រដ្ឋមន្ត្រីពាណិជ្ជកម្ម​ស្នើ​ក្រុម​ហ៊ុន​បញ្ជា​ទិញ​ពីរ នៅ​បរទេស​បន្ត​ទិញ​ផលិត​ផល​ពី​កម្ពុជា
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 18 June, 2020 ក+ ក-

ភ្នំពេញ ៖ ក្នុងពេល​កម្ពុជា​ កំពុង​ប្រឈម​នឹ​ងការបាត់បង់​អ្នកបញ្ជាទិញ​នៅឯក្រៅប្រទេស ដោយ​សារតែ​ការរាតត្បាត​ដោយសារ​ជំងឺកូវីដ១៩ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ លោក​​ប៉ាន សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មកម្ពុជា បាន​ស្នើ​អោយ​ក្រុមហ៊ុន​បញ្ជាទិញធំៗនៅបរទេស​ចំនួន​ពីរ គឺ​ H&M (អេច អ៊ែន អឹម )​និងក្រុមហ៊ុន​Adidas បន្តទិញ​ទំនិញ​ជាពិសេស​ផលិតផល​កាត់ដេរពីកម្ពុជា ដើម្បី​អោយ​ខ្សែច្រវ៉ាក់​ផលិតកកម្ម​កាត់នៅកម្ពុជា​នៅតែ​បន្ត​ដំណើរ​ការ​និង​ផ្ដល់​ការងារ​ដល់ពលរដ្ឋក្នុងស្រុកផងដែរ ។

ការ​ស្នើ​នេះ ធ្វើឡើង​ក្នុងពេលរដ្ឋមន្ត្រី​ក្រពាណិជ្ជកម្ម​កម្ពុជា បានទទួល​ជួប​ជាមួយ​ តំណាង​ក្រុមហ៊ុន H&M និងក្រុមហ៊ុន Adidas កាលពីពេលថ្មីៗនេះ នៅទីស្ដីការ​ក្រសួងពាណិជ្ជកម្ម ។

លោកប៉ាន សូរស័ក្តិ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ បានជម្រាបជូនតំណាងក្រុមហ៊ុនទាំងពីរ អំ​ពី​គោល​នយោ​បាយ​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកពិពិធកម្មទីផ្សារ តាម​រយៈ​កា​រ​ចរ​ចាកិ​ច្ច​ព្រម​ព្រៀង​ពាណិ​ជ្ជក​ម្ម​សេរី​ទ្វេភាគី ដោយនាពេលបច្ចុប្បន្ន ក្រសួង​ពាណិជ្ជ​កម្ម​កំពុង​តែ​ធ្វើការចរចា និង​សិក្សា​លទ្ធ​ភាព​ក្នុង​ការ​បង្កើ​ត​កិច្ច​ព្រមព្រៀងជាមួយប្រទេសមួយចំនួន ។

លោក ក៏បានស្នើសុំឲ្យក្រុមហ៊ុនបន្តធ្វើការបញ្ជាទិញពីកម្ពុជា និងចូល​រួមជា​មួ​​យ​រា​ជ​រដ្ឋា​​ភិ​បា​ល​​ក្នុ​​ង​​ការគាំទ្រ​វិ​ស័យកាត់ដេរនៅកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ បានផុតទៅវិញ ។

កាលពីពេលកន្លងទៅថ្មីៗនេះដែរ សមាគម​រោងចក្រកាត់ដេរ​សម្លៀកបំពាក់​និង​ស្បែក​ជើង​កម្ពុជា ក៏​បាន​ដាក់​លិខិ​ត​ស្នើទៅសហភាពអឺរ៉ុប​ ដើម្បី​ពន្យារពេលដកផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ក្រោមកម្មវិធី​EBA ពី​កម្ពុជា ដោយសារតែពេលនេះ កម្ពុជា​កំពុង​ជាប់ដៃ ប្រយុទ្ធ​ប្រ​ឆាំង​​នឹងជំងឺកូវីដ​១៩ ។​

សមាគម​រោងចក្រកាត់ដេរ​កម្ពុជា បានបញ្ជាក់ថា កម្ពុជា​អាច​នឹ​ងបាត់បង់អ្នកបញ្ជាទិញ​ថែម​ទៀត​នៅក្នុង​ត្រី មាស​ទី២​នៃឆ្នាំ ២០២០នេះ ដោយសារតែ ហាងធំៗ​នៅបណ្ដាប្រទេសអឺរ៉ុប និ​ង​នៅអាមេរិក មានវិបត្តិ​ហិរញ្ញវត្ថុ​ ជាពិសេស​នោះ តម្រូវការ​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​ក៏​បាន​ធ្លាក់​ចុះ​ដោយ​សារ​តែ​ការ​រាល​ដាលនៃ​ជំ​ងឺ​កូវី​ដ​​១៩ ៕