ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀតជាករណីនាំចូល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 August, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន២នាក់ថ្មីថែមទៀត។ ក្នុងនោះជាជនជាតិចិន និង១នាក់ និងជាជនជាតិអាមេរិកម្នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា បុរសជនជាតិចិន មានអាយុ ២២ឆ្នាំ ដែលដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ បុរសជនជាតិចិននេះ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះហើរ ហើយមកដល់កម្ពុជានៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។ បច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។

ដោយឡែកស្រ្តីជនជាតិអាម៉េរិកកាំង មានអាយុ ២៥ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាម៉េរិក ហើយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។ ស្រ្តីរូបនេះធ្វើតេស្តពេលមកដល់ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រសួងបានឱ្យដឹងថា ក្នុងជើងហោះហើរនេះ មានអ្នកដំណើរសរុប ២៥នាក់ (ស្រី ០៧នាក់ បុរស ០៩នាក់ និងកុមារ ០៩នាក់)។ ក្នុងនោះមានជនជាតិ ខ្មែរ ១៤នាក់ ជនជាតិអាម៉េរិកកាំង ០៥នាក់ ជនជាតិកូរ៉េខាងត្បូង ០១នាក់ ជនជាតិវៀតណាម ០១នាក់ ជនជាតិថៃ ០១នាក់ ជនជាតិទូកគឺ ០១នាក់ និងជនជាតិអង់គ្លេស ០២នាក់។

អ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២១នាក់ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ និងមន្ត្រីស្ថានទូតអាម៉េរិកចំនួន ០៣នាក់ ស្នាក់នៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលគ្រប់គ្រងដោយស្ថានទូតអាម៉េរិកប្រចាំកម្ពុជា៕