ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិជួបប្រជុំជាមួយយោធា-នគរបាលខេត្តអានយ៉ាង ប្រទេសវៀតណាម ដើម្បីពង្រឹងសន្តិសុខក្នុងឱកាសប្រមុខដឹកនាំនៃប្រទេសទាំងពីរអញ្ជើញជាអធិបតីភាពសម្ពោធបង្គោលព្រំដែននៅខេត្តតាកែវ។
លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ រួមដំណើរ ដោយលោក អ៊ុន វណ្ណា អភិបាលរងខេត្ត,លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្ត,លោកស្នងការរងទទួលការងារព្រំដែន,លោកមេបញ្ជាការវរសេនាតូចលេខ៦០៣,លោកអធិការនគរបាលស្រុកគិរីវង់បានចូលរួមកិច្ចប្រជុំជាមួយយោធានគរបាលខេត្តអានយ៉ាងប្រទេសវៀតណាមដើម្បីរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ជូននាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីកាត់ខ្សែបូរណ៍សម្ពោធបង្គោលព្រំដែនលេខ២៧៥(ច្រកទ្វារអន្តរជាតិភ្នំដិន) ស្ថិតក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥។
បន្ទាប់មកលោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស បានបន្តមកចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយលោក ឡាយ វណ្ណៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីៈលោកអភិបាលរងខេត្ត,លោកស្នងការខេត្ត ,មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត,លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត,លោកស្នងការរងព្រំដែន,លោកអធិការស្រុក,អភិបាលស្រុក និងសមាសភាពពាក់ព័ន្ធមួយចំនួនទៀត ដើម្បីត្រួតពិនិត្យផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីសម្ពោធបង្គោលព្រំដែនលេខ២៧៥ នាថ្ងៃទី២៦ ខែ ធ្នូឆ្នាំ២០១៥៕ដោយ៖អ.វឹង