ភ្នំពេញ៖ម្ចាស់ក្លឹប ដឺហាប់ ខារ៉ាអូខេគ្រួសារ បានព្រមានធ្ងន់ៗទៅអាជ្ញាធរខណ្ឌជ្រោយចង្វាថា ប្រយ័ត្នជ្រុះស័ក្តិ ខណៈកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងខាងលើដោយសារក្លឹបមួយនេះសម្បូរទៅដោយក្មេងៗសិស្សសាលាមិនគ្រប់អាយុបោះបង់ការសិក្សាចូលមកសំងំច្រៀងរាំពពាក់ពពូនរៀងរាល់ថ្ងៃ។
ក្លិប ដឺហាប់ ខារ៉ាអូខេគ្រួសារ (THE HUB FAMILY KTV) ដែលមានក្មេងសិស្ស សាលា អាយុក្រោម១៨ឆ្នាំ មកប្រមូលផ្តុំគ្នាច្រៀងរាំយ៉ាងពពាក់ពពូននេះ មានទីតាំងស្ថិតនៅតាមផ្លូវម៉ាស៊ីនទឹក ភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា ខាងកើតរាជធានីភ្នំពេញ ។
លោក ហ៊ុយ សារុន អភិបាលរងខណ្ឌជ្រោយចង្វា តាមបញ្ជារបស់លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា កាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ បានដឹកនាំសមត្ថកិច្ចចម្រុះរបស់សាលាខណ្ឌបញ្ជាឲ្យចុះបិទក្លិប ដឺហាប់ ខារ៉ាអូខេគ្រួសារ (THE HUB FAMILY KTV) ជាបណ្តោះអាសន្ន ក្រោយពីបានដឹងថាមានក្មេងសិស្សសាលាអាយុក្រោម១៨ឆ្នាំ មកប្រមូលផ្តុំគ្នាពពាក់ពពូនបោះបង់ចោលការសិក្សា ប៉ុន្តែត្រូវម្ចាស់ក្លឹបដឺ ហាប់ ខារ៉ាអូខេគ្រួសារ ព្រមានដល់កម្លាំងអាជ្ញាធរមានសមត្ថកិច្ចថា ប្រយ័ត្នជ្រុះស័ក្តិ។
តាមរបាយការណ៍បានឲ្យដឹងថា នៅក្នុងការបង្ក្រាប និងបិទខារ៉ាអូខេនេះ កម្លាំងបានឃាត់ខ្លួន សិស្សសាលាប្រុសស្រី ដែលមានអាយុក្រោម១៨ឆ្នាំ បានចំនួន២៧នាក់ ខណៈកំពុងពពាក់ពពូនគ្នាច្រៀងរាំក្នុងបន្ទប់ខារ៉ាអូខេ។
ក្រោយពេលមានប្រទូស្តរាយន៍ពេលចុះប្រតិបត្តិការបង្ក្រាបទីតាំខាងលើនេះរួចមក លោកអភិបាលខណ្ឌជ្រោយចង្វា បានសម្រេចបញ្ជាឲ្យមានសមត្ថកិច្ច ប៉េអឹម និងសណ្តាប់ធ្នាប់ ដាក់កំលាំងឃ្លាំមើលទីតាំងនេះ ជាបណ្តោះអាសន្ន រង់ចាំចេញលិខិតបិទចោល ។
តាមមន្ត្រីសាលាខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើ ឈ្មោះ លឹម ទីលីវណ្ណ មានតួនាទី ជាជំនួយការលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន៕ដោយ៖គ.បញ្ញា (រូបថត៖CEN)