កម្ពុជាត្រៀមថវិកាជាង ១ពាន់លានដុល្លារសម្រាប់ទប់ទល់នឹងការបាត់បង់ផ្នែកខ្លះនៃ EBA
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 7 August, 2020 ក+ ក-

ភ្នំពេញ ៖ ការកំណត់ដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ទំនងជាគ្មានអ្វីប្រែប្រួលនោះឡើយ ។ បើទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ខ្លួនបានត្រៀមកញ្ចប់ថវិកាប្រមាណ ១ពាន់១៦៤លានដុល្លារអាមេរិករួចរាល់ហើយ សម្រាប់ទប់ទល់នឹងការបាត់ផ្នែកខ្លះនៃ EBA និងបញ្ហាផ្សេងទៀតដែលប៉ះពាល់ដោយសារតែជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញ។

តាមគម្រោង បើក្នុងអំឡុងពេលនេះ សភា និងក្រុមប្រឹក្សាអឺរ៉ុបមិនជំទាស់ទេនោះ គណៈកម្មការអឺរ៉ុបនឹងអនុវត្តការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA «ជាបណ្ដោះអាសន្ន» ពីកម្ពុជានៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នេះ តាមការសម្រេចកាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងទៅ។ ទំនិញកម្ពុជា ចំនួន ៤០ប្រភេទ ក្នុងនោះផលិតផលខ្លះក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ផលិតផលសម្រាប់ធ្វើដំណើរ និងស្ករ នឹងត្រូវយកពន្ធឡើងវិញនៅពេលនាំចូលទៅកាន់ទីផ្សារអឺរ៉ុប។ ផលិតផលទាំងអស់នេះ នាំចេញពីកម្ពុជា ទៅអឺរ៉ុបក្នុងតម្លៃសរុបប្រមាណ១ពាន់លានអឺរ៉ូ ជារៀងរាល់ឆ្នាំ។

បើតាមសារព័ត៌មាន Asia Times របស់ហុងកុង បានវិភាគដោយវាយតម្លៃថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន នឹងធ្វើឱ្យមានកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាយ៉ាងតិច ២% បន្ថែមទៀត ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានរំពឹងថា ការនាំចេញពីកម្ពុជាទៅចិន នឹងមានការកើនឡើងប្រមាណ ២៥% បន្ទាប់ពីកិច្ចព្រមព្រៀងនេះចុះចូលជាធរមាន។
ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានអះអាងថា ទំនិញកម្ពុជាជាង៣០០មុខ អាចនាំទៅចិនដោយមិនគិតពន្ធនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេ ភាគីកម្ពុជាចិន (FTA) ចូលជាធរមាន នៅដើមឆ្នាំ២០២១។ នៅក្នុងចំណោមមុខទំនិញជាង ៣០០មុខនោះ គឺផលិតផលកសិកម្ម ៩៥ភាគរយ ត្រូវរួចពន្ធសម្រាប់ការនាំចេញទៅចិន ប៉ុន្តែផលិតផលគ្រឿងចក្រ និងយានយន្តផ្សេងៗវិញ ចិននៅតែបន្តយកពន្ធនាំចូលដដែល៕