ខេត្តត្បូងឃ្មុំ៖ ស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ដោយដាច់ជើង ធ្លាយពោះវៀន ខ្ទេចក្បាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និងម៉ូតូខណ:ដែលជនរងគ្រោះជិះមូតូតាមដងផ្លូវ ហើយជែងរថយន្តបណ្តាលអោយដួល ហើយត្រូវរថយន្តធុនធំមួយគ្រឿងបើកមក ពីមុខច្រាសទិសគ្នាបុកកិនអូសបណ្តាលអោយស្លាប់ភ្លាមៗតែម្តង។
ហេតុការណ៏នេះបានកើតឡើង កាលពីវេលាម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅម្តុំ វត្ដស្រែសៀម ឃុំជីរោ២ ស្រុកត្បូងឃ្មុំ ស្រុកត្បូងឃ្មុំ ខេត្តឃ្បូងឃ្មុំ ។
ជនរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះម៉ុន គន្ធី ភេទស្រី អាយុ៤៧ ឆ្នាំ ភូមិលេខ៥ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រៀងម៉ាក Smash Revo ស្លាកលេខ1X-2048 តាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ ម៉ូតូបានបើកជែងរថយន្ត ហើយដួល ស្រាប់តែភ្លាមនោះ រថយន្តធំមួយគ្រឿងម៉ាកHYANDAI ពណ៌ក្រហម មានស្លាកលេខ3C-0777 បើកក្នុងទិសដៅបញ្ច្រាសគ្នា កិនហើយអូសជនរងគ្រោះជាប់កង់ឡាន ធ្លាយពោះវៀន ដាច់ជើងម្ខាង បែកក្បាលធ្លាយខួរ ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងតែមង្ត។ដោយឃើញសភាពដូចនេះអ្នកបើកបររថយន្តបង្កបានព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ ហើយចុះរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្ត។
ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើការវាស់វែងធ្វើ ព្រមទាំងបាននាំយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនីតិវិធី ចំណែកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សុផល