«អាងទឹកតេជោបុស្បូវ» នៅខេត្តព្រះវិហារ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 4 July, 2020 ក+ ក-

ព្រះវិហារ ៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ បានអំពាវនាវឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បន្តគាំទ្រនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល រួមគ្នាថែរក្សាសុខសន្តិភាព ដែលដណ្តើមបានដោយពិបាកតាមរយៈនយោបាយឈ្នះ ឈ្នះ ឱ្យនៅស្ថិតស្ថេរគង់វង្យ ដើម្បីឱ្យប្រទេសជាតិ កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនតទៅទៀត។

ការអំពាវនាវបែបនេះ របស់ទេសរដ្ឋមន្ត្រី មាស សុភា បានធ្វើឡើងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាងទឹកតេជោបុស្បូវ» ស្ថិតនៅភូមិតេជោបុស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា ដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាព ទើបមានឱកាសបានជួបជុំគ្នា មានឱកាសក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ។ លោកថាជាក់ស្តែងភូមិតេជោបុស្បូវ ដែលស្ថិតលើខ្នងភ្នំដងរែកនេះ កាលមុនព្រឹត្តិការណ៍ប៉ះទង្គិចគ្នាជាមួយថៃ គឺមិនសូវមានប្រជាពលរដ្ឋរស់នៅនោះទេ ប៉ុន្តែ ក្រោយព្រឹត្តិការណ៍ គឺប្រជាពលរដ្ឋមករស់នៅច្រើន ដែលភាគច្រើនជាគ្រួសារកងទ័ព គ្រួសារកងនគរបាលជាតិ និងប្រជាពលរដ្ឋមកពីខេត្តផ្សេងៗ។

ដោយអនុវត្តន៍តាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ ក៏ដូចជាអ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ បានសហការគ្នាក្នុងការអភិវឌ្ឍន៍តំបន់ព្រំដែនឱ្យមានការរីកចម្រើនតាមការចង់បានរបស់ប្រជាពលរដ្ឋ៕ ដោយ ៖ កូវ ប៊ុនហេង