ពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ទទួល​បាន​ស្ពាន​បេតុង​មួយ​ខ្សែ​​ប្រវែង​៩០ម៉ែត្រ (មានVideo)
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 5 July, 2020 ក+ ក-

ដោយ ៖  ប៉ែន សុផល

កំពង់ចាម​ ÷ ស្ពាន​បេតុង​មួយ​ខ្សែ​ប្រវែង​៩០ម៉ែត្រ​ និង​ទទឹង​៨ម៉ែត្រ​ ដែល​ជា​ចំណង​ដៃ​ដ៏ថ្លៃថ្លា របស់​សម្ដេចតេជោ ហ៊ុន សែន​​ នាយករដ្ឋមន្ត្រី​កម្ពុជា​ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដោយតភ្ជាប់ពីភូមិទួលរកា ឆ្ពោះទៅភូមិដីលើ នៃឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ត្រូវ​បាន​សាងសង់​ឡើង​ ដើម្បី​សម្រួល​ដល់​ការ​ធ្វេី​ដំណេីរ​ រវាង​បងប្អូន​ប្រជាពលរដ្ឋ​ នៃស្រុកព្រែកប្រសប់ ខេត្តក្រចេះ ផងដែរ ។

លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ មន្ទីរអង្គភាព​ពាក់ព័ន្ធ​ និង​អជ្ញាធរ​មូលដ្ឋាន​ នាព្រឹក​ថ្ងៃ​ទី​៤​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ ក្នុង​ដំណើរ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​សាងសង់​ស្ពាន​បេតុងមួយខ្សែរ​ខាងលេី​នេះ​ លោក​បាន​ជំរុញ​ដល់​ ក្រុម​ការងារ​បច្ចេកទេស​ និង​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​សហការ​ជាមួយ​​អជ្ញាធរ​មូលដ្ឋាន​ ដេីម្បី​សម្រួល​ដល់​ការ​ងារសាងសង់​ ធ្វើ​យ៉ាងណា​កុំ​ឲ្យមាន​ការ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ។

ជាមួយ​គ្នា​នោះ​ លោក ​អភិបាលខេត្ត​ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​មាន​ការ​យោគយល់​ និង​អត់ធ្មត់​មួយ​រយៈពេល​ ព្រោះ​ថា​បន្ទាប់​ពី​នោះ​យេីង​នឹង​ទទួល​បាន​ស្ពាន​ថ្មី​ដ៏រឹងមាំ​ ដែល​អាច​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ធ្វេី​ដំណើរ​ជា​មិន​ខាន​។

បេី​តាម​លោក ប៊ុត​ វុទ្ធី​ ប្រធាន​ក្រុម​បច្ចេកទេសគ្រប់គ្រងគម្រោងសាងសង់ បានឲ្យដឹងថា ស្ពានបេតុង១កន្លែងនេះ មាន​ប្រវែង​៩០​ និង​ទទឹង​៨ម៉ែត្រ ប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល អនុវត្តដោយកងវិស្វកម្មក្រ)សួងការពារជាតិ ក្រុម​១៨០ ។ ដោយ​គម្រោងបានចាប់ផ្ដើម ដំណើរការ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។

ដោយបច្ចុប្បន្ន ក្រុមបច្ចេកទេស កំពុងឃួងគ្រឹះ ដើម្បីពន្លឿនការងារ នៅខាងក្រោមដី ក៏ព្រោះតែ ទឹកជំនន់កំពុងហក់ឡើងជាបណ្ដើរៗមកហើយ។ លោក​បាន​បញ្ជាក់​ទៀត​ថា​ បេី​គ្មាន​ការ​រំខាន​ដល់​ការ​ឃួង​គ្រឹះ​ដោយ​សារ​ទឹក​ឡើង​នោះទេ​ សម្រាប់​គម្រោង​នេះ គឺអាចសាងសង់ឲ្យរួចរាល់ជាស្ថាពរ ​ក្នុង​រយៈពេល​តែ​៤ទៅ ៥ខែ តែប៉ុណ្ណោះ ​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ស្ពាន​បេតុង​មួយ​ខ្សែ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ បន្ទាប់​ពី​ស្ពាន​ដែក​បាឡេ​ ដែលបានកសាងឡើង ក្នុង​កំឡុង​​ឆ្នាំ១៩៩៣ មានសភាពចាស់ទ្រុឌទ្រោម ហេីយបានទទួលរងការ​ប៉ះពាល់​ ដោយទឹកជំនន់ទន្លេមេគង្គ បណ្តាលឲ្យ​រលំសរសរ ១ដើម នៅត្រង់ចំណុចកណ្ដាលស្ពាន កាលពីថ្ងៃទី០៦ កញ្ញា ឆ្នាំ២០១៩ កន្លងទៅ​ ហើយ​ត្រូវ​បាន​ជួសជុល​ឡេីង​វិញ​ ដេីម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​បណ្តោះអាសន្ន​ រហូតមក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ៕