សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកញៀនល្បែងភ្នាល់ចំនួន៩នាក់នៅស្រុកកងមាស
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 11 July, 2020 ក+ ក-

កំពង់ចាម ÷ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១២ និង០០នាទី បន្ទាប់ពីទទួលបានពត៌មានរាយការណ៍ពីប្រជាពលរដ្ឋភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កំលាំងរបស់អធិការដ្ឋាននគរបាលស្រុកកងមាស ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដោយក្នុងកិច្ចប្រតិបត្តិការនោះ ក៏មានការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ ជល់មាន់ភ្នាល់ដាក់ប្រាក់ នៅចំណុចភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។

ជាលទ្ធផលយើងធ្វេីការបង្រ្កាប ក្រុមអ្នកលួចលេងល្បែងសុីសងខុសច្បាប់ ចំនួន០៩នាក់
និងដកហូតវត្ថុតាងបានមួយចំនួន និងត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕ ដោយ ៖ ប៉ែន សុផល