បាត់ដំបង៖រោងសិប្បកម្មចំនួន៣កន្លែងដែលមានម្ចាស់ឈ្មោះ ជី ឈ្មោះអូន និងឈ្មោះវាំង ស្ថិតនៅក្នុងក្រុងបាត់ដំបងត្រូវបានកត់សម្គាល់ថា បានកែច្នៃឈើខុសច្បាប់បើទោះបីជាមានច្បាប់បើកសិប្បកម្មក៏ដោយ ព្រោះថាឈើដែលកែច្នៃនោះជាប្រភេទឈើប្រណីតដែលបានមកដោយខុសច្បាប់។
មន្ត្រីមូលដ្ឋានមួយរូបបានបញ្ជាក់ថា ក្នុងមួយខែៗគេឃើញរថយន្តដឹកឈើប្រណីតយ៉ាងច្រើនចូលក្នុងរោងសិប្បកម្មកែច្នៃឈើចំនួន៣កន្លែង ដែលរងការរិះគន់ពីប្រជាពលរដ្ឋយ៉ាងខ្លាំង ប៉ុន្តែសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងក្រុងបាត់ដំបងគ្មានអ្នកចេញបង្ក្រាបនោះទេ ។ប្រភពបន្តថា ពលរដ្ឋក្នុងខេត្តជាច្រើនគេបានដឹងថា សិប្បកម្មកែច្នៃឈើទាំង៣កន្លែងនេះ មានអ្នកមានអំណាចខ្លាំងនៅកាងពីក្រោយ ក្នុងនោះក៏មានមន្ត្រីជំនាញព្រៃឈើផងដែរ។
ប្រភពព័ត៌មានបញ្ជាក់ថា ទីតាំងទី១-មានម្ចាស់ ឈ្មោះជី ស្ថិតនៅក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទីតាំងទី២-មានម្ចាស់ឈ្មោះអូន ស្ថិតនៅក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទីតាំងទី៣-មានម្ចាស់ឈ្មោះវាំង ស្ថិតនៅក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
មជ្ឈដ្ឋានជាច្រើននៅក្រុងបាត់ដំបងបានរិះគន់ថា សិប្បកម្មកែច្នៃឈើទាំង៣ កន្លែងខាងលើនេះមានរូបភាពជាសិប្បកម្មស្របច្បាប់ តែបញ្ហាសំខាន់នោះគឺឈើប្រណីតដែលដឹកជញ្ជូនចូលទៅក្នុងរោងសិប្បកម្មខាងលើភាគច្រើនជាឈើខុសច្បាប់។ប្រភពអះអាងថា ជាញឹកញាប់គេឃើញមានចំនួនឈើច្រើនណាស់ដែលឈ្មួញបានដឹកជញ្ជូនយកទៅកែច្នៃក្នុងរោងសិប្បកម្មខាងលើ តែមិនដែលឃើញសមត្ថកិច្ចជំនាញចុះទៅត្រួតពិនិត្យនោះទេ។
ក្រៅពីសកម្មភាពដឹកឈើប្រណីតដែលគេគិតថាជាឈើខុសច្បាប់ចូលរោងសិប្បកម្មនោះ ប្រជាពលរដ្ឋនៅបានរិះគន់ឥតសំចៃមាត់លើសមត្ថកិច្ចមូលដ្ឋានដែលមិនហ៊ានប៉ះពាល់ ឬព្រមានដល់រោងសិប្បកម្មខាងលើករណីធ្វើឲ្យខូចខាតផ្លូវក្នុងភូមិដោយសារតែការដឹកជញ្ជូនឈើនោះទៀតផង ។ ប្រភពដដែលបានបញ្ជាក់ថាម្ចាស់រោងសិប្បកម្មខាងលើមានមន្ត្រីមានអំណាច នៅក្នុងក្រុងបាត់ដំបងកាងពីក្រោយ ព្រោះកន្លងមកគ្មានសមត្ថកិច្ចជំនាញណាហ៊ានត្រួតពិនិត្យរោងសិប្បកម្ម នោះទេ។
ជុំវិញបញ្ហានេះប្រជាពលរដ្ឋក្រុងបាត់ដំបងបានលើកឡើងថា មន្ត្រីរដ្ឋបាលព្រៃឈើក្រុងបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតគប្បីចុះត្រួតពិនិត្យពី ភាពស្របច្បាប់របស់រោងសិប្បកម្មខាងលើផង ព្រោះដំណើរការរោងសិប្បកម្មទាំង៣កន្លែងបានរងការរិះគន់ពី ប្រជាពលរដ្ឋមូលដ្ឋានច្រើនឆ្នាំមកហើយ។
មន្ត្រីគ្រប់គ្រងបរិស្ថាន និងរដ្ឋបាលព្រៃឈើខេត្តបាត់ដំបង មិនអាចទាក់ទងសុំការបកស្រាយពាក់ព័ន្ធនឹងព័ត៌មានខាងលើបានទេកាលពីព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៥ នេះ៕ដោយ៖សហការី