អាជ្ញាធរអំពាវនាវឲ្យប្រជាពលរដ្ឋស្រលាញ់ដើមឈើដូចការស្រលាញ់កូនចៅ
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 19 July, 2019 ក+ ក-

ភ្នំពេញ ៖ លោក ឃួង ស្រេង បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ស្រលាញ់ដើមឈើដូចការ ស្រលាញ់កូនចៅ នៅក្នុងក្រុមគ្រួសាររបស់ខ្លួន ដើម្បីជួយលើកកម្ពស់ គុណភាព សោភ័ណភាព និង បរិស្ថាន នៅក្នុងទីក្រុងទាំងមូល។

លោក អភិបាលរាជធានីភ្នំពេញ បានណែនាំអោយប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ មន្រ្តី រាជការ និងស្ថាប័នពាក់ព័ន្ធទំាងអស់ ត្រូវរួមគ្នាថែរក្សាការពារដើមឈើ នៅតាម ភូមិដ្ឋាន សាលា រៀន វត្តអារ៉ាម តាមសួនច្បារ និងផ្លូវសាធារណៈអោយបានល្អ ព្រោះដើមឈើ មាន គុណប្រយោជ ន៍ យ៉ាងខ្លំាង សម្រាប់បរិស្ថាន និងមនុស្សជាតិ។

លោកបានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីអបអរសាទរ បុណ្យរុក្ខទិវា ៩ កក្កដា ដែល ប្រារព្វធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ នៅក្នុងបរិវេណវត្ត និគ្រោធវ័ន “ហៅវត្តគល់ ទទឹង” ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយបានចាត់ទុកថា ដើមឈើ គឺជាធនធានធម្មជាតិដ៏សំខាន់ ដែលបានបង្កើតគម្របបៃតង ហើយជួយកម្ចាត់ជាតិពុល នានា នៅក្នុងរាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក៏បានណែនាំឲ្យមេព្រៃ ក្នុងភូមិសាស្រ្តរាជធានី ភ្នំពេញ អង្គភាពពាក់ព័ន្ធ និង អាជ្ញាធរដែនដី ត្រូវរួមគ្នាថែរក្សាដើមឈើ ដែលបានដាំហើយ នៅក្នុងរាជធានីភ្នំពេញឲ្យបានល្អ ហើយត្រូវធ្វើរបាយការណ៍ពីស្ថានភាពដើមឈើទំាងនោះ ឲ្យបានជាប់ជាប្រចំារៀងរាល់៦ខែម្តង ដើម្បីថែរក្សាការពារដើមឈើទំាងនោះឲ្យបានរីកលូតលាស់ល្អសម្រាប់កូនចៅជំនាន់ក្រោយទៀត។

លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បី អបអរសាទរ ទិវាដាំដើមឈើ ដែលជាប្រពៃណីជាតិ ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បាន ដាំដើមឈើចម្រុះ ប្រភេទឈើគ្រញូង នាងនួន ធ្នង់ គគីរ ឈើទាល រាំងភ្នំ គីនីន ត្របែកព្រៃ ក្ងោក និងខ្ទរ សរុបចំនួន ១៣៤៤ដើម នៅតាមវត្តអារាម សាលារៀន និងដងផ្លូវ សាធារណៈ ក្នុងរាជ ធានី ភ្នំពេញ។

លោកបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានផ្តល់កូនឈើចម្រុះប្រភេទ ឈើគ្រញូង នាងនួន បេង ធ្នង់ គគីរ ឈើទាល គីនីន រាំងភ្នំ រាំងទឹក ស្វាយ និងខ្ទរ សរុបប្រមាណ ៤២០០ដើម ដើម្បីប្រគេនព្រះសង្ឃ និងចែកជូនបងប្អូនប្រជាពលរដ្ឋ មកពីរដ្ឋបាលខណ្ឌទាំង១៤ ដើម្បីយកទៅដាំនៅតាមទីវត្តអារាម ដងផ្លូវទីសាធារណៈ និងលំនៅដ្ឋាននៅតាមមូលដ្ឋាន រៀងៗខ្លួនផងដែរ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំព្រឹត្តិការណ៍អបអរសាទរ បុណ្យរុក្ខទិវាជារៀង រាល់ ឆ្នាំ ដូចបណ្តាខេត្តដទៃដែរ ដើម្បីលើកកម្ពស់ការយល់ដឹង ដល់ប្រជាពលរដ្ឋឲ្យរួមគ្នាការពារ ធនធានព្រៃឈើ តាមព្រះរាជបវេណីដ៏គំរូរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះករុណាព្រះមហាវីរៈក្សត្រ ព្រះបរមរតន កោដ្ឋ ដែលធ្លាប់បានធ្វើជារៀងរហូតមក៕