សម្តេច ស ខេង ៖ កម្ពុជារក្សាជំហរបន្តទំនាក់ទនងល្អជាមួយ EU ទោះបីបាត់បង់ EBA ក៏ដោយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 August, 2020 ក+ ក-

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កម្ពុជានៅតែរក្សាជំហរ បន្តទំនាក់ទំនងល្អជាមួយសហគមន៍អឺរ៉ុប (EU) ទោះបី EU ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែ គ្រឿងសព្វាវុធ (EBA) ២០% ពីប្រទេសកម្ពុជាក៏ដោយ ព្រោះទំនិញរបស់កម្ពុជា នៅតែអាចនាំ ទៅ EU បានដដែល។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីតាំង និងសមិទ្ធ ផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តត្បូង ឃ្មុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «EBA បានចូលជាធរ មាន យើងដឹងហើយតាំងពីថ្ងៃទី១២ សីហា។ ប៉ុន្ដែយើង ក៏មិនមានជំហរអ្វីប្លែកពីមុនទេ គឺនៅដដែល ដោយខិតខំប្រឹង ដើម្បីជម្នះឧបសគ្គបញ្ហាប្រឈមទាំង ឡាយ អាហ្នឹងអត់ជម្រើសក្រៅ ពីហ្នឹងទេ។ ប៉ុន្ដែមិនមែនយើង ផ្ដាច់ទំនាក់ទំនងជាមួយសហគមន៍អឺរ៉ុបទេ បានសេចក្ដីថា មានទំនាក់ទំនង ជាមួយសហគមន៍អឺរ៉ុបនៅតែមានសារសំខាន់ ហើយយើងខិតខំបន្ថែមទៀត»។

សម្ដេចក្រឡាហោមរៀបរាប់ថា ទំនិញរបស់កម្ពុជា នាំចេញ ទៅកាន់ទីផ្សារអឺរ៉ុបបានដដែលគ្រាន់តែបង់ពន្ធតែប៉ុណ្ណោះ។ ដូច្នេះ ភាគីពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយ និងជម្នះរាល់ការលំបាកទាំងនោះ ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ឬស្ថេរភាពនយោបាយ ដែលទាក់ទងទៅបញ្ហា EBAនេះ។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប (EU) បានចេញសេចក្ដីសម្រេចមួយផ្ដាច់ EBA ចំនួន២០%ចេញពីកម្ពុជា។ បើតាមការ សម្រេចនេះ គឺប៉ះពាល់ដល់ទំនិញនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហភាពអឺរ៉ុបប្រមាណ ២០% ប៉ុន្តែកម្ពុជានៅតែអាចបន្តនាំចេញទំនិញទាំងនេះ បានតែក្នុងលក្ខ ខណ្ឌត្រូវបង់ពន្ធ។ ទំនិញរបស់កម្ពុជា៨០%ទៀត គឺនៅតែអាចបន្តនាំចេញទៅអឺរ៉ុបដោយមិនបង់ពន្ធ ហើយទំនិញដែលប៉ះពាល់ដោយសារបាត់ផ្នែកខ្លះនៃ EBA នេះ គឺមាន៤០មុខ ភាគច្រើនជាសម្លៀកបំពាក់ ស្បែក ជើង និងផលិតផលធ្វើដំណើរ ដែលនាំទៅអឺរ៉ុបក្នុងតម្លៃ ១ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ ដោយត្រូវបង់ពន្ធប្រមាណ ១០០ លានដុល្លារក្នុងមួយឆ្នាំ៕
ប្រភពពីក្រសួងមហាផ្ទៃ