ខេត្តកំពង់ចាម ចាប់ផ្តើមបើកកសិដ្ឋានចិញ្ចឹមគោ និងរោងចក្រកែច្នៃ តម្លៃជាង ៣០លានដុល្លារ
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 23 July, 2020 ក+ ក-

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា CDC កាលពីសប្តាហ៍មុននេះ បានយល់ព្រមឲ្យក្រុមហ៊ុន Kang Hwa E & C(Cambodia) Co., Ltd វិនិយោគលើគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ (គោ មាន់ ទា) និងរោងចក្រកែច្នៃ ព្រមទាំងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ១ ដែលមានកម្លាំង ៤,៥មេហ្គាវ៉ាត់ សម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋាននោះទៀតផង។

យោងតាមរដ្ឋបាលខេត្តកំពង់ចាមក្នុងខេត្តកំពង់ចាម មានកសិដ្ឋានចិញ្ចឹមគោ ១កន្លែង កសិដ្ឋានចិញ្ចឹមជ្រូក ១៥កន្លែង កសិដ្ឋានចិញ្ចឹមមាន់ ១៧កន្លែង និងកសិដ្ឋានចិញ្ចឹមទាយកស៊ុត ១៥កន្លែង ក្រោមទុនវិនិយោគប្រមាណ ៣១,៧ លានដុល្លារអាមេរិក។

រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯ.ឧ. វេង សាខុន បានបញ្ជាក់ថា កំណើនការចិញ្ចឹមសត្វ នាពេលនេះ ក៏ជាការឆ្លើយតបនឹងគោលនយោបាយលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា«ការចិញ្ចឹមសត្វនៅកម្ពុជាកំពុងវិវឌ្ឍទៅរកចិញ្ចឹមលក្ខណៈឧស្សាហកម្ម ពិសេសការចិញ្ចឹមគោ និងជ្រូក ដែលចំនួននៃការវិនិយោគលើការចិញ្ចឹមសត្វ បច្ចុប្បន្ននេះ មានកំណើនដ៏ខ្ពស់បើធៀបនឹងឆ្នាំមុន»។
គួរជម្រាបថា ការអនុម័តរបស់ CDC ឲ្យក្រុមហ៊ុន Kang Hwa E & C (Cambodia) Co.,Ltd វិនិយោគលើការបង្កើតកសិដ្ឋានចិញ្ចឹមសត្វ ១ កន្លែងក្នុងខេត្តកំពង់ចាម បានធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញ និងលើកទឹកចិត្តឲ្យវិស័យឯកជនបង្កើនការវិនិយោគលើផលិតផលស្បៀងអាហារឲ្យបានកាន់តែច្រើន ទោះបីជាស្ថិតក្នុងស្ថានភាពកូវីដ-១៩ ក៏ដោយ៕