មិនមែនបិទការដ្ឋានហើយចប់ទេ មហាជនចង់ឃើញការអនុវត្តបណ្ដឹងអាជ្ញាទៅលើក្រុមហ៊ុនរបស់លោកឧកញ៉ា ឡាយ ប៊ុនប៉ា
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 13 August, 2020 ក+ ក-

បន្ទាយមានជ័យ ៖ មហាជនកំពុងចង់ឃើញវិធានការរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងវិធានការរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ ព្រមទាំងការអនុវត្តបណ្ដឹងអាជ្ញា របស់អយ្យការសាលាដំបូងខេត្តទៅលើ ក្រុមហ៊ុនលក់ផ្ទះល្វែងនៅក្រុងប៉ោយប៉ែតដែលមានយីហោ ( ដឹ ផាក ស៊ីធីប៉ោយប៉ែត ) របស់លោក ឧកញ៉ា ឡាយ ប៊ុនប៉ា ដែលធ្វេសប្រហែសធ្វើអោយមនុស្សស្លាប់ ៥នាក់ និងរបួស៤នាក់កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមបណ្តោយផ្លូវជាតិលេខ៥។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្រុមជាង និងកម្មករ បានស្ទួចផ្ទាំងថ្មមួយផ្ទាំងដ៏ធំដែលមានកម្ពស់ប្រហែលជា៣ទៅ៤ម៉ែត្រ និងទទឹងប្រហែលជា៣ម៉ែត្រ ឡើងលើខ្ពស់ ក្នុងវេលានោះ ក៏ស្រាប់តែដួលរលំដងសន្ទូចធ្លាក់មកលើផ្ទះប្រជាពលរដ្ឋដែលរស់នៅជាប់នឹងរបងក្រុមហ៊ុន ( ដឹ ផាក សុីធីប៉ោយប៉ែត ) បណ្តាលឱ្យមនុស្ស៥នាក់ស្លាប់ និង ០៤នាក់ផ្សេងទៀត របួសធ្ងន់ ព្រមទាំងខូចខាតផ្ទះប្រជាពលរដ្ឋយ៉ាងដំណំ។

ក្រោយកើតហេតុ អាជ្ញាធរក្រុងប៉ោយប៉ែតបានសម្រេចផ្អាកការសាងសង់បណ្តោះអាសន្នរបស់បុរីដឺផាកស៊ីធីប៉ោយប៉ែតរបស់លោកឧកញ៉ា ឡាយ ប៊ុនប៉ា ។ចំណាត់ការរបស់អាជ្ញាធរក្រុងប៉ោយប៉ែតបានធ្វើអោយមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំងដែលបណ្តោយអោយអ្នកគ្រប់គ្រងនិងម្ចាស់បុរីរួចខ្លួនគេចផុតពីសំណាញ់ច្បាប់។មហាជនចង់ឃើញអ្នកបង្ករទាំងអស់ទទួលទោសចំពោះទង្វើធ្វេសប្រហែសរបស់ខ្លួនដែលធ្វើអោយមានមនុស្សស្លាប់និងរបួសជាច្រើននាក់។ពួកគាត់មិនចង់ឃើញម្ចាស់ក្រុមហ៊ុនលោកឧកញ៉ា ឡាយ ប៊ុនប៉ា គ្រាន់តែចូលបុណ្យ៣០០ដុល្លារួចខ្លួននោះទេ ហើយកែប្រែការធ្វេសប្រហែសរបស់ក្រុមខ្លួនទៅជារឿងឧបទ្ទវហេតុ។

សូមរំលឹកផងដែរថាអ្នកស្លាប់ទាំង៥នាក់ មាន ÷ ១- ឈ្មោះ ឈាន ហង ភេទស្រី កើតឆ្នាំ១៩៧១ , ២- ឈ្មោះ ចៅ លឺ ភេទស្រី កើតឆ្នាំ១៩៧០ , ៣- សេង មុយគា ភេទស្រី កើតឆ្នាំ១៩៦៣ , ៤- ឈ្មោះ យាយ ឡឹក ភេទស្រី អាយុ៦៦ឆ្នាំ , ៥- ឌឹម ស្រី ណាក់ ភេទស្រី អាយុ៣៦ឆ្នាំ ។ ចំណែកអ្នករងរបួស មាន ÷ ១- ឈ្មោះ កា សុមាមេន , ២- ខាន់ ចាន់ឌី ភេទស្រី , ៣- ធី តា , និង ៤- សៅ រិទ្ធ ៕