ក្រុមហ៊ុនចំនួន៥ ប្រឈមការដកហូតអាជ្ញាប័ណ្ណ បើសិនជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 20 July, 2019 ក+ ក-

ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ ក្រុមហ៊ុនចំនួន៥ ដែលបានធ្វើអាជីវកម្មពាក់ព័ន្ធព្រៃឈើនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ទំនងជាត្រូវដកហូតអាជ្ញាប័ណ្ណ និងបញ្ឈប់ឲ្យធ្វើអាជីវកម្មបន្តទៀត បើសិនរកឃើញថាមានការជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ ខណៈសមត្ថកិច្ចបន្តចុះឆែកឆេរក្រុមហ៊ុនទាំងនោះជាបន្ដបន្ទាប់ក្រោយពីរថយន្ដដឹកឈើខុសច្បាប់ជាច្រើនគ្រឿងត្រូវបានដុតបំផ្លាញជាបន្តបន្ទាប់ នៅក្នុងខេត្តមណ្ឌគិរី ខេត្តស្ទឹងត្រែង និងខេត្តផ្សេងទៀត។

ការព្រមានដកហូតអាជ្ញាប័ណ្ណនេះ បានធ្វើឡើងដោយលោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងសន្និសីទសារព័ត៌មានមួយស្តីពី «វិធានការទប់ស្កាត់បទល្មើសព្រៃឈើ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលមានតំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលព្រៃឈើ និងតំណាងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីបង្ហាញពីវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី ១៨ ខែ កក្កដា នេះ។

លោក អេង ហ៊ី បានថ្លែងថា តាមការស៊ើបអង្កេតករណីជាក់ស្ដែងនៅក្នុងក្រុមហ៊ុនទាំងនេះនឹងចាត់ ទុកជាការអង្កេតបឋម ហើយចាប់ផ្ដើមស៊ើបជំហានបន្តដើម្បីប្រមូលយកព័ត៌មានមកស្រាវជ្រាវរក វត្ថុតាងបន្ថែមមកបញ្ជាក់។ ដូច្នេះបុគ្គលណាដែលពាក់ព័ន្ធ សមត្ថកិច្ចនឹងឃាត់ខ្លួន ប៉ុន្ដែបើរកមិនឃើញពាក់ព័ន្ធនឹងមិនមានការឃាត់ខ្លួនទេ។

លោកបន្តថា ក្រុមហ៊ុនទាំង ៥ នោះរួមមាន ក្រុមហ៊ុន ម៉ាស្ទ័រខេសិន ក្រុមហ៊ុន យ៉ាន់ចាវ ក្រុមហ៊ុន ថាច់វូដ ក្រុមហ៊ុនវិជ្ជរី និងក្រុមហ៊ុន ណេងណា ខណៈក្រុមហ៊ុន លឹម រ៉ូយ៉ាល់ មិនមានពាក់ព័ន្ធនឹងករណីបទល្មើសព្រៃឈើទេ។
លោកបញ្ជាក់ថា៖ «បើក្រុមហ៊ុននោះធ្វើល្មើសច្បាប់ យើងនឹងដកអាជ្ញាប័ណ្ណ តែរង់ចាំការស៊ើបអង្កេតសិនបើយើងទៅបិទរបស់គេ មិនទាន់ចប់ការស៊ើបអង្កេតនោះ គឺមិនផ្តល់ភាពយុត្តិធម៌ទេ»។

លោក អេង ហ៊ី បន្ថែមថា ខណៈនេះសមត្ថកិច្ចកំពុងតាមស្វែងរកជនសង្ស័យពាក់ព័ន្ធចំនួន ៩ នាក់ទៀត បន្ទាប់ពីសមត្ថកិច្ចបានរឹបអូសឈើប្រណីតខុសច្បាប់ចំនួន ១ ៧០០ ម៉ែត្រគុប នៅខេត្តមណ្ឌលគិរី។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់រថយន្តល្មើស ៤៣ គ្រឿង ដែលពាក់ព័ន្ធនឹងការដឹកឈើ។ ដោយឡែកមានចំនួន ២៩ គ្រឿងទៀត ត្រូវបានបំផ្លាញចោល៕