ក្រសួងមហាផ្ទៃត្រួតពិនិត្យពលករខុស ច្បាប់ក្នុងការដ្ឋានសំណង់ក្រុមហ៊ុន ហុង កុងឡែន
ភ្នំពេញ៖ នេះជាលើកទី២ ដែលកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្ដ នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៤ខែ ធ្នូ ឆ្នាំ២០១៥ បានឆ្មក់ចូលត្រួតពិនិត្យ ក្នុងការដ្ឋាន សំណង់ក្រុមហ៊ុន ហុងកុងឡែន បេនសិនលីមីធីត មួយកន្លែងស្ថិតនៅខាងក្រោយស្ថានទូតអាមេរិក ជិតរមនីយដ្ឋានវត្តភ្នំ ដើម្បីរុករកដោយរកឃើញពលករ ខុសច្បាប់ ចាប់បញ្ជូនទៅស្រុកកំណើតវិញ។
ក្នុងប្រតិបត្តិការណ៍នោះដែរលោកឧត្ដមសេនីយ៍ ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្ដនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរដែនដី កំលាំង ជំនាញ នៃនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្ដ នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃបានចុះត្រួតពិនិត្យពលករ ដែលកំពុងបំរើការនៅក្នុង ការដ្ឋានសំណង់
ស្ថិតខាងក្រោយស្ថានទូតអាមេរិកយីហោ (ហុងកុងឡែន បេនសិនលីមីធីត) នៅទីតាំងលេខ១ផ្លូវលេខ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ក្នុងប្រតិបត្តិការជាលើកទី២នោះដែរសមត្ថកិច្ចរកឃើញថា នៅទីតាំងការដ្ឋាននោះមានកម្មករទាំងបរទេស និងខ្មែរសរុបចំនួន១៤៣នាក់ក្នុងនោះមានជនជាតិវៀតណាម ៣១នាក់ ហ្វីលីពីន៧នាក់ កូរ៉េ១២នាក់ អង់គ្លេស១នាក់ និងខ្មែរ៩០នាក់។ តែមិនបានឃាត់ខ្លួននោះទេពោលគឺពួកគេទាំងអស់សុទ្ធតែមានឯកសារគ្រប់គ្រាន់ ពីព្រោះសមត្ថកិច្ចបានណែនាំម្តងរួចទៅហើយនោះទើបការចុះពិនិត្យបែបបទជនអន្តោប្រវេសន៍ លើកទី២នេះរកមិនឃើញមានអ្នកណារស់នៅខុសច្បាប់ឡើយ។
លោកឧត្ដមសេនីយ៍ ទោ អ៊ុក ហៃសិឡា បានណែនាំដល់មេការសំណង់ សំុកំុទទួលជនអន្តោប្រវេសន៍មកធ្វើការងារឲ្យខ្លួនអី តែបើមិនស្តាប់តាមការណែនាំទេនោះ នាំឲ្យសមត្ថកិច្ចឃាត់ខ្លួននិងត្រូវបណ្តេញចេញពីប្ររទេសកម្ពុជា បន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេមិនមានឯកសារត្រឹមត្រូវនោះទេ៕ ដោយ៖ គ បញ្ញា