(Video) អាជ្ញាធរប្រាប់អាជីវករនៅផ្សារផ្អាវឲ្យរុះរើចូលត្រឹមគំនូសក្រហមដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 31 July, 2020 ក+ ក-

ដោយ ៖ ប៉ែន សុផល

កំពង់ចាម ÷ នៅថ្ងៃទី៣០ ដល់ទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្នុងការបំពេញបេសកកម្ម របស់ អាជ្ញាធរ ខេត្តកំពង់ចាម ដឹកនាំ ដោយ អភិបាលរង ខេត្តកំពង់ចាម លោក អ៊ុ ភឿន គុណ វុ ឌ្ឍ និងលោក សំ ពិសិដ្ឋ នាយករងរដ្ឋបាលខេត្ត និងលោក ផេ ន សុផល អភិបាលស្រុកបាធាយបានចុះរៀបចំសណ្ដាប់ធ្នាប់នៅទីប្រជុំជនផ្សារផ្អាវ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ដែលក្នុងដំណាក់កាលនេះ អាជ្ញាធរតម្រូវឲ្យក្រុមអាជីវករ រើ អីវ៉ាន់ ដាក់លក់ត្រឹមគំនូសក្រហមដែលអាជ្ញាធរបានកំណត់ថ្មីៗកន្លងទៅនេះ ។

នៅក្នុងប្រតិបត្តិការថ្ងៃដដែលនេះផងដែរ ពេលព្រឹកក្រុមអាជ្ញាធរមានសមត្ថកិច្ច បានប្រើគ្រឿងបំពងសំលេង ដើម្បីផ្សព្វផ្សាយឲ្យ ប្រជាពលរដ្ឋរៀបចំសណ្ដាប់ធ្នាប់ដោយរុះរើ នឹងប្រមូលសំភារៈលក់ដូរចូលត្រឹមគំនូសក្រហមដែលអាជ្ញាធរបានកំណត់។

លុះដល់ពេលរសៀលថ្ងៃដដែល ក្រុមអាជ្ញាធរមានសមត្ថកិច្ចនឹងចុះពិនិត្យម្ដងទៀត ហើយប្រសិនបើមានអាជីវករណាមិនអនុវត្តតាម សមត្ថកិច្ចនឹងធ្វើការរៀបចំដោយផ្ទាល់តែម្ដង ។

គួររំលឹកថា អភិបាលស្រុកបាធាយ លោក ផេ ន សុផល ធ្លាប់បានឲ្យដឹងថា នៅក្នុងផ្សារផ្អាវ មានជាង ២០០តូប ដោយឡែកនៅ ផ្នែកខាងក្រៅផ្សារជាប់នឹងដងផ្លូវលេខ ៦នឹងផ្លូវសម្ដេចតេជោ មានជាង ៥០គ្រែលក់មុខផ្សារ និងក្រោយ ១០ផ្ទះ និងកន្លែងលក់ត្រី មាន ១៥០កន្លែង ។

កន្លែងលក់ដែលបង្ករភាពអនាធិបតេយ្យ គឺមានជាង ១០០កន្លែង អមសងខាងផ្លូវសម្តេចតេជោ ខាងកើត និងខាងលិច។ ចំណែក ជាប់ផ្លូវលេខ ៦មានជាង ៨០កន្លែងដែលក្នុងនោះមានការធ្វើសំយ៉ាបខិតមកថ្នល់ដែលបង្ករឲ្យមានការបាត់សោភ័ណភាពនៅទីប្រជុំជន ផ្សារនេះផងដែរ ។

ករណីនេះ បន្ទាប់ពីមានការឯកភាពនៅក្នុងអង្គប្រជុំ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ ដា បានចាត់ឲ្យអភិបាលរង ខេត្ត លោក អ៊ុ ភឿន គុណវុឌ្ឍ ដឹកនាំ ក្រុមការងារចុះប្រតិបត្តិការ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវនេះឡើងវិញ ។

ទន្ទឹមនឹងនេះ ទាំងប្រជាពលរដ្ឋក៏ដូចជាអាជីវករជាច្រើនមានការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់អាជ្ញាធរខេត្តក្នុង ប្រតិបត្តិការរៀបចំសណ្ដាប់ធ្នាប់សាធារណៈទីប្រជុំជនផ្សារផ្អាវ នេះផងដែរ ។

ដោយពួកគាត់អះអាងថា នឹងអស់កង្វល់រឿងគ្រោះថ្នាក់ចរាចរណ៍ ឬការកកស្ទះចរាចរណ៍នៅក្នុងតំបន់ទីប្រជុំជនផ្សារផ្អាវ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរនិងចរាចរណ៍របស់រថយន្តសង្គ្រោះបន្ទាន់ក៏ដូចជា រថយន្តពន្លត់អគ្គីភ័យ ជាដើម ៕