តម្លៃមាសកើនឡើងខ្ពស់ អ្នកលក់ច្រើនជាងអ្នកទិញលើទីផ្សារកម្ពុជា
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 3 August, 2020 ក+ ក-

ភ្នំពេញ ៖ នៅក្នុងឆ្នាំ ២០២០នេះ ហាងឆេងមាសលើទីផ្សរអន្តរជាតិ ហាក់មានតម្លៃខ្ពស់ជាងឆ្នាំមុនៗ ក្នុងនោះ ទីផ្សារមាសនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងខ្ពស់ជាប្រវត្តិសាស្ត្រ ក្នុងរយៈពេលជិត១ទសវត្សរ៍កន្លងមកនេះ ។ តែអ្វីដែលជាការកត់សម្គាល់នោះ ទីផ្សារទិញលក់មាសនៅកម្ពុជាឃើញ ថាសំបូរអ្នកលក់ច្រើនជាងអ្នកទិញ ដែលអាចនិយាយបានថា ជាឱកាសសម្រាប់អ្នកខ្វះខាតលុយធ្វើមុខជំនួញ ឬដោះស្រាយជីវភាព ហើយក៏លក់មាសដែលជាទ្រព្យមួយផ្នែកសម្រាប់ដោះស្រាយផងដែរ ។

បើតាមលោកឌីណា អ្នកលក់មាសនៅផ្សារមួយរាជធានីភ្នំពេញ បាននិយាយថា តម្លៃមាសចាប់ផ្ដើមឡើងថ្លៃតាំងពីដើមឆ្នាំ ២០២០មកម្ល៉េះ ក៏ប៉ុន្តែវាបានហក់ឡើងបន្តទៀតនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដែលធ្វើអោយមាសបានឡើងថ្លៃជាប្រវត្តិ សាស្ត្រក្នុងរយៈពេលជិត១០ឆ្នាំមកនេះ ។

លោកបន្តថាកាលពីឆ្នាំ ២០១៩តម្លៃមាសបានហក់ឡើងអស់ត្រឹមតម្លៃ ប្រមាណ១៨០០ដុល្លារក្នុងមួយដំឡឹង តែពេលនេះតម្លៃមាសនៅលើទីផ្សារកម្ពុជាបានហក់ឡើងដល់២៣០០ដុល្លារអាមេរិកក្នុងមួយដំឡឹង សម្រាប់លក់ចេញជាប្រភេទមាសដុំ។ ការកត់សម្គាល់តម្លៃមាសបានឡើង ក្នុងពេលមានកូវីដ១៩តែម្ដង ហើយក្នុងពេលនេះដែរ គឺក្នុងពេលតម្លៃហក់ឡើងបែបន ធ្វើអោយអ្នកលក់ច្រើនជាងអ្នកទិញ ក្នុងនោះដែរអ្នកមកទិញមាសឃើញថានៅសល់ប្រមាណតែ២០ភាគរយប៉ុណ្ណោះ តែមិនមែនមានន័យថាអ្នកមកហាងមាសសុទ្ធតែអ្នកលក់ទេ ក៏ប៉ុន្តែគឺអ្នកមកលក់មាសមានច្រើនគួរអោយកតសម្គាល់ ។
ដោយឡែកម្ចាស់ហាងមាសមួយកន្លែងទៀតនៅម្ដុំផ្សារថ្មីក៏បាននិយាយស្រដៀងគ្នាថា តម្លៃមាសបានហក់ឡើងខ្លាំងគឺអាស្រ័យលើទីផ្សារអន្តរជាតិ បើសិនជាទីផ្សារអន្តរជាតិហក់ឡើងហាងឆេងមាសក្នុងស្រុកយើងក៏ហក់ឡើងដូចគ្នា ហើយកម្ពុជាក៏មិនអាចលក់ក្រោមទីផ្សារឬក៏ខ្ពស់ជាងទីផ្សារអន្តរជាតិហួសហេតុពេកដែរ ។ ដោយឡែកក្នុងពេលមាសឡើងថ្លៃបែបនេះ អ្នកមកលក់មាសមានជាហូរហែរ ហើយអ្នកទិញវិញគឺមានមួយៗប៉ុណ្ណោះក្នុងមួយខែ ។
ពលរដ្ឋម្នាក់ដែលជាអ្នកយកមាសមកលក់បាននិយាយថាកាលពីអ្នកស្រីទិញមាសកាលពីអំឡុងឆ្នាំ ២០១៩មានតម្លៃប្រមាណ១៦០០ដុល្លារទៅ១៧០០ដុល្លារក្នុងមួយដំឡឹង តែពេលនេះ អ្នកស្រីអាលក់វិញបានក្នុងតម្លៃជាង២០០០ដុល្លារពិតជា សប្បាយចិត្ត ក៏ប៉ុន្តែអ្នកស្រីមិនចង់លក់ទេ ព្រោះតែដោះស្រាយជីវភាពមុខរបរមិនកាក់កបក្នុងពេលមានជំងឺកូវីដ១៩នេះទើបអ្នកស្រីបង្ខំលក់មាសដែលទិញសម្រាប់ជាគ្រឿងអលង្ការទៅហាងមាសវិញ ។
បើតាមសារព័ត៌មានអន្តរជាតិ RT ចុះផ្សាយថាហាងឆេងមាសបានហក់ឡើងនៅពេលនេះ គឺមិនធ្លាប់មាននោះទេចាប់តាំងពីឆ្នាំ ២០១១មក ហើយការហក់ឡើងនេះ អាចមកពីប្រាក់ដុល្លារអាមេរិកធ្លាក់ចុះ ។តម្លៃមាសលើទីផ្សារអន្តរជាតិកាលពីប៉ុន្មាននេះ គឺក្នុងរង្វង់១៩០០ដុល្លារអាមេរិកក្នុងមួយមួយអោន ៕