ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​៣នាក់​ និងអ្នកជាសះស្បើយ២នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ មានអ្នកឆ្លងវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​០៣នាក់​ ជាករណីនាំចូលពីប្រទេសឥណ្ឌូនេស៊ី និងអ្នកជំងឺចំនួន២នាក់ត្រូវបានព្យាបាលជាសះស្បើយ​ផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។

សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់ថ្មីនេះរួមមាន ៖  បុរសអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិ១ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ បុរសអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ បុរសអាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

បុរសទាំងបីនាក់នេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរមក ដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ពួកគេត្រូវបានបញ្ជូនឱ្យមកបន្តធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ហើយត្រូវបានធ្វើតេស្តលើកទីបួន ដែលជាថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ពួកគាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសវីដ១៩។ បច្ចុប្បន្ន អ្នកជំងឺទាំង៣នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ។

ដោយឡែកអ្នកដែលព្យាបាលឱ្យជាសះស្បើយរួមមាន៖ បុរសអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅបុរីឈូកវ៉ា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, បុរសអាយុ ៣២ឆ្នាំ មានអាស័យដ្ឋាននៅភូមិស្រឡៅជ្រុំ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

បុរសទាំងពីរនាក់ខាងលើ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៉ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា ត្រូវបានព្យាបាលជាស្បើយ និងទទួលពីលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលចាក់អង្រែ៕