ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន និងលោកជំទាវ អញ្ជើញចូលរួមសូត្រមន្ត ក្នុងពិធីកាន់បិណ្ឌ វេនទី១១ នៅ វត្ត ឧណ្ណាលោម
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 13 September, 2020 ក+ ក-

ភ្នំពេញ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីនរដ្ឋលេខាធិការនៃក្រសួងការពារជាតិ និង និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យ សេនា ទៀ បាញ់រដ្ឋមន្ត្រីនៃក្រសួងការពារជាតិ និង លោកជំទាវគឹម ញ៉ យន្ត មីន ព្រមទាំងកូនចៅក្នុងក្រុមគ្រួសារ និង និងញាតិមិត្តពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើនរូប ដែលបាន ធ្វើដំណើរ មកពីខេត្តព្រះសីហនុ និង ខេត្តកោះកុងជាដើម បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១១ នៅវត្ត ឧណ្ណាលោម រាជធានីភ្នំពេញ នារសៀលថ្ងៃសៅរ៍ ១០ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារសហការី ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយ ទាំងអស់ បានបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតនត្រៃសមាទានសិល ធ្វើកិច្ចនមស្សការបង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទានគ្រឿង ឧបភោគ បរិភោគ ភេសជ្ជៈ ទឹក ផ្លែឈើជាច្រើនមុខ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញាណក្ខន្ធ បុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន។

ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន និងលោកជំទាវ បានបួងសួងថ្វាយព្រះពរជ័យ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ គឺសម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី និង ថ្វាយព្រះពរជ័យ ដល់ ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេច ពិជ័យ សេនា ទៀ បាញ់ លោកជំទាវ និង ព្រមទាំងក្រុមគ្រួសារ និង ថ្នាក់ដឹកនាំ នៃ ក្រសួងការពារជាតិទាំងអស់ ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបតែសេចក្តីសុខ សន្តិភាព និង សេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។

ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន ក៏បានអំពាវនាវ ឲ្យ ប្រជាពុទ្ធបរិស័ទ ទាំងអស់គ្នា ចូលរួមគោរព និង អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានាដែលបានកំណត់ របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខ នឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺដ៏កាចសាហាវមួយនេះ៕ ដោយមនោរាហ៍