ក្រសួងរកឃើញករណីសង្ស័យជំងឺគ្រុនឈីកលើពលរដ្ឋជាង២ពាន់នាក់ នៅ១៥ខេត្ត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពនៃជំងឺឈីក (ឈីកគន់ហ្គន់យ៉ា) នៅកម្ពុជា គិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។

ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ក្រសួងរកឃើញករណីសង្ស័យជំងឺគ្រុនឈីក សរុបចំនួន ២០៤៧ នាក់ ដែលបានរាយការណ៍តាមរយៈប្រព័ន្ធឃ្លាំមើលជំងឺគ្រុន ឈាមពីមន្ទីរសុខាភិបាលខេត្តចំនួន១៥ខេត្ត រួមមាន ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង កំពត ពោធិ៍សាត់ កណ្ដាល កំពង់ធំ តាកែវ កំពត និងខេត្តព្រះសីហនុ។

ក្រសួងបន្តថា នៅក្នុងចំនួនសរុបករណីសង្ស័យជំងឺគ្រុនឈីកខាងលើមាន ៥៨% (ស្មើនឹង១១៨៤នាក់) កើតមានលើមនុស្សពេញវ័យ ចំនួន ៣០.៣% ជាកុមារអាយុលើសពីប្រាំឆ្នាំ និងចំនួន១១.៧% ជាកុមារមានអាយុក្រោមប្រាំឆ្នាំ។ គួរកត់សម្គាល់ផងដែរថា ក្នុងចំណោមមនុស្សធំ អ្នកជំងឺភេទស្រីមាន ៥៨.២% (ស្មើនឹង ៦៨៩នាក់) និងអ្នកជំងឺភេទប្រុសមាន ៤១.៧% (ស្មើនឹងចំនួន ៤៩៤នាក់)។ ចំនួនអ្នកឈឺជាង ៨០% នៃករណីសង្ស័យសរុប គឺមកពីខេត្តបន្ទាយមានជ័យ កំពង់ចាម សៀមរាប និងខេត្តតាកែវ។ អ្នកជំងឺប្រមាណជា ៩០% ក្នុងចំណោមអ្នកជំងឺសរុបទាំងអស់ បានជាសះស្បើយ ហើយនៅសល់១០% កំពុងបន្តការព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។

កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានបញ្ជាក់ផងដែរថា អ្នកជំងឺប្រមាណជា ៧២.៤០% នៃករណីសង្ស័យសរុបខាងលើ គឺមានជំងឺគ្រុនឈីក។ លទ្ធផលធ្វើការសិក្សាបាណកសាស្ត្រ របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ក៏បានបង្ហាញដែរថា នៅក្នុង និងជុំវិញផ្ទះ ត្រូវបានគេពិនិត្យមើលវត្តមានរបស់ដង្កូវទឹក បង្កើតជាមូស ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈីក និងគ្រុនឈាម គឺចំនួន ៦៦.៧% មាននៅក្នុងសំបកកង់ឡាន និងម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្ល ជ័រ កំប៉ុងកាហ្វេជ័រ និងចំនួន ៣៣.៣% មាននៅក្នុងពាងមូល ពាងស៊ីម៉ងត៍ អាងទឹក និងកុងតឺន័រ៕