អ្នកជំងឺគ្រុនឈីក ជាង១រយនាក់នៅក្រុងប៉ោយប៉ែត បានជាសះស្បើយវិញហើយ
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 23 July, 2020 ក+ ក-

ភ្នំពេញ ៖ រដ្ឋបាលក្រសួងសុខាភិបាល បានអះអាងថា ចាប់តាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋប្រមាណ ១៦៨នាក់ (ស្រី ៩៥នាក់) នៅភូមិក្បាលកោះ ភូមិអូរជ្រៅ ភូមិប៉ោយប៉ែត ភូមិព្រៃគប់ ភូមិអូរនាង និងភូមិអូរឫស្សី នៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានកើតមានជំងឺ«ឈីកគន់ហ្គន់យ៉ា (Chikunngunya) » ដែលអ្នកជំងឺមានចេញរោគសញ្ញាដូចជា គ្រុនក្តៅដល់ ៣៨អង្សាសេ កន្ទូលក្រហមលើស្បែក និងឈឺសន្លាក់ដៃជើង ប៉ុន្តែគិតមកដល់ថ្ងៃទី២២ ខែកក្កដា នេះ អ្នកជំងឺទាំងនោះ ទទួលបានការព្យាបាលឲ្យជាសះស្បើយបណ្តើរៗហើយ។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់ថា ជាទូទៅ ជំងឺគ្រុនឈឺក មិនបណ្ដាលឱ្យអ្នកជំងឺស្លាប់បាត់បង់ជីវិតទេ ស្ទើរតែគ្រប់អ្នកជំងឺទាំងអស់បាន ជាសះស្បើយឡើងវិញក្នុងរយៈពេលក្នុងមួយសប្តាហ៍ ឬអាចមានរយៈពេលយូរដល់រាប់អាទិត្យក្នុងករណីខ្លះៗដែរ ជាពិសេសជំងឺនេះ អាចធ្វើឱ្យអ្នកជំងឺមានអាការៈឈឺសន្លាក់ដៃជើង ក្នុងរយៈពេលយូរ (ដល់ឆ្នាំ) ក៏មានដែរ ប៉ុន្តែជំងឺនេះ អាចបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតបាននៅក្នុងករណីដែលអ្នកជំងឺកើតមានជំងឺនេះ មានរួមផ្សំគ្នាជាមួយជំងឺផ្សេងៗ ដូចជា ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺរលាកស្រោមខួរ ជាដើម ព្រោះជំងឺរួមផ្សំទាំងនេះ អាចជំរុញឱ្យ អ្នកជំងឺស្លាប់បាន។

ទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាល ក៏បានអំពាវនាវឲ្យមានការប្រុងប្រុងប្រយ័ត្នផងដែរ ដោយលើកឡើងថា ក្រៅអំពីការទប់ការស្កាត់នូវការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ការលេចឡើងនៅជំងឺគ្រុនឈីក សាជាថ្មីឡើងវិញនៅខេត្តបន្ទាយមានជ័យនេះ អាចជាបញ្ហាសុខភាពសាធាណៈ មួយទៀត ដែលប្រឈមទៅនិងហានិភ័យអាចឱ្យមានការឆ្លងរាលដាលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីគ្រួសារមួយ ទៅគ្រួសារមួយ ពីភូមិមួយទៅភូមិមួយ ឃុំមួយទៅឃុំមួយទៀតជាដើម តាមរយៈមូសខ្លាញីខាំ ដែលចល័តពីកន្លែងមួយទៅកន្លែងមួយតាមមធ្យោបាយធ្វើដំណើរផ្សេងៗ និងតាមទីកន្លែងដែលមិនមានអនាម័យបរិដ្ឋានស្អាត និងទីកន្លែងដែលបង្កឱ្យមានជម្រកមូសខ្លាច្រើន ជាដើម។ ជំងឺនេះអាចកើតលើមនុស្សគ្រប់វ័យ ទាំងក្មេង និងចាស់។

សូមជម្រាបថា ជំងឺគ្រុនឈីក (CHIK) កើតឡើងដំបូងបំផុតនៅឆ្នាំ១៩៥៣ នៅទ្វីបអាហ្វ្រិក និងធ្លាប់បានរកឃើញដំបូង នៅកម្ពុជា ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅឆ្នាំ១៩៦១ និងនៅឆ្នាំ ២០១១ ក៏មានការបញ្ជាក់ពីការរកឃើញមានករណីជំងឺនេះដែរ៕