ហៅ PassApp ជិះទៅកន្លែងស្ងាត់ប្លន់យកទូរស័ព្ទ២គ្រឿងនៅសង្កាត់ស្ទឹងមានជ័យ៣
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 10 July, 2020 ក+ ក-

ភ្នំពេញ ៖ បុរសម្នាក់ដែលមានវ័យ២៧ឆ្នាំជាអ្នករត់ PassApp ត្រូវបានក្រុមចោរធ្វើជាជិះ PassApp ឲ្យដឹកទៅកន្លែងស្ងាត់ដើម្បីសំឡុតយកទូស័ព្ទ និងសំភារៈមានតម្លៃអស់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២រំលងអាធ្រាតថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ សូមបញ្ជាក់ថា ទីតាំងលើនេះតែងតែមានជនរងគ្រោះដោយសារល្បិចចោរទាំងនេះណាស់ សមត្ថកិច្ចមិនទាន់មានចំណាត់ការអ្វីទេ។

ជនរងគ្រោះឈ្មោះ អ៊ុន សេរី អាយុ២៧ឆ្នាំ ភេទប្រុស មុខរបរអ្នកបើកបរ PassApp ដែលមានស្លាកលេខភ្នំពេញ1-GX-6165 បច្ចុប្បន្នស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២។ ជនរងគ្រោះឈ្មោះ អ៊ុន សេរី បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានជួបបុរសម្នាក់ដែលហៅ PassApp គាត់ជិះចេញពីម្តុំវត្តសន្សំកុសលផ្លូវ២៧១ ដឹកទៅម្តុំផ្ទះជួល៦ជាន់ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ លុះពេលមកដល់កន្លែងកើតហេតុជនសង្ស័យបានឈប់ចុះ ក៏ស្រាប់តែលេចមុខជនសង្ស័យថែម៥ទៅ៦នាក់ទៀតក្នុងដៃប្រដាប់ទៅដោយដំបង បានសំឡុតវៃយកទូរស័ព្ទបានចំនួន២គ្រឿងបានសម្រេចដោយសុវត្ថិភាព។ ធ្វើឲ្យជនរងគ្រោះឈ្មោះ អ៊ុន សេរី មានការភិតភ័យមិនហ៊ានតបតអ្វីទាំងអស់បានត្រឹមតែលើដៃសំពះសុំអង្វរពួកក្រុមជនសង្ស័យទាំងនោះតែប៉ុនណ្ណោះ។ រួចជនសង្ស័យទាំងនោះបាននាំគ្នាគេចចូលទៅផ្ទះបាត់ស្រមោល។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ភ្លាមៗដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕