យុវជន​ហ្វីលីពីន​មួយក្រុម​​បោះជំរំ​លើ​កោះ​Spratly គ្រា​ដែល​ចិនកំពុង​ទាមទារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 December, 2015 ក+ ក-

ហ្វីលីពីន​៖​យុវជន​ហ្វីលីពីន​មួយក្រុម​ដែលមាន​គ្នា​៤៧​នាក់​ដឹកនាំ​ដោយ​អតីត​ទាហានជើងទឹក​ហ្វីលីពីន​ម្នាក់ បាននាំគ្នា​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ប្រជុំ​កោះ Spratly ដើម្បី​តាំងទី​ជា​និ​មិ្ម​ត​រូប នៅលើ​កោះ​កោះ Pag-​ឬ​កោះ Thitu ដើម្បី​ប្រាប់​ទៅ​រដ្ឋាភិបាល​ចិន ដែល​កំពុងតែធ្វើការ​ទន្ទ្រាន ដណ្តើមយក​ប្រជុំ​កោះ នេះ​ជា​របស់ខ្លួន​។​
​ក្រុមយុវជន​នេះ​មាន​ឈ្មោះថា ចលនា Kalayaan Atin Ito ដែល​មានន័យថា​Kalayaan ជា​របស់​យើង​។ ពាក្យ Kalayaan ប្រែ​ថា​សេរីភាព ហើយក៏​ជា​ឈ្មោះ​តំបន់​សហគម​មួយ ដែល​ហ្វីលីពីន បាន​តាំងទី​នៅលើ​ប្រជុំ​កោះ Spratly នេះ​។​
​ក្រុមយុវជន​នេះ ជា​យុវជន​សកម្ម​ក្នុងការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន បង្ហាញ​ការពិត​ប្រាប់​ប្រជាពលរដ្ឋ ស្តីពី សកម្មភាព​រំលោភបំពាន​របស់​ចិន ដោយ​មិនត្រូវ​លាក់លៀម និង​មិនត្រូវ​ខ្លាច​អំណាច​របស់​ចិន​ជាដាច់ខាត​។ រដ្ឋាភិបាល​ហ្វីលីពីន ក៏បាន​ដាក់​ញត្តិ ទៅកាន់​អង្គការសហប្រជាជាតិ ដើម្បី​ទាមទារ​ឲ្យ​ទទួលស្គាល់​អធិបតេយ្យភាព​របស់ខ្លួន​។ តាម​ការគ្រោងទុក សេចក្តីសម្រេច​មួយ​នឹងត្រូវ​ធ្វើឡើង នៅ​ខែមីនា​ឆ្នាំ​ក្រោយនេះ​។ តែ​យ៉ាងណាក៏ដោយ គេ​ពិតជា​មិន​ងាយ​ជឿ​ទេ​ថា ចិន​សុខចិត្ត​ដកថយ​ដោយ​ស្រួលៗ​នោះទេ​។​
​អ្នកនាំពាក្យ​រដ្ឋាភិបាល​ហ្វីលីពីន​បាន​បញ្ជាក់ថា រដ្ឋាភិបាល​មិនបាន​នៅ​ពីក្រោយ ឬ​គាំទ្រ​ចលនា​របស់​យុវជន​មួយក្រុម​នេះ​ទេ​។ ក៏ប៉ុន្តែ​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​យល់​ពី​ទឹកចិត្ត​ស្នេហា​ជាតិ​របស់​ពួកគេ​។
​គួរ​បញ្ជាក់ថា ប្រជុំ​កោះ Spratly ស្ថិតនៅ​ចំងាយ​៥០០​គីឡូម៉ែត្រ ពី​ឆ្នេរ​កោះ Palawan របស់ ហ្វីលីពីន ដែល​តាម​ធម្មតា គឺ​ស្ថិតនៅក្នុង​ដែនទឹក របស់​ហ្វីលីពីន​។ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចិន​បានទាមទារ ប្រជុំ​កោះ​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង ស្ទើរតែ​ទាំងស្រុង ថា​ជា​របស់ខ្លួន​៕

pagasa island