលៈទេសៈមិនថាជាកម្រិតតំបន់ ឬឆាកអន្តរជាតិនោះទេ៕