ពលករ​ខ្មែរ​ដែលថៅកែ​ថៃ​វ៉ៃ​បែក​គ្រាប់ ភ្នែក​ម្ខាង​អំពាវនាវឲ្យអាជ្ញាធរកម្ពុជាជួយ ដោះស្រាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2015 ក+ ក-

​បាត់ដំបង​៖បុរស​ពលករ​ខ្មែរ​ម្នាក់ ត្រូវ​ថៅកែ​ជនជាតិ​ថៃ​វាយ​នឹង​ស្នាប់​កាំភ្លើងខ្លី បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម​ស្រោច​មុខ​និង​បែក គ្រាប់ភ្នែក​ស្តាំ កាលពី​ព្រឹក ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​២០១៥ កន្លងទៅនេះ ខណៈដែល​បុរស​ពលករ​រូបនេះ ទៅធ្វើជា​កម្មករ ស៊ីឈ្នួល​បេះ​ផ្លែឈើ​ទាំង​ប្តី​និង​ប្រពន្ធ នៅក្នុង​ស្រុក​មួយ​របស់​ថៃ ដែល​ជាប់​នឹង​ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​តាម​ការរៀបរាប់​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ពិត ដួង អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើត និង​រស់នៅ​ខេត្តពោធិសាត់ ដែល​អះអាងថា​ជា​ប្រពន្ធ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ប្តី​របស់គាត់​ដែល​រងគ្រោះ​មានឈ្មោះ ម៉ៅ វុ​ធ  ដែល​បានធ្វើ​ចំណាកស្រុក​ពី​ស្រុកកំណើត​ទៅ ធ្វើជា​ពលករ​ស៊ីឈ្នួល​បេះ​ផ្លែឈើ​នៅ​ប្រទេស​ថៃ​អស់​រយៈ​៧-៨​ខែ​មក​នោះ ត្រូវបាន​ថៅកែ​ជនជាតិ​ថៃ​វាយ​ក្បាល​នឹង​ស្នាប់​កាំភ្លើងខ្លី​បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម និង​បែក​គ្រាប់ភ្នែក​ខាងស្តាំ​យ៉ាងធ្ងន់ធ្ងរ ហើយ​បាន​ដឹក​តាម​ម៉ូតូឌុប​យកប្តី​របស់ខ្លួន​មកប្តឹង​សមត្ថកិច្ច​ខាង​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​នៅ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​។​

​ស្ត្រី​ឈ្មោះ ពិត ដួង បាន​រៀបរាប់​ពី​ដំណើរ​រឿងហេតុ​ការកើតឡើង​ថា ពួកគាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ស៊ីឈ្នួល​បេះ​ផ្លែឈើ និង​ធ្វើការ​ឲ្យ​ថៅកែ​ថៃ​ម្នាក់ ឈ្មោះ អេ​ម (​ជនជាតិ​ថៃ​) រស់នៅ​ចំណុច​ភូមិ​សំរោង​(​ប្រទេស​ថៃ​) ដែល​ឈម​នឹង​ស្រុក​កំរៀង ខេត្តបាត់ដំបង​។

ប្រភព​ដដែល​បន្តថា មុន​ហេតុ​ការកើតឡើង គាត់​២​នាក់​ប្តី​ប្រពន្ធ​បាន​ទំនាស់​ពាក្យសំដី​ឈ្លោះប្រកែក​គ្នា​ពេល​កំពុងធ្វើការ​បេះ​ផ្លែឈើ​ជាមួយគ្នា ដោយសារតែ​ប្តី​ខ្លួន​ឈ្មោះ ម៉ៅ វុ​ធ  បាន​ផឹកស៊ី​កាលពី​ល្ងាច ហើយ​រូបគាត់​បាន​ដាស់តឿន​ប្តី​ពី​រឿង​ផឹកស៊ី​… ក៏ ឈ្លោះ​គ្នា​ប្រកែក​បន្តិចបន្តួច កាលពី​ព្រឹក ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ ដោយសារតែ​ថៅកែ​ថៃ​មិន​ចូលចិត្ត​។ ក្នុងពេល​ប្រកែក​ឈ្លោះ​គ្នា​នេះ ប្តី​ខ្លួន​បាន​បណ្តេញ​ឲ្យ​ឈប់​ធ្វើការ​ត្រឡប់មក​ដី​ខ្មែរ​វិញ​។

ខណៈនោះ​ថៅកែ​ជនជាតិ​ថៃ​ដៃដល់ ឈ្មោះ អេ​ម បាន​ស្ទុះ​ទៅ​ទាញយក​កាំភ្លើងខ្លី​មក​វាយ​លើ​ប្តី​ខ្លួន​តែម្តង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ប៉ោង​ហើម​បែក​គ្រាប់ភ្នែក​ស្តាំ​។​បន្ទាប់មក គាត់​បាន​យកប្តី​គាត់​ទៅកាន់​មន្ទីរ​ព​ទ្យ ។​ពេលទៅដល់​មន្ទីរពេទ្យ​គ្រូពេទ្យ​បាន​ប្រាប់ថា​ជនរងគ្រោះ​បាន​បែក​គ្រាប់ភ្នែក​ម្ខាង ទើប​គាត់​ដឹក​ប្តី​មកប្តឹង​សមត្ថកិច្ច​មាត់ច្រក​អន្តរជាតិ​ដូង ខេត្តបាត់ដំបង ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ឲ្យ​រូបគាត់ និង​ប្តី​។​

​ទោះបី​មាន​ករណី​កើតឡើង​ខាងលើ និង យោងតាម​ការប្តឹង​សមត្ថកិច្ច​មាត់ច្រក ឲ្យ​ជួយ​អន្តរាគមន៍​នៅក្នុង​រឿងនេះ ពី ទង្វើ​ជនដៃដល់​ជនជាតិ​ថៃ​ឈ្មោះ អេ​ម ជា​ថៅកែ​ជនរងគ្រោះ គេ​មិនដឹងថា​សមត្ថកិច្ច​ទីនោះ មាន​ចំណាត់ការ​បែបណា​នោះទេ ខណៈដែល​ជនរងគ្រោះ​បានដាក់​បណ្តឹង​រួចហើយនោះ​?​។

​គួររំឭកថា កន្លងមក​មានការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​ដែល​ចេញ​ទៅរក​ការងារ​ធ្វើ​ប្រទេស​ថៃ​ទាំង​ស្របច្បាប់​និង​ខុសច្បាប់​ថា​៖ អាជ្ញាធរ​កម្ពុជា​មិនសូវ​យកចិត្តទុកដាក់​ជួយ​អន្តរាគមន៍​ពេល​ប្រជាពលរដ្ឋ​របស់ខ្លួន​ជួប​បញ្ហា​ប្រឈម​នានា​នោះទេ ខុសពី​អាជ្ញា​ធេ​ថៃ បើសិន​ពលរដ្ឋ​គេ​មានរឿង​អ្វី​កើតឡើង​ទោះ​រឿង​ខុស​ឬ​ត្រូវ​ក៏ដោយ គឺ​សមត្ថកិច្ច និង​តម្រួត​ថៃ​ចេញមុខ​ដោះស្រាយ​ជួយ​ភ្លាមៗ​។

​តាម​សំដី​ជា​ប្រពន្ធ​ជនរងគ្រោះ និង​ជនរងគ្រោះ ឈ្មោះ ម៉ៅ វុ​ធ បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ ថា​៖ ពួកគាត់​បានចេញ​មក​ធ្វើការ​តាម​ច្រក​ដូង​នេះ​ត្រឹមត្រូវ​ស្របតាម​ច្បាប់​កំណត់​។ ដូចនេះ គាត់​សុំ​ឲ្យ​អាជ្ញាធរ​ឬ​សមត្ថកិច្ច​នៅ​ទីនោះ​ជួយ​អន្តរាគមន៍ ជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​២​នាក់​ប្តី​ប្រពន្ធ​ផង​ព្រោះ​គាត់​គ្មាន​លុយ​ព្យាបាល​របួស​បែក​គ្រាប់ភ្នែក​យ៉ាងធ្ងន់ធ្ងរ​បែបនេះ​ទេ ម្យ៉ាងទៀត​ការអន្តរាគមន៍​គឺ​បង្ហាញ​ឲ្យ​ភាគី​ថៃ​ឃើញថា កម្ពុជា​បាន​យកចិត្តទុកដាក់ និង​ការពារ​អាយុជីវិត​ពល​ករ​ខែ្មរ​ទូទៅ​មិន​ឲ្យ​មានការ​រំលោភបំពាន​ក្រៅច្បាប់​នោះឡើយ​៕    ដោយ៖ប៉ែន សុផល  rfdewbbbfrfdaaahbgvfddderxewccc