ចិន​កោះហៅទូតអាមេរិកមកតវ៉ារឿង លក់​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 December, 2015 ក+ ក-

​ប៉េកាំង​៖​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​កោះហៅ​មន្ត្រី​ទូត​អាមេរិក​ប្រចាំ​ទីក្រុង​ប៉េកាំង​មកជួប​ដើម្បី​ធ្វើការ​តវ៉ា​ជា​ផ្លូវការ​ចំពោះ​សេចក្តីសម្រេច​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់​។ ចិន​បានទាមទារ​ឲ្យ​អាមេរិក​លុបចោល​វិញ​នូវ​កិច្ចសន្យាលក់​គ្រឿង​សព្វាវុធ នេះ ដោយបាន​ព្រមាន​ថា នឹងដាក់​ទណ្ឌកម្ម​ដល់​ក្រុមហ៊ុន​ណា​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចសន្យា​នេះ​។​
​កិច្ចសន្យា លក់​គ្រឿង​សព្វាវុធ ទៅ​ឲ្យ​តៃវ៉ាន់ ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​រហូតដល់​ទៅជិត ២​ពាន់​លាន​ដុល្លារ ហើយ​ក្នុងនោះ​ក៏មាន​នាវាចម្បាំង​ដ៏​ទំនើប​ចំនួន ២​គ្រឿង​ផងដែរ ត្រូវបាន​រដ្ឋាភិបាល​អាមេរិក​បញ្ជូន​ទៅសុំ​ភ្លើង​ខៀវ​ពីស​ភា​កាលពី​ថ្ងៃ​ពុធ ។ ទោះជា​យ៉ាង​ក៏ដោយ​គេ​រំពឹងថា សភា​នឹង​អនុម័ត​ចំពោះ​គម្រោង​លក់​គ្រឿង​សព្វាវុធ​នេះ ព្រោះ​បច្ចុប្បន្ននេះ សភា​អាមេរិក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​គណបក្ស​សាធារណរដ្ឋ ដែលជា​ទូទៅ​គាំទ្រ​ការលក់​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​តៃវ៉ាន់​ស្រាប់​ទៅហើយ​។​
​ក្រោយពី​ទទួលដំណឹង​នេះ ចិន​បាន​បញ្ចេញ​ប្រតិកម្ម​តប​វិញ​ភ្លាមៗ ដោយបាន​កោះហៅ​មន្ត្រី​ទូត​អាមេរិក​ឲ្យ​ទៅ​ជួប ដើម្បី​ធ្វើការ​តវ៉ា ហើយ​បាន​ប្រាប់​ទៅ​រដ្ឋាភិបាល​អាមេរិក​ថា ការលក់​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​នេះ គឺជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ លើ​វិធាន​នៃ​ទំនាក់ទំនង​អន្តរជាតិ និង​ជាពិសេស គឺជា​ការបំពាន​ទៅលើ​អធិបតេយ្យភាព និង​សន្តិសុខ​ជាតិ​របស់​ចិន​៕

us fregate perry