រដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិនិត្យ និងផ្ទល់យោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 2 July, 2020 ក+ ក-

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២ ខែ កក្កដាឆ្នាំ២០២០នេះ នៅសាលាខេត្តព្រះសីហនុ មានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងរួមយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ ក្រោមអធិបតីភាព លោក ម៉ាង ស៊ីណេត អភិបាលរង នៃគណ:អភិបាលខេត្តព្រះសីហនុ និង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សា ខេត្ត នាយក រដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំង៣ អភិបាលក្រុង ស្រុក ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ ស្ថាប័នតុលាការ និង មេធាវីតំណាងឱ្យក្រុមអ្នកច្បាប់។

សេចក្ដីព្រាងច្បាប់នេះ ត្រូវបានសិក្សា ស្រាវជ្រាវ និងចងក្រង ដោយគណៈកម្មការតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ មាន ៨ជំពូក និង ៤៣មាត្រា មានគោលបំណងធានាការគ្រប់គ្រងសណ្ដាប់សាធារណៈ ឱ្យមានរបៀបរៀបរយសោភ័ណភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម រក្សាប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ ដើម្បីប្រមូលធាតុចូល និងតម្រូវការជាក់ស្ដែងពីអាជ្ញាធរនៅមូលដ្ឋានថ្នាក់ក្រោមជាតិ គណៈកម្មការតាក់តែងសេចក្ដីព្រាងច្បាប់នេះ បានស្នើសុំរដ្ឋបាលខេត្ត ពិនិត្យ ពិភាក្សា និងរួមយោបល់លើសេចក្ដីព្រាងច្បាប់នេះ ដើម្បីកែសម្រួលចុងក្រោយដាក់ជូនរាជរដ្ឋាភិបាល។ ក្នុងកិច្ចប្រជុំ ដោយមានការសំណូមពរ និងជម្រុញឱ្យមានការពិភាក្សា និងផ្ដល់យោបល់ ពីលោក ម៉ាង ស៊ីណេតប្រធានអង្គប្រជុំ អង្គប្រជុំបានពិភាក្សា ផ្ដល់យោបល់ និងចែករំលែកយ៉ាងផុលផុសដើម្បីបានជាធាតុចូលដាក់ជូនគណៈកម្មការតាក់តែងសេចក្ដីព្រាងច្បាប់ពិនិត្យ និងសម្រេច។ បន្ថែមពីនោះ បន្ទាប់ពីការពិនិត្យ និង ចូលរួមយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈរួចមក លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរក្រុង ស្រុក និងមន្ទីរអង្គភាព សូមបន្តអប់រំផ្សព្វផ្សាយអំពីវិធានការការពារជម្ងឺឆ្ងងកូវីដ១៩ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល សូមកុំមានធ្វេសប្រហែសឱ្យសោះ ៕ ដោយ ៖ មនោរាហ៍