សង្កាត់ចំនួន១០នៅភ្នំពេញ ត្រូវបានអនុញ្ញាតឲ្យផ្ដល់សេវាអត្តសញ្ញាណកម្មជូនពលរដ្ឋ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 August, 2020 ក+ ក-

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានបញ្ជាក់នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នេះ ថា ក្រសួងមហាផ្ទៃ បានសម្រេចរួចហើយថា នឹងបង្កើតច្រកចេញ-ចូលតែមួយ ក្នុងការផ្ដល់នូវសេវាអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋចំនួន១០សង្កាត់នៅរាជធានីភ្នំពេញ ហើយបើការងារនេះ ទទួលបានជោគជ័យ និងមានការគាំទ្រពីប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃនឹងពង្រីកសេវាកម្មនេះឱ្យបានទូទាំងរាជធានី និងទូទាំងប្រទេសតែម្ដង។
បើទោះបីជាកិច្ចការនេះ នៅមិនទាន់ដាក់បញ្ចូលទៅក្នុងសេវាកម្មច្រកចេញចូលតែមួយក្តី តែអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ប្រសិនបើកិច្ចការអត្តសញ្ញាណកម្មត្រូវបានថ្នាក់ជាតិបង្ខិតសេវាឱ្យនៅកៀកជិតប្រជាពលរដ្ឋស្ថិតក្រោមសមត្ថកិច្ចរបស់សង្កាត់ក្នុងរាជធានី ដោយសង្ឃឹមថា វាជាចំណុចវិជ្ជមានស្របតាមគោលនយោបាយ កែទម្រង់រដ្ឋបាលសាធារណៈ និងកែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការរបស់រាជរដ្ឋាភិបាល៕