ហឹង្សាក្នុងសង្គ្រាមទាំងឡាយ ឥឡូវគេយកមកប្រើប្រាស់ធ្វើជាកីឡាស្ទើរទាំងអស់ហើយ
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 7 August, 2020 ក+ ក-

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអះអាងថា បច្ចុប្បន្ននេះគេបានព្យាយាមកែប្រែអំពើហឹង្សាក្នុងសង្គ្រាម ទាំងឡាយឲ្យក្លាយជាសកម្មភាពកីឡាវិញស្ទើរទាំងអស់ហើយ ។

លោក ម៉ក់ សំអុល ប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជា និង ជាទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអះអាងថា សព្វថ្ងៃនេះពិភពលោកកំពុងតែខិតខំផ្សះផ្សារ បង្រួបបង្រួមកុំឲ្យមានសង្គ្រាម បំបាត់អំពើហឹង្សានានា ដូច្នេះវិជ្ជាគុនក្នុងជួរទាហាន ឬ ប៉ូលីសបច្ចុប្បន្នត្រូវគេបានយកមកប្រើប្រាស់ជាការប្រកួតកីឡាវិញស្ទើរទាំងអស់ហើយ ។

ឧត្តមសេនីយ៍ឯក ម៉ក់ សំអុល បានថ្លែងបែបនេះ គឺក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរកម្រិតបឋមលើកទី១ នៅពហុកីឡដ្ឋាន ។ លោកថា វិជ្ជាគុននិងគ្រឿងសព្វាវុធបុរាណទាំងឡាយត្រូវបានបុព្វបុរសនៃជាតិសាសន៍នីមួយៗបង្កើតឡើងដើម្បីធ្វើសឹកសង្គ្រាមការពារទឹកដីរៀងៗខ្លួន ប៉ុន្តែបច្ចុប្បន្នអ្វីៗទាំងអស់នោះត្រូវបានគេយកមកប្រើប្រាស់ក្នុងវិស័យកីឡាអស់ហើយ ដូច្នេះមានតែការខិតខំហ្វឹកហាត់ដើម្បីបង្កើនសក្ដានុពលដណ្ដើមមេដាយមកជូនជាតិតែប៉ុណ្ណោះ ។ ទីប្រឹក្សាជាន់ខ្ពស់រូបនេះ បញ្ជាក់ថា ពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមជា គ្រូបង្វឹក ត្រូវចេះពិនិត្យមើលលើលក្ខណៈសម្បត្តិកីឡាករ-ការិនី ដែលត្រូវប្រកួតជាមួយបរទេសឲ្យត្រូវតាមស្តង់ដា គឺមើលលើមាឌ ,កម្ពស់ និង ភាពរហ័សរហួនជាដើម ។ ម្យ៉ាងទៀត គ្រូ បង្វឹកត្រូវតែបញ្ជូនព័ត៌មានជាប្រចាំជូនដល់ថ្នាក់ដឹកនាំដើម្បីងាយស្រួលរៀបចំការងារឲ្យសម្រេចបានជោគជ័យតាមផែនការ ។

សូមបញ្ជាក់ថា ក្នុង១ឆ្នាំៗ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ទទួលបានថវិកាពីក្រសួងអបរំ យុវជន និង កីឡា ចំនួន១០០លានរៀលសម្រាប់ប្រើប្រាស់លើ៣ចំណុច គឺការងាររដ្ឋាបាល ការបណ្ដាលធានធានមនុស្ស និង ការងាររៀបចំការប្រកួតនានា ដូច្នេះខ្ទង់ចំណាយនៃវគ្គបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយនៃប្រាក់ឧត្ថម្ភខាងលើ ដែលមានសិក្ខាកាមជាគ្រូបង្វឹកមកពីតាមក្លឹបប្រដាល់នានាទូទាំងប្រទេសចូលរួមចំនួន២៦នាក់ ក្នុងនើមាន១០នាក់ទទួលបាននិទ្ទេសល្អ ៦នាក់និទ្ទេសល្អបង្គួយ និង ៥នាក់ និទ្ទេសមធ្យម ៕