ករណីផ្ទុះឃ្លាំងស្ដុកគីមីនៅលីបង់ អ្នកស្លាប់កើនដល់១៤៥នាក់ហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 August, 2020 ក+ ក-

បេរូត ៖ ទីភ្នាក់ងារសារព័ត៌មាន CNA ចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២០ថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ឃ្លាំងស្ដុកគីមីដ៏ប្រល័យ នៅឯកំពង់ផែមួយកន្លែងក្នុងរដ្ឋធានី បេរូត (Beirut) ប្រទេសលីបង់បានកើនឡើងដល់១៤៥នាក់ និងរបួសជាង៥០០០នាក់ ខណៈមនុស្សជាង ៣០០,០០០នាក់គ្មានផ្ទះសម្បែងស្នាក់នៅ។

ជុំវិញហេតុការណ៍ផ្ទុះសារធាតុគីមីអាម៉ូញ៉ូមនីត្រាត (ammonium nitrate) រហូតដល់ទៅ ២,៧៥០តោន ដែលត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមួយ នៃតំបន់កំពង់ផែរដ្ឋធានីបេរូត អស់រយៈពេល ០៦ឆ្នាំមក អាជ្ញាធរលីបង់បានឃាត់ខ្លួនមនុស្ស ១៦នាក់នៅក្នុងការស៊ើបអង្កេត ហើយនៅក្នុងចំណោមអ្នកទាំងនេះ ក៏មានអ្នកចាត់ការទូទៅកំពង់ផែម្នាក់ផងដែរ។

ទីភ្នាក់ងារព័ត៌មានលីបង់ NNA មិនបានបញ្ជាក់ឈ្មោះបុគ្គល ដែលត្រូវបានចាប់ខ្លួននោះទេ ប៉ុន្តែបានឱ្យដឹងថា អាជ្ញាធរកំពុងសួរចម្លើយមន្ត្រីគយ និងកំពង់ផែចំនួន១៦នាក់ និងមនុស្សជាច្រើននាក់ផ្សេងទៀត ដែលទទួលបន្ទុក ឬជាប់ពាក់ព័ន្ធនឹងការងារថែទាំ ឃ្លាំងស្តុកសារធាតុគីមីខាងលើ៕