ថ្ងៃនេះ កម្ពុជា-កូរ៉េខាងត្បូងចាប់ផ្តើមចរចាពីពាណិជ្ជកម្មសេរីទ្វេភាគីជុំទី ១
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 30 July, 2020 ក+ ក-

ភ្នំពេញ ៖ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ថា ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងជុំទី១ នឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ទី៣០ ខែកក្កដា នេះ តាមរយៈវីដេអូខន់ ហ្វើរ៉ិន។

លោកបន្តថា ការចរចានេះ ជាការបោះជំហានថ្មីមួយទៀតរបស់កម្ពុជានៅក្នុងការធ្វើពិពិធកម្មផលិតផលនាំចេញរបស់ខ្លួន បន្ទាប់ពីការចរចាពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយប្រទេសចិន ទើបត្រូវបានបញ្ចប់កាលពីពេលថ្មីៗនេះ។

លោកបញ្ជាក់ថា «យើងចង់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើន ប៉ុន្តែលទ្ធភាពយើងត្រូវជ្រើសរើសប្រទេសណាដែលមានសក្តានុពលអាចផ្តល់ផលចំណេញដល់សេដ្ឋកិច្ចច្រើនឲ្យគ្នាទៅវិញទៅមក ដូច្នេះយើងបានចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េជាមុន»៕ សំអាង

ក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអះអាងថា ក្រុមការងារក្រសួងពាណិជ្ជកម្មនឹងព្យាយាមបញ្ចប់ការចរចាជាមួយកូរ៉េខាងត្បូងក្នុងក្របខ័ណ្ឌបច្ចេកទេសនៅចុងឆ្នាំនេះ ហើយអាចឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅដើមឆ្នាំក្រោយ៕