ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង មិន​ចាត់ការ​លើ​ក្រុម​ឧកញ៉ា អ៊ុក គឹម​សាន ចូល​កាប់​ឈើ​ក្នុងព្រៃ​ឡង់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2015 ក+ ក-

​ខេត្តស្ទឹងត្រែង​៖​គំនរ​ឈើ​ប្រណីត​ប្រភេទ​ឆ្នង់​ជាច្រើន​ដុំ និង​ច្រើន​ម៉ែត្រ​គីប​ត្រូវបាន​ក្រុម​ឈ្មួញ​ដឹកយក​មក​គរ​ទុក​នៅត្រង់ចំណុច​ភូមិ​អន្លង់​ស្អំ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ វ៉ា​ត់ ខេត្តស្ទឹងត្រែង ខណៈដែល​ឈើ​ទាំងនោះ​ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា ក្រុម​ឈ្មួញ​បាន​កាប់ និង​ដឹក​ចេញពី​តំបន់​ព្រៃ​ឡង់​។ ប៉ុន្តែ​អភិបាលខេត្ត​ស្ទឹងត្រែង​លោក កុល សំអុល និង​មេ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​លោក ឈាង តុលា ហាក់ដូចជា​មិនមាន​វិធានការ​ទប់ស្កាត់​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង​ទាំងមូល​រង​ការកាប់បំផ្លាញ​ជា​រៀងរាល់ថ្ងៃ ហើយ​លោក កុល សំអុល និង​លោក ឈាង តុលា គឺជា​អ្នកទទួលខុសត្រូវ​នៃ​វិនាសកម្ម​ក្នុងការ​កាប់បំផ្លាញ​ព្រៃឈើ​ខាងលើនេះ​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ទីតាំង​ខាងលើនេះ​គ្រាន់តែ​ជា​កន្លែង​ស្ដុក​ឈើ​ប៉ុណ្ណោះ មុននឹង​គេ​ដាក់​រថយន្ត​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម ។ ឈើ​ទាំងនោះ​ត្រូវ​ក្រុម​ឈ្មួញ​បញ្ជូន​កម្លាំង​កម្មករ​ទៅ​កាប់​ផង និង​ទិញ​ពី​ប្រជាពលរដ្ឋ​ដែល​នាំគ្នា​ចូល​កាប់​ឈើប្រណិត​ក្នុង​តំបន់​ព្រៃ ឡង់​ផង​ដែល​គេ​ដឹងថា​ឈើ​រាប់សិប​ម៉ែត្រ​គីប​សុទ្ធសឹង​ជា​ប្រភេទ​ឈើ​ធ្នង់ ត្រូវបាន​គេ​ដឹក​ចេញ​ជា​រៀងរាល់ថ្ងៃ​ពី​ទីតាំង​ខាងលើ​ឆ្ពោះទៅ​ប្រទេស​វៀតណាម ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​អះអាងថា ការដឹកជញ្ជូន​ឈើ​ប្រណីត​ជា​រៀងរាល់ថ្ងៃ​របស់​ក្រុម​ឈ្មួញ​គឺ​មិន​បង្ក​ការរំខាន​ដល់​សមត្ថកិច្ច​នោះឡើយ ព្រោះ​ក្រុម​ឈ្មួញ​មាន​អ្នករត់​ការ​ដ៏​ល្បីល្បាញ​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ ប៉ូ​លី គ្រា​ដែល​អ្នក​រត់ការ​មា្ន​ក់​នេះ​មិនដែល​ធ្វើ​ឲ្យ​មានការ​ថ្លោះធ្លោយ​ត្រូវ​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​បង្ក្រាបបាន​នោះឡើយ ។

តាម​ព័ត៌មាន​ដែល​ទទួលបាន​ឈើ​ប្រណីត​រាប់រយ​ម៉ែត្រ​គីប​ដែល​កំពុង​ស្ដុក​នៅ​ចំណុច​ភូមិ​អន្លង់​ស្អំ​នេះ​ជា​របស់លោក​ឧកញ៉ា​ម្នាក់​ឈ្មោះ អ៊ុក គឹម​សាន ដែល​ល្បី​ខាង​រកស៊ី​ឈើ​នៅ​ខេត្តស្ទឹងត្រែង​ច្រើន​ឆ្នាំ​មកហើយ ។

ប្រភព ដដែល​បញ្ជាក់ថា តំបន់​ព្រៃ​នៅ​ខេត្តស្ទឹងត្រែង​ពុំមាន​ឈើ​ប្រណីត​នៅ​សេសសល់​នោះទេ​គឺមាន​តែ តំបន់​ព្រៃ​ឡង់​ប៉ុណ្ណោះ​ដែល​អាច​នៅ​សេសសល់​ឈើប្រណិត​ខ្លះ ។ ប៉ុន្តែ​មកដល់ពេលនេះ​ក្រុម​ឈ្មួញ​បាន​នឹង​កំពុង​សម្រុក​កាប់បំផ្លាញ ឈើប្រណិត​នៅ​តំបន់​ព្រៃ​ឡង់​ដែល​អាច​នាំ​ដល់​ការ​អន្តរាយ​ធ្ងន់ធ្ងរ​សម្រាប់ ព្រៃ​ឡង់​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​បាន​សម្ដែង​នូវ​ការភ្ញាក់ផ្អើល ពេល​អ្នកកាសែត​បានផ្ដល់​ព័ត៌មាន​ទាក់ទង​គំនរ​ឈើ​រាប់រយ​ម៉ែត្រ​គីប​ដែល​គេ គរ​ទុក​នៅ​ចំណុច​ខាងលើ ។ លោក​អះអាង​ប្រាប់​អ្នកកាសែត​ថា នឹង​ដឹកនាំ​កម្លាំង​ចុះទៅ​តំបន់​នោះ​ដើម្បី​ពិនិត្យ​ជាកស្ដែង ។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​គេ​ពុំទាន់​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ណា​ចុះទៅពិនិត្យ និង​ចាត់វិធានការ​នោះឡើយ ។ ចំណែក​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មា្ន​ក់​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​ខ្សឹប​ប្រាប់ថា មិនអាច​បង្ក្រាប​នោះទេ ព្រោះ​ឧកញ៉ា​ដែលជា​ម្ចាស់​ឈើ​នោះបាន​រត់ការ​បិទមាត់​គ្រប់​ច្រកល្ហក​អស់ហើយ ។

ប្រជាពលរដ្ឋ សម្ដែង​ការព្រួយបារម្ភ​ចំពោះ​សកម្មភាព​បន្ត​កាប់បំផ្លាញ​ព្រៃឈើ​តំបន់​ព្រៃ ឡង់​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ គ្រា​ដែល​មន្ត្រី​ជំនាញ​ហាក់​មិន​អើពើ​ក្នុងការ​បង្ក្រាប​ដែល​អាច​នឹង​ឲ្យ ឈើ​ព្រៃ​ឡង់​រង​ការបំផ្លាញ​អស់​គ្មាន​សល់​មិន​ខាន​។

ពាក់ព័ន្ធ​ករណីនេះ មេគង្គ​ប៉ុស្តិ៍ បាន​ព្យាយាម​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក​ឧកញ៉ា អ៊ុក គឹម​សាន និង​មេការ​ផងដែរ ប៉ុន្តែ​ពុំ​អាច​ទំនាក់ទំនង​បាន​នៅឡើយ​៕gtcrdaa
xdxszbb