របរដាំឬស្សីផ្អែម មួយឆ្នាំរកបានជិត១ម៉ឺនដុល្លារ
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 14 June, 2020 ក+ ក-

ខេត្តបាត់ដំបង ៖ របរដាំឬស្សីផ្អែម​​ ដើម្បីយក​ទំពាំងលក់លើ​ទីផ្សារ ក្នុងមួយឆ្នាំក៏អាច​ប្រមូល​បាន​​​​​ជិត​១ម៉ឺន​ដុល្លារ​​ដែរ ។ នេះបើតាម​លោក លី វិន​ កសិករ​នៅភូមិ​តាគ្រក់​ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល​ខេត្ត​បាត់ដំបង ជំរា​ប​ជូន​លោក​វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ ក្នុងពេល​លោក​ចុះ​ទស្សន​កិច្ច​តាមបណ្ដាខេត្ត​។

លោកលី វិន​បានអោយដឹងថា លោក​បានដាំឫស្សីនេះនៅឆ្នាំ២០១៥ ហើយ​បច្ចុប្បន្ន​ផ្ទៃ​ដី​កើន​ឡើង​ចំនួន ៣​ហ.ត នឹងគ្រោងពង្រីកបន្ថែមនាពេលអនាគត ។ អាជីវកម្ម​ដែល​កំពុង​ធ្វើ​ការ​ដាំដុះ​ដំ​ណាំ​ឫស្សីនេះគឺ​៖ បណ្តុះ​​កូន​ឫស្សីនិងជីកទំពាំងលក់ និងលក់ដើមប្ញស្សី ។ តាម​ការ​បញ្ជាក់ របស់ លោក លី រិន បានឲ្យដឹងថា ចំពោះ​កូន​ឫស្សី ១ដើម/៣០០០រៀល ទំពាំង ១kg/​២៥០០រៀល ឫស្សី ១ដើម/៣០០០រៀល) ហើយរៀងរាល់ ៥​ថ្ងៃ​ប្រមូល​ទំពាំងម្តង ជា​មធ្យមក្នុងមួយលើកប្រមូលទំពាំងបាន ១ ៤០០kg/ហ.ត។ សរុបកាលពីឆ្នាំ២០១៩ គាត់​ប្រមូល​ចំណូលបានជាង ៩.០០០ដុល្លារ ។

លោក​វេង សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បាន​អំពាវ​នា​វឱ្យ​​ប្រជា​ស​ហ​គមន៍​​​ព្រៃ​​​ឈើ​​ដាំ​​ឫស្សី​ផ្អែម​នេះ​ពី​ព្រោះ​ជា​ដំណាំងាយដាំដុះ ឆាប់ឱ្យផល មានអាយុវែង បាន​​​ផល​​ទាំងដើម ទំពាំង និង​កូន​ទៀត​ផង បើ​ដាំ​បាន​ផល​ឫស្សី​នេះ ​នឹង​ជួយ​​បង្កើន​​កម្រិត​​ជីវ​​ភាព​​របស់​ប្រជា​សហគមន៍​ព្រៃ​ឈើបា​​ន​ល្អ​ប្រសើរ ​ដោយ​​មិន​​ចាំ​​បាច់​​ទៅ​​ពឹង​​ផ្អែ​ក​​លើ​​ផល និង​​​អនុ​​ផល​​ព្រៃ​​ឈើ​​ទាំង​​ស្រុង​​នោះ​​ទេ ​។