ច្រកព្រំដែនទាំងអស់នៃខេត្តបន្ទាយមានជ័យត្រូវបានបិទ តែបទល្មើសអត់បិទទេ
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 15 June, 2020 ក+ ក-

បន្ទាយមានជ័យ ៖ ទោះបីជាច្រកទ្វារនិងច្រករបៀងទាំងអស់ត្រូវបានប្រមុខរាជរដ្ឋាភិបាលនៃទ្វេរភាគីមាន កម្ពុជា-ថៃ ប្រកាសបិទទាំងស្រុងទៅហើយក្តី តែគ្រប់បទល្មើសឆ្លងដែនហាក់មានសន្ទុះខ្លាំងក្លាជាងកាលដែលនៅបើក។អ្នករកស៊ីបទល្មើស រត់ពន្ធនិយាយថា ច្រកបិទចឹងស្រួលរកស៊ីនិងចំនេញជាងមុន ព្រោះបទល្មើសខ្លះអាចរកស៊ីផ្តាច់មុខ អោយតែត្រូវជាមួយសមត្ថកិច្ចមាត់ច្រកនិងសមត្ថកិច្ចលើដងផ្លូវ ទោះជាចាប់អោយល្អមើលម្តងម្កាលក៏មិនអីដែរ។

ជាក់ស្តែងនៅវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២០លើផ្លូវកំណាត់ជាតិលេខ៥ ត្រង់ចំណុចចម្ងាយ១០០ម៉ែត្រ ខាងកើតស្ពានទឹកថ្លា ស្ថិតក្នុងភូមិសាស្ត្រ ភូមិបាណយ សង្កាត់ទឹកថ្លា ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំលាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងមន្ត្រីពេទ្យសត្វបានស្ទាក់ឃាត់រថយន្តទំនើបមួយគ្រឿងដែលដឹកគ្រឿងក្នុងជ្រូក សង្ស័យខូចគុណភាព។

រថយន្តដែលស្ទាក់ឃាត់បានមានម៉ាកតូយូតា Srenna ពណ៌ផ្ទៃមេឃ ផលិតឆ្នាំ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ 2AB.7392 បើកបរដោយឈ្មោះ សាយ ជៀន ភេទប្រុសអាយុ ៥២ឆ្នាំ រស់នៅក្រុងភ្នំពេញ ។ក្រោយឃាត់សមត្ថកិច្ចបានរកឃើញ គ្រឿងក្នុងជ្រូកចម្រុះ ចំនួន០៩កេះមានទម្ងន់ស្មើ៥៤០គីឡូក្រាម ។

អ្នកបើកបរនិយាយថាខ្លួនបានទទួលស៊ីឈ្នួលដឹកពីប៉ោយប៉ែតទៅភ្នំពេញក្នុងមួយកេះ៣ម៉ឺនរៀល។ អ្នកឃើញហេតុការណ៍នៃការចាប់និងដុតចោលបានសម្តែងការភ័យខ្លាចនិងរិះគន់ទៅលើសមត្ថកិច្ចពាក់ពន្ធ័ថា គ្រឿងក្នុងជ្រូកទាំងនេះវាមិនអាចហោះឆ្លងព្រំដែននោះទេ ទាល់តែមានការឃុបឃិតជាប្រពន្ធ័ទើបវាអាចចូលមកបាន ។ហើយចំពោះអ្នកដែលមិនបានលាភសក្ការៈពីបទល្មើសឆ្លងដែនប្រឹងស្ទាក់ចាប់ដើម្បីបង្កើនស្នាដៃ ហើយបើបានសើមមាត់សើម ក នឹងគេដែរនោះគឺពិតជាប្រឹងបិទភ្នែកមើលមិនឃើញនោះទេ។

សូមបញ្ជាក់ផងដែរថា ក្រោយច្រកប្រកាសបិទដើម្បីទប់ស្កាត់កូវិដ១៩ បទល្មើសឆ្លងចូលជាច្រើនបានហូរចូលដូចទឹកបាក់ទំនប់ក្នុងនោះ គោក្របី ជ្រូក មាន់ទា ទំនិញផ្សេងៗ រួមទាំងរថយន្តចង្កូតស្តាំ សុទ្ធតែបាននាំចូលតាមច្រករបៀង នៃស្រុក ម៉ាឡៃ ប៉ោយប៉ែត អូរជ្រៅ ស្វាយចេក ហើយមានច្រកខ្លះក៏មានការនាំចេញ-នាំចូលមនុស្សផងដែរ៕ 5_6285284509952770276