រុស្ស៊ី គ្រោងផ្ដល់វ៉ាក់សាំងកូវីដ១៩ ដល់ប្រទេសក្រីក្រដោយឥតគិតថ្លៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 August, 2020 ក+ ក-

រុស្ស៊ី៖ លោក Kirill Dmitriev ប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី បានឱ្យដឹងថា មូលនិធិរបស់លោក កំពុងធ្វើការជាមួយកម្មវិធីជំនួយមនុស្សធម៌ សម្រាប់ប្រទេសក្រីក្រ ដើម្បីផ្ដល់ជូននូវវ៉ាក់សាំងបង្ការវីរុសកូវីដ១៩ ដល់ប្រជាជនរស់នៅប្រទេសទាំងនោះ ដោយឥតគិតថ្លៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១២ ខែសីហានេះ។

លោក Kirill Dmitriev បានមានប្រសាសន៍ថា ៖ “ប្រជាជននៅទូទាំងពិភពលោក គួរតែអាចទទួលបាននូវវ៉ាក់សាំងស្មើៗគ្នា ទោះស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេយ៉ាងណាក៏ដោយ”។

ប្រទេសចំនួន២០ មកពីតំបន់អាមេរិកឡាទីន មជ្ឈិមបូព៌ា និងអាស៊ី បានបញ្ជាទិញវ៉ាក់សាំងរបស់រុស្ស៊ី ឈ្មោះ “Sputnik V” ដែលផលិតដោយវិទ្យាស្ថាន Gamaleya ។ លោក Kirill Dmitriev បានបន្តថា ៖ “ជាមួយដៃគូបរទេស ពួកយើងបានត្រៀមខ្លួនរួចរាល់ដើម្បីផលិតវ៉ាក់សាំងជាង៥០០លានដូស ក្នុងមួយឆ្នាំ”។ ចំពោះវ៉ាក់សាំង ដែលប្រើប្រាស់ក្នុងស្រុក រុស្ស៊ី គ្រោងផលិតក្នុងស្រុកតែម្ដង ខណៈវ៉ាក់សាំងលក់ទៅក្រៅប្រទេសនឹងត្រូវផលិតនៅក្រៅប្រទេសផងដែរ។
បើតាមលោក ពូទីន ប្រធានាធិបតីរុស្ស៊ី បានអះអាងថា វ៉ាក់សាំង នឹងអាចទៅដល់សាធារណជនទូទៅ ចាប់ពីខែមករា ឆ្នាំ២០២១៕