ពាក់ព័ន្ធទៅនឹងការបាត់បង់ដីខ្មែរទៅក្នុងដៃសៀម ចាប់តាំងពីសតវត្សទី១៣មក ឬក្រោយនេះបន្តិច ពីសតវត្សទី១៥-១៦ មានអ្នកស្រាវជ្រាវខ្លះទទួលស្គាល់ថា កម្ពុជា បានបាត់បង់ត្រឹមតែ១១-១២ខេត្ត ប៉ុណ្ណោះ ។ ខេត្តទាំងនោះគឺ : ខេត្ត ស៊ីសាកេត (ខុខ័ន្ទ), សុរិន្ទ្រ (សង្គៈ), នគររាជសីមា, បុរីរម្យ, ស្រះកែវ, បច្ចឹមបុរី, (ស្ទឹងជ្រៅ) អ៊ូប៊ុន, ខនកែន, ច័ន្ទបុរី, ត្រាច (ត្រាត), ធនបុរី និងអាយុធ្យា ។
ការបាត់បង់នេះ គឺដោយសារតែការចាញ់សង្គ្រាមវាតទីពីសំណាក់ស្តេចសៀម ដែលមានបំណងត្របាក់យកទឹកដីខ្មែរធ្វើជាទឹកដីខ្លួន ឬក៏ជួនកាលមានមហិច្ឆិតាយកប្រទេសខ្មែរ ធ្វើជាប្រទេសចំណុះ ដើម្បីទប់ទល់នឹងឥទ្ធិពលវៀតណាមលើខ្មែរ លើកលែងតែករណីក្បត់មួយពីរតែប៉ុណ្ណោះ ។
ខេត្តខ្មែរបុរាណទាំងនោះត្រូវបានបាត់បង់ជាបន្តបន្ទាប់ទៅសៀម ដូចដែលទើបពោលនៅសម័យក្រោយពីសម័យអង្គរ ។ ក៏ប៉ុន្តែដោយមានភស្តុតាងប្រវត្តិសាស្ត្រជាច្រើនឥតប្រកែកបាន បានឲ្យដឹងថា បណ្តាខេត្តថៃផ្សេងៗឯទៀតមួយចំនួន ក៏ធ្លាប់ជាអតីតទឹកដីរបស់ខ្មែរដែរ ចាប់តាំងពីការកកើតព្រះរាជាណាចក្រខ្មែរមកម្ល៉េះ ទោះបីជាព្រះរាជពង្សាវតារខ្មែរ មិនបានកត់ត្រាក្តី ។ នេះជាអ្វីមួយដែលតម្រូវឲ្យមានការបកស្រាយអំពីវិសាលភាព នៃភូមិសាស្ត្រជាប្រវត្តិសាស្ត្ររបស់ប្រជាជនខ្មែរ ហើយបំពេញបន្ថែមចន្លោះខ្វះខាតទាំងឡាយដែលអាចធ្វើទៅបាន ។
តើមានខេត្តណាខ្លះទៀតដែលត្រូវបានបាត់បង់លើថៃ រវាងសតវត្ស១៣ និង១៦ ទោះជាមានកាលបរិច្ឆេទខុសគ្នាក្តី ពីព្រោះយន្តការវាតទីនិយមត្រូវបានអនុវត្តឡើងដោយសន្សឹមៗ ដូចរូបភាពបណ្តាញនៃសំណាញ់សំបុកពីងពាង ។
ផែនទីនៃព្រះរាជាណាចក្រថៃ នាស.វទី ១៧ និង ផែនទីបច្ចុប្បន្នដែលមានបណ្តាខេត្តនានាជាបឋមប្រវត្តិវិទូ ដែលសិក្សាពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ចាត់ទុកស្របគ្នាថា ជនជាតិថៃជាជនអន្តប្រវេសន៍ ដែលបានកសាងព្រះរាជាណាចក្ររបស់ខ្លួនលើទឹកដីខ្មែរបុរាណ គឺខេត្តសុខោទ័យ ក្នុងដំណាក់កាលដំបូងបង្អស់ ហើយមិនយូរប៉ុន្មាន ក៏បានវាតទីមកដល់អាណាខេត្តនានារបស់ខ្មែរទៀត គឺខេត្តអយុធ្យា និង លពបុរី ជាដើម ។ តែប្រវត្តិវិទូ មិនបានបញ្ជាក់អំពីឈ្មោះនៃខេត្តទាំងនោះ ក្នុងការសិក្សារបស់គេឡើយ ដោយហេតុថា មានបញ្ហាសាំញុំ ហើយមួយវិញទៀតឈ្មោះនៃខេត្តខ្មែរដែលស្ថិតក្នុងព្រះរាជាណាចក្រថៃ បច្ចុប្បន្នក៏ពុំត្រូវបានគូសបញ្ជាក់ដោយសិលាចារឹកដែរ លើកលែងតែករណីខ្លះដែលឈ្មោះនៃទីក្រុងមួយចំនួនតូច ត្រូវបានចារលើផ្ទាំងសិលាចារឹក ព្រះខ័នក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ។ ចំពោះបញ្ហានេះយើងនឹងពិនិត្យនៅពេលបន្តិចទៀត ។
យើងគិតថា ជាការប្រសើរជាង បើយើងចាត់ទុកថា យើងពុំដឹងអំពីឈ្មោះពិតរបស់អតីតខេត្តនានា របស់ខ្មែរក្នុងប្រទេសថៃបច្ចុប្បន្ន ដែលត្រូវបានបាត់បង់ទៅហើយនោះ ហើយឈ្មោះដែលត្រូវបានផ្លាស់ប្តូរ ឬបង្កើតឡើងថ្មីរវាងសតវត្សទី១៤-១៨ គឺត្រូវបានធ្វើឡើងតាមការវិវត្តិរបស់សង្គមជាតិថៃ ក្នុងឋានៈជារដ្ឋឯករាជ្យថ្មីមួយ ។
តែទោះជាយ៉ាងណាក៏ដោយក៏តឹកតាងខាងបុរាណវិទ្យា ដូចជាប្រាង្គប្រាសាទជាដើម ជាពិសេសសិលាចារឹកបង្ហាញថា ការស្នងរាជ្យរបស់មហាក្សត្រខ្មែរត្រូវបានបន្តពីសម័យមុនអង្គរ ដោយមិនស្រាកស្រាន្តមុនផែនដីថៃត្រូវបានផ្តាច់ចេញពីចក្រភព កម្ពុជទេស រីឯជនជាតិថៃដើមកំណើតខ្មែរតែងរស់នៅលើទឹកដីរបស់ខ្លួនរហូតដល់សតវត្ស ទី២១នេះ ដូចករណីខេត្តអ៊ូប៊ុន, ស៊ីសាកេត, បុរីរម្យ, សុរិន្ទ្រ, ស្រះកែវ, បច្ចឹមបុរី និងច័ន្ទបុរីជាដើម ។ ដូច្នេះយើងត្រូវតែទទួលស្គាល់ថា មិនមែនមានត្រឹមតែខេត្ត១១-១២ ទេ ដែលព្រះរាជាណាចក្រកម្ពុជា បានបាត់ទៅលើព្រះរាជាណាចក្រថៃនោះ ។
ចំពោះយើង ប្រវត្តិវិទូផ្សេងទៀតត្រូវគិតថា ខេត្តដែលបាត់បង់ពិតនោះ រួមមានខេត្តមួយចំនួនផ្សេងទៀតផងដែរ ។
នៅភូមិភាគខាងជើងឆៀងខាងកើតនៃទីក្រុងបាងកកយើងឃើញមានខេត្ត : នគនផានុំ, សាគននគន, ណងខៃ, លើយ, បុរីរម្យ, នគររាជសីមា (ពិមាឃ), ស៊ីសាកេត, សុរិន្ទ្រ, អ៊ូប៊ុន, រយអេត, យសោថន, មុខតាហាន, ឧត្តនថានី, ជ័យភូមិ, មហាសារខាំ, កាឡាស៊ីន និង ខនកែន ។
សូមកត់សម្គាល់ថា លើកលែងតែខេត្តលើយ និងមុខតាហានចេញ ដែលយើងពុំបានទៅដល់ ហើយពុំដឹងថា មានវប្បធម៌បុរាណខ្មែរនៅទីនោះដែរឬអត់ ។ ចំណែកខេត្តផ្សេងៗទៀត សុទ្ធសឹងតែបានបន្សល់ទុកនូវប្រាង្គប្រាសាទខ្មែរ ឬក៏ស្លាកស្នាមវប្បធម៌ខ្មែរផ្សេងៗដូចជាចម្លាក់ និង សិលាចារឹកជាដើម ដែលមានចំនួនយ៉ាងក្រាសក្រែលគួរឲ្យចាប់អារម្មណ៍ ។
ទាក់ទិនទៅនឹងភូមិភាគខាងត្បូង សូមរំលឹកថា តំបន់នៅនគរស្រីធម្មរាជ, សុរាតថានី ប៉ាក្តាលុង សុងក្លា, យ៉ាឡា, ជាដើម ដែលស្ថិតក្នុងភូមិភាគខាងត្បូងនៃប្រទេសសៀមបច្ចុប្បន្ន សុទ្ធសឹងតែមានមនុស្សខ្មែររស់នៅរហូតដល់សតវត្សទី១៧ ដោយហេតុថា ស្ថិតក្នុងព្រំប្រទល់នៃដែនដីខ្មែរ គឺអាណាចក្រភ្នំ និងចេនឡា ។
តាមរយៈកំណត់ហេតុចាស់ៗរបស់ចិន យើងដឹងទៀតថា ភូមិភាគកណ្តាលនៃប្រទេសថៃវិញ ក៏ដូច្នេះដែរ ដោយហេតុថា តំបន់នេះឈ្មោះតំបន់ដីក្រហម (សៀនឡូ) ។
ផែនទី នៃព្រះរាជាណាចក្រកម្ពុជាដំបូង ហ្វូណន ឬនគរភ្នំ (ម.ត ១៩៩៣) និង ផែនទីនៃសម័យមហានគររបស់ព្រះបាទនរោត្តមសីហនុ នាស.វទី ១២ បោះពុម្ពនៅឆ្នាំ ១៩៦៦ (Cf. Les avaleurs des terres khmeres, Kamboja, 1966)
សូមជម្រាបផងដែរថា សិលាចារឹកខ្លះក្នុងភូមិភាគកណ្តាល និងភូមិភាគខាងត្បូងនៃប្រទេសថៃបច្ចុប្បន្នសុទ្ធសឹងតែត្រូវបានចារ ឡើងជាភាសាមន ទន្ទឹមគ្នានិងសិលាចារឹកខ្មែរ ។ សិលាចារឹកដំបូង ដែលសរសេរជាភាសាមនមានលក្ខណៈខ្លីៗ ហើយប្រហែលជាចារឡើងនៅស.វទី៧-៨ តែគ្មានបង្ហាញតឹកតាងអ្វីសោះ ក្រៅពីថា ប្រជាពលករក្នុងតំបន់នោះគោរពព្រះពុទ្ធសាសនាភាគច្រើន ហើយដែលគេធ្លាប់ស្គាល់ថា ជាមនទ្វារវតី ។
ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក្តីបើយោងតាមការស្រាវជ្រាវថ្មី ក៏គ្មានតឹកតាងណាមួយជាក់ច្បាស់ដែលបញ្ជាក់ថា ទ្វារវតី គឺជារាជធានី ឬក៏ជារដ្ឋឯករាជរបស់មនឡើយ តែជាមជ្ឈមណ្ឌលវប្បធម៌បែបពុទ្ធនិយមដ៏រុងរឿងថ្កើងថ្កានអស្ចារ្យ ដែលបានរីកដុះដាល នៅលើទឹកដីតែមួយជាមួយនឹងទឹកដីខ្មែរ គឺខេត្តលវោ ឬលពបុរីបច្ចុប្បន្ន ។ គប្បីរំលឹកឡើងផងដែរថា តាមរឿងដំណាលខ្មែរមួយ ស្រីនគរលវោ មានរូបឆោមល្អ ហើយឆើតឆាយណាស់ ។
ដូចដែលយើងបានពោលរួច ខេត្តខ្មែរនេះធ្លាប់មានទំនាក់ទំនងខាងវប្បធម៌យ៉ាងជិតស្និតជាមួយ អង្គរបុរី ឬវ្យាធបុរៈ ហើយឈ្មោះរបស់ខេត្តនោះត្រូវបានគូសបញ្ជាក់ក្នុងសិលាចារឹកនា សម័យអង្គរមួយ គឺសិលាចារឹក K 18 តម្កល់សព្វថ្ងៃនៅសារមន្ទីរជាតិភ្នំពេញ ។
ទំព័រប្រវត្តិសាស្ត្របានឲ្យដឹងថា ភូមិភាគកណ្តាលនេះជាភាគមួយនៃចក្រភពនគរភ្នំ និងចេនឡា ហើយក៏មិនមែនជាទឹកដីរបស់មនដែរ ។ ផ្ទុយពីការអះអាងរបស់អ្នកប្រវត្តិវិទូថៃ តំបន់នេះ គឺពិតជាទឹកដីរបស់ខ្មែរមែន តាំងពីដើមមក ។
ជាការពិតណាស់ មុនសតវត្សទី១៣ តំបន់់ភូមិភាគកណ្តាលជាពិសេស នៅខេត្តអយុធ្យានៃប្រទេសថៃបច្ចុប្បន្នពុំទាន់មានវត្តមានរបស់ជន ជាតិថៃនៅឡើយទេ ហើយស្ថានភាពនេះក៏ដូចជានៅតំបន់ភូមិភាគឥសាន និងខាងត្បូងផងដែរ ហើយភាសាថៃក៏ពុំទាន់ត្រូវគេប្រើប្រាស់នៅឡើយដែរ ដោយអ្នកម្ចាស់ស្រុក ។
បើនិយាយអំពីជាតិពន្ធុវិទ្យា មានតែខ្មែរ និងកុលសម្ព័ន្ធមន-ខ្មែរ តែប៉ុណ្ណោះដែលរស់នៅ ។ នៅកន្លែងខ្លះក៏មានជនជាតិមនរស់នៅដែរ នៅភូមិភាគខាងជើង ដូចជានៅហរិបុណ្យជាដើម រហូតនៅសតវត្សទី១២-១៣ ។ ភាពខុសគ្នារវាងខ្មែរ និងមន គឺវិស័យសាសនាដែលធ្វើឲ្យសិល្បៈវប្បធម៌របស់ពួកគេមានលក្ខណៈខុសពី ខ្មែរ ។
សិលាចារឹករបស់ព្រះបាទស្រីមហេន្ទ្រវរ្ម័ន នៅខេត្តស្រះកែវ (Ka 387) និង សិលាចារឹកវត្តស្រះឈូក (Ka 110) ឆ្នាំ ៩៨៨ នៃមហាសករាជ ត្រូវជា ១០៦៦ នៃគ.ស សរសេរជាភាសារខ្មែរ បាលី និង សំស្គ្រឹត (ឯកសារនាយកដ្ឋានវិចិត្រសិល្បះថៃ)
លោកជីវតាក្វាន់ បានឲ្យដឹងថា នៅឆ្នាំ១២៩៦ ពួកសៀម ឬសៀននៅភាគនិរតីអង្គរ ពោល គឺនៅម្តុំអយុធ្យាបានបើកការវាយលុកទីក្រុងអង្គរលើកទីមួយ ដូចដែលព្រះរាជពង្សាវតារខ្មែរបានលើកឡើងដែរ ហើយនៅរវាងឆ្នាំ១៣៥៣ – ១៣៥៧ អង្គរត្រូវធ្លាក់ក្នុងកណ្តាប់ដៃសៀម ។
ទោះជាយ៉ាងណាក៏ដោយ ព្រះរាជពង្សាវតារបានបន្តទៀតថា ក្រោយមកបន្តិចក្នុងរាជស្តេចស្រីសុរិយោវង្ស អង្គរក៏ត្រូវរំដោះបានវិញ ។ យើងក៏ដឹងទៀតថា ទ័ពសៀមមិនបានឲ្យខ្មែរសុខទេ ព្រោះថា មិនយូរប៉ុន្មានទេសៀមវាយលុកហើយកាន់កាប់អង្គរម្តងទៀត ។
ច្បាប់ពង្សាវតារបាននិយាយបន្តទៀតថា លើកនេះក៏ដូចលើកមុនៗ ស្តេចខ្មែរ គឺព្រះបាទពញាយ៉ាតបានរំដោះព្រះរាជនគរឲ្យរួចផុតពីបច្ចា មិត្រ ហើយដើម្បីជៀសផុតពីការទន្ទ្រានមិនស្រាកស្រាន្ត ពីសំណាក់សៀមមកពីអាយុធ្យា ទ្រង់ក៏បង្ខំព្រះកាយយាងចាកចេញពីព្រះរាជធានី យាងមកកាន់តំបន់ស្រីសន្ធរនៅឆ្នាំ១៣៨៨ ។ ព្រឹត្តការណ៍ខាងលើនេះ គឺជាទីបញ្ចប់ ឬអវសាននៃសម័យអង្គរដែលធ្លាប់តែរុងរឿងថ្កើនថ្កាន ។
ឯកសារមូលដ្ឋានដ៏រឹងមាំមួយទៀតដែលយើងត្រូវលើកនៅទីនេះ គឺប្រភពសិលាចារឹកខ្មែរនាសម័យបុរេអង្គរ និងអង្គរ នៅលើទឹកដីថៃសព្វថ្ងៃនេះ ។
ឧទាហរណ៍ជាក់ស្តែង គឺវត្តមានរបស់ស្តេចខ្មែរមុនអង្គរត្រូវបានគូសបញ្ជាក់ នៅក្នុងភូមិភាគឥសាននៃប្រទេសថៃបច្ចុប្បន្នតាមរយៈសិលាចារឹក ។ ស្តេចភវវរ្ម័នទី១ និងមហេន្ទ្រវរ្ម័ន ធ្វើដំណើរទៅកាន់ភូមិភាគខាងលើនេះ មិនមែនជាការឈ្លានពាន ដើម្បីពង្រីកទឹកដីក្នុងន័យវាតទីនិយម ដូចគេបានយល់ដោយភ័ន្តច្រឡំនោះទេ ផ្ទុយទៅវិញ ការធ្វើដំណើរពីខេត្តចម្ប៉ាសាក់ឆ្ពោះទៅទិសខាងជើងនៃប្រទេសកម្ពុជា សព្វថ្ងៃនៅក្រចេះ ស្ទឹងត្រែង កំពង់ធំ និងឆ្ពោះទៅកាន់ផ្នែកខាងក្រោម គឺគ្រាន់តែជាការពង្រីកឥទ្ធិពល ដណ្តើមអំណាចនៅលើដែនដីមួយ ដែលប្រជាជនមានប្រវត្តិសាស្ត្ររួមពង្សាវតា វប្បធម៌ និងភាសារួមដែលស្ថិតក្នុងអម្បូរមន-ខ្មែរ តែប៉ុណ្ណោះ។
ភស្តុតាងមួយចំនួនធំ គឺសិលាចារឹកដងរែក ក៏បានគូសបញ្ជាក់អំពីការកាន់កាប់ទឹកដីនេះចាប់តាំងពីចុងសតវត្សទី៦ រហូតដល់សម័យអង្គរដែរ ដែលរួមមានសិលាចារឹករបស់ព្រះបាទភវវរ្ម័នទី១ និងព្រះបាទមហេន្ទ្រវរ្ម័ន នាសម័យមុនអង្គរ ។ ចំពោះសិលាចារឹកមុនអង្គរទាំងនោះ គេឃើញសិលាចារឹក K 364, K 1173 និង K 1174 នៅចម្ប៉ាសាក់ K 122 នៅក្រចេះ K 515 នៅនគររាជសីមា, K 116 និង K 720 នៅស្ទឹងត្រែង K 508, K 509 និង K 496 នៅអ៊ូប៊ុន Ka 76 នៅបុរីរម្យ K 979 នៅស្រីទេព K 213 នៅបាត់ដំបង K 969 នៅតាប្រាយា ខេត្តស្រះកែវ K 377 នៅសុរិន្ទ្រ និង K 1102 នៅខនកែន ។
គួរកត់ចំណាំថា សិលាចារឹកបុរេអង្គរទាំងនោះគូសបញ្ជាក់អំពីជ័យជំនះរបស់ចេនឡា ដែលដឹកនាំដោយព្រះបាទភវវរ្ម័ន និងមហេន្ទ្រវរ្ម័នលើនគរភ្នំ ។
ទន្ទឹមនឹងនេះ គួរត្រូវដឹងដែរថា សិលាចារឹកក៏ជាអំណះអំណាងសំខាន់បំផុត ដែលបញ្ជាក់ថា ទឹកដីនៃប្រទេសលាវ ថៃ និងខ្មែរបច្ចុប្បន្ន គឺជាទឹកដីតែមួយ ដែលគ្រប់គ្រងដោយស្តេចខ្មែរ ដែលមានការសាងសង់យ៉ាងច្បាស់លាស់ ។ ឧទាហរណ៍តាមសិលាចារឹក K 479 នៅស្រីទេព ខេត្តពេជ្រប៊ុន យើងដឹងថា ព្រះបាទភវវរ្ម័នគឺជាព្រះរាជបុត្រារបស់ប្រធិវិន្ទវរ្ម័ន និងជាព្រះរាជនត្តារបស់ ចក្រវតិ័ន ។
សិលាចារឹក K 508 បានឲ្យដឹងថា ព្រះបាទមហេន្ទ្រវរ្ម័ន ចូលសោយរាជមាននាមថា ចិត្រាសេន គឺជាបងប្អូនគ្នាជាមួយ នឹងព្រះបាទភវវរ្ម័ន ដែលត្រូវជាបុត្រារបស់ព្រះបាទវីរវរ្ម័ន និងជាព្រះរាជនត្តារបស់សាវ៌ភោម ។ រីឯសិលាចារឹក K 1173 បានបញ្ជាក់ថា ព្រះនាមឪពុកមារបស់ព្រះបាទចិត្រសេន មហេន្ទ្រវរ្ម័ន មានព្រះនាមថា ស្រីក្រតានតបាស ។
និរន្តភាពនៃការគ្រប់គ្រងឬ ជាអ្វីមួយដែលគេហៅថាអំណាចនយោបាយរបស់ខ្មែរនៅប្រទេសថៃនាជំនាន់ នោះ ក៏ត្រូវបានបន្តរហូតដល់សម័យអង្គរ ដូចការរកឃើញសិលាចារឹកមួយចំនួនជាឧទាហរណ៍ស្រាប់ ។
ក្នុងចំណោមសិលាចារឹកខ្មែរនាសម័យអង្គរ នៅភូមិភាគឥសាន នៃប្រទេសថៃវិញ មានសិលាចារឹក Ka 77 មួយនៅខេត្តសគននគន ដែលគួរឲ្យចាប់អារម្មណ៍ជាងគេ ព្រោះបានផ្តល់នូវពាក្យវិភាន ឬពិតាន ជាលើកដំបូងបង្អស់នៅឆ្នាំ ៩៨៨ ស.ក ដែលត្រូវនឹងឆ្នាំ ១០៦៦ នៃគ.ស ។
ភូមិភាគនៃប្រទេសថៃបច្ចុប្បន្ន ជាពិសេសនៅខេត្តនគរសវ័ន (នគរសួគ៌) ខាងជើងខេត្តលពបុរី ក៏បានបង្ហាញជាប្រយោលនូវវត្តមានរបស់ខ្មែរតាមសិលាចារឹកដែរ ដូចករណីសិលាចារឹក K 966 ជាភាសាបាលី និងខ្មែរនៅឆ្នាំ១១៦៧ នៃគ.ស ជាដើម ។
នៅជិតខេត្តអយុធ្យាមានសិលាចារឹកមុនអង្គរមួយផ្ទាំងដែល គេបានរកឃើញ គឺ K 965 ពាក់ព័ន្ធទៅនឹងព្រះបាទហស៌វរ្ម័ន ដែលត្រូវជាព្រះរាជនត្តារបស់ព្រះមហាក្សត្រខ្មែរដ៏សំខាន់មួយក្នុង ប្រវត្តិសាស្ត្រកម្ពុជា គឺព្រះបាទឥសានវរ្ម័ន (៦១០ -៦៣៥ គ.ស) ។ រីឯសម័យអង្គរវិញ ក៏ដូច្នេះដែរ ដូចករណីសិលាចារឹកអយុធ្យាមួយថ្មីចារនៅឆ្នាំ៩៣៧ នៃគ.ស ជាសំស្រឹ្កត និងខ្មែរ ជាឧទាហរណ៍ស្រាប់ ។
សរុបមកការដែលគេនិយាយថា ព្រះបាទសុរិយាវរ្ម័នទី១ បានពង្រីកទឹកដីខ្មែរលើថៃជាការមិនត្រឹមត្រូវ ព្រោះថា ទឹកដីថៃបច្ចុប្បន្ន គឺជាទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ។ វិសាលភាពនៃទឹកដីខ្មែរ ក្នុងសម័យមហានគរមិនមែនបានលាតសន្ធឹងពីតំបន់អង្គរ ដែលជាមជ្ឈមណ្ឌលនៃអំណាចកណ្តាលទៅដល់ភូមិភាគកណ្តាលនៃប្រទេសថៃ បច្ចុប្បន្ន ដោយនយោបាយឈ្លានពានពង្រីកទឹកដីនោះទេ ហើយភូមិភាគនេះក៏មិនទាន់មានវត្តមានរបស់ជនជាតិថៃមករស់នៅ នៅឡើយផងដែរ ។
ភស្តុតាងបុរាណវិទ្យាបញ្ជាក់យ៉ាងច្បាស់ថា វិសាលភាពនៃដែនដីខ្មែរអង្គរគឺជាលទ្ធផលនៃការបង្រួបបង្រួមជាតិខ្មែរ ជាច្រើនជំនាន់ ហើយត្រូវធ្វើឡើងជាបន្តបន្ទាប់ដោយឆ្លងកាត់ច្រើនដំណាក់កាលនៃកាល ប្បវត្តិ ពោលគឺ មិនមែនជាការឈ្លានពានខ្មែរទៅលើជនជាតិផ្សេងនោះទេ ។ ខាងលើនេះគឺជាសច្ចៈភាពនៃប្រវត្តិសាស្ត្រ ។
គួរកត់សម្គាល់ផងដែរថា ការសិក្សានៅខេត្តលពបុរី ក៏ឲ្យដឹងទៀតថា នៅសម័យនគរភ្នំ និងចេនឡា ខេត្តលពបុរី គឺជាមជ្ឈមណ្ឌលនយោបាយវប្បធម៌យ៉ាងសំខាន់ មានលក្ខណៈដូចគ្នានឹងអង្គរបុរី អ៊ូថង ។ សំណង់សិល្បៈស្ថាបត្យកម្ម និងផ្ទាំងសិលាចារឹកមុនអង្គរ និងអង្គរជាច្រើន ដែលតម្កល់សព្វថ្ងៃក្នុងសារមន្ទីរនៃខេត្តនេះជាតឹកតាងស្រាប់ ។
មានន័យថា ទឹកដីភូមិភាគឥសាន កណ្តាល និងភូមិភាគខាងត្បូងនៃប្រទេសថៃបច្ចុប្បន្ន មិនគ្រាន់តែមានជនជាតិខ្មែររស់នៅរួចហើយ មុនការមកដល់នៃជនជាតិថៃតែប៉ុណ្ណោះទេ ក៏ប៉ុន្តែជាទឹកដីដែលគ្រប់គ្រងដោយព្រះរាជវង្សានុវង្សខ្មែរថែមទៀតផង ពោលគឺ ស្ថិតក្រោមអធិបតេយ្យភាពរបស់អាជ្ញាធរខ្មែរពិតៗ ដែលគេមិនត្រូវមានការភ័ន្តច្រឡំ ឬបំភ្លើសការពិតឡើយ ។
ដោយសារតែជនជាតិសៀម ឬសៀមជាជនជាតិចំណូលថ្មីក្នុងអតីតព្រះរាជាណាកម្ពុជាបុរាណ ដែលសព្វថ្ងៃ បានក្លាយទៅជាព្រះរាជាណាចក្រថៃ ទើបគេបានជួបប្រទះនូវស្លាកស្នាមវប្បធម៌ខ្មែរគ្រប់យុគ គ្រប់សម័យកាល តាំងពីសម័យបុរេប្រវត្តិសាស្ត្រ រហូតដល់សព្វថ្ងៃ ។
ដូចនេះព្រះរាជាណាចក្រថៃបច្ចុប្បន្ន គឺជាការផ្គុំឡើងដោយការច្របាច់ចូលគ្នានូវអាណាខេត្តខ្មែរទាំងឡាយ ទាំងធំទាំងតូច ដែលប្រជាជនខ្មែរបានបាត់បង់ជាបន្តបន្ទាប់ក្នុងយន្តការនៃ ប្រវត្តិសាស្ត្រ ។ ព្រឹត្តការណ៍នេះបានកើតឡើងក្រោយពីការលេចធ្លោឡើងរដ្ឋសៀម ដំបូងបង្អស់នៅសុខោទ័យ ។ ដូច្នេះអាចធ្វើឲ្យគេសន្និដ្ឋានអំពីប្រភពមន-ខ្មែរ ចំពោះសមិទ្ធិផលសង្គមវប្បធម៌នាសម័យបុរេប្រវត្តិសាស្ត្រ និងខ្មែនាសម័យប្រវត្តិសាស្ត្រ ពោលគឺសតវត្សរ៍ទី១ ដល់សតវត្សរ៍ទី១៣ – ១៤ ។
ជារួម គេអាចឈ្វេងយល់ពីការបាត់បង់នៃទឹកដីខ្មែរដ៏ធំធេងនេះយ៉ាង ត្រឹមត្រូវ ជាបន្តបន្ទាប់តាមវឌ្ឍនាការនៃប្រវត្តិសាស្ត្រ ដោយមានបុរាណវិទ្យាជាភស្តុតាងឥតប្រកែកបាន ។
តែទោះយ៉ាងនេះក្តី យើងនៅមិនទាន់អាចកំណត់ចំនួនខេត្តខ្មែរទាំងនោះយ៉ាងប្រាកដបាននៅឡើយ ពីព្រោះតាមពិតទៅ ក្រោយពីការដណ្តើមបានខេត្តបុរាណទាំងនោះ អាជ្ញាធរសៀមរមែងតែផ្លាស់ប្តូរឈ្មោះជានិច្ច ។ ដូច្នេះ យើងអាចដឹងឈ្មោះបាន ប្រាកដនៃឈ្មោះខេត្តណាមួយបានជាស្ថាពរ លុះត្រាតែមានចំណារលើថ្ម ឬកំណត់ហេតុផ្សេងៗ ដែលយើងអាចផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវហ្មត់ចត់ ។
ម្យ៉ាងវិញទៀត យើងបានធ្វើការកត់សម្គាល់រួចមកហើយនូវវត្តមាននៃខេត្តខ្មែរមួយចំនួន ដែលត្រូវបានចារនៅលើផ្ទាំងសិលាប្រាសាទព្រះខ័ន នាចុងសតវត្ស ទី១២ នៃគ.ស យ៉ាងហោចណាស់ក៏មួយចំនួនដែរ តែក្រោយមកដោយរវាងសតវត្សទី១៣ និង១៨ យើងពុំមានអត្ថបទសិលាចារឹកបញ្ជាក់ នេះជាការណ៍មួយផ្តល់ក្តីលំបាកជាច្រើន ដើម្បីកំណត់ឈ្មោះនៃអាណាខេត្តទាំងនោះឲ្យបានជាក់លាក់ ។
ទោះយ៉ាងណាក៏ដោយ សិលាចារឹកនិងអត្ថបទមួយចំនួន ជាពិសេស សិលាចារឹកប្រាសាទព្រះខ័នបានបង្ហាញឲ្យឃើញច្បាស់នូវឈ្មោះខេត្ត ឬបុរីមួយចំនួនដូចតទៅនេះ : លពបុរី (ល្វបុរី), ផេតបុរី (វេជ្របុរី), និង កញ្ជានៈបុរី (សិង្ហបុរី) ជាដើម ។
សំខាន់ជាងនេះទៀត ទម្រង់លក្ខណៈព្រមទាំងឈ្មោះរបស់ខេត្តខ្មែរបុរាណទាំងនោះត្រូវគេ ផ្លាស់ប្តូរដោយសមស្របតាមការអភិវឌ្ឍន៍ ឬទំនើបកម្មតាមដំណាក់កាលនីមួយៗនៃប្រវត្តិសាស្ត្រ គឺមានការបង្កើតខេត្តថ្មី ថែមទៀតផងដូចប្រទេសខ្មែរនាសម័យទំនើបអញ្ចឹង ។
ដូច្នេះជាទូទៅ គេយល់ថា គេមិនគប្បីចាប់អាម្មរណ៍លើចំនួនខេត្តដែលបានបាត់បង់រួចទៅហើយ ក្នុងអតីតកាលនោះទេ ។ សម្រាប់យើង ដើម្បីប្រមើមើលឲ្យឃើញពីវិសាលភាពនៃទឹកដីខ្មែរនាសម័យមហានគរ គេត្រូវធ្វើសេចក្តីសង្កេតថា ទឹកដីថៃបច្ចុប្បន្ន គឺជាកេរដំណែលដ៏ពិសិដ្ឋរបស់ប្រជាជន និងព្រះរាជាណាចក្រកម្ពុជាបុរាណយ៉ាងពិតប្រាកដ ។
ខាងលើនេះ ជាប្រការដែលបង្ហាញឲ្យឃើញថា នៅក្នុងខេត្តមួយចំនួនរបស់ថៃបច្ចុប្បន្ន ដូចជា ខេត្តចន្ទបុរី, ត្រាត, បច្ចិមបុរី, ស្រះកែវ, នគររាជសីមា និង សុរិន្ទ្រជាដើម ដែលមានជនជាតិខ្មែរកំពុងរស់នៅ ហើយថែមទាំងរក្សាបានភាសាខ្មែរ ដែលស្ថិតក្នុងអម្បូរមន-ខ្មែរ និងប្រពៃណីទំនៀមទំលាប់ដូនតាផង គឺជាទឹកដីខ្មែពិតៗ ៕