លោក ហ៊ុន សែន ប្រកាស​មិន​លើក លែងទោស សម រង្ស៊ី និង​ស្នើ​ចែងច្បាប់​ប្រធានបក្ស​ត្រូវមាន​សញ្ជាតិ​តែមួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 December, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖​  លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​ទី​២៨ នេះ បានលើកឡើង​នូវ​ចំណុច​ដ៏​សំខាន់​ចំនួន​២​យ៉ាង​ម៉ឺង​មាត់​ថា លោក​នឹង​ស្នើ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​ចែងថា​ប្រធាន​គណបក្ស​រួម​និង​ស្ថាប័ន​ជាតិ​កំពូល​ដទៃទៀត​ត្រូវមាន​សញ្ជាតិ​តែមួយ ហើយ​ថា​លោក​នឹង​កាត់​ដៃស្តាំ​ចោល​ប្រសិនបើ​លោក​ស៊ីញ៉េស្នើលើកលែងទោស​ឲ្យ​លោក សម រង្ស៊ី លើក​ទី​៣​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៥ ។​

​ប្រសាសន៍​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នា​ចុងឆ្នាំ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា​លោក​ស្នើ​ឲ្យ​ក្រុមការងារ​ដែល​នឹង​ពិភាក្សា​ពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ បញ្ចូល​ចំណុច​មួយ​ដែល​ចែងថា​ប្រធាន​គណបក្សនយោបាយ រួម​និង​ស្ថាប័ន​កំពូល​ដទៃទៀត​ត្រូវតែមាន​សញ្ជាតិ​មួយ​ប៉ុណ្ណោះ​។

បើទោះបីជា​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​មិនបាន​ថ្លែង​ចំឈ្មោះ​អ្នកណា​ក្តី ក៏​គេ​ដឹងថា គឺ​សំដៅលើ​លោក សម រង្ស៊ី ដែលមាន​សញ្ជាតិ​បារាំង និង​កំពុង​និរទេស​ពី​ការចាប់ខ្លួន​។​លោកនាយក​រដ្ឋមន្ត្រី​នូវបាន​ថ្លែង​ធ្ងន់ៗ​ថា លោក​នឹង​កាត់​ដៃ​ខ្លួនឯង​ចោល ប្រសិនបើ​លោក​លើកលែងទោស​លោក សម រង្ស៊ី ជា​លើក​ទី​បី “​ខាង​ផ្នែក​គណបក្ស​ប្រជាជន​កំពុងតែ​គិតគូ ដោយសារ​យើង​មានច្បាប់​មួយ​រួចទៅហើយ ប្រធាន​និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវតែ​ជា​សញ្ជាតិ​ខ្មែរ ដូច្នេះ​ពេលខាងមុខ ច្បាប់​ស្តីពី​បក្សនយោបាយ ចាំបាច់​ត្រូវ​កំណត់​ប្រធាន​បក្សនយោបាយ ត្រូវជា​សញ្ជាតិ​ខ្មែរ តែមួយ​ទេ ដើម្បី ចៀសវាង​មានរឿង​អី​កាន់​ប៉ាស្ព័រ​បរទេស​រត់ ហើយ​បរទេស​មក​អន្តរាគមន៍​”​។​

​លោក ហ៊ុន សែន ក៏​ស្នើ​ឲ្យ​មានច្បាប់​ចែងថា ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ប្រធាន​តុលាការ​កំពូល អគ្គព្រះរាជអាជ្ញា អគ្គសវនករ​និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ប្រឆាំង​អំពើពុករលួយ ត្រូវមាន​សញ្ជាតិ​តែមួយ​។ លោក​បញ្ជាក់ថា​ការ​មាន​សញ្ជាតិ​តែមួយ ដើម្បី​កុំ​ឲ្យ​មានការ​ជ្រៀតជ្រែក​ពី​បរទេស​ពេល​មាន​បញ្ហា​អ្វីមួយ​។​

​សូមជម្រាបថា ច្បាប់​គណបក្សនយោបាយ​កម្ពុជា ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​១៩៩៧ ដែលមាន​១១​ជំពូក និង​៤៥​មាត្រា​។​

​គួររំឭកថា លោក សម រង្ស៊ី ត្រូវបាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់ពន្ធនាគារ​២​ឆ្នាំ ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឲ្យ​មានការ​រើសអើង ដែល​ប្តឹង​ដោយ លោក ហោ ណាំហុង បន្ទាប់ពី​លោក សម រង្ស៊ី ថ្លែង​នៅ​សារមន្ទីរ​ជើងឯក​កាលពី​ឆ្នាំ​២០០៨​ថា​លោក ហោ ណាំហុង ជា​អតីត​មេ​គុក​បឹងត្របែក​សម័យ​ខ្មែរក្រហម​។​

​នៅ​ថ្ងៃទី​៤​ខែធ្នូ ឆ្នាំ​២០១៥​កន្លងមកនេះ ក៏ត្រូវ​បាន​តុលា​ការកោះហៅ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​អតីត​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខ​ហួរ ទាក់ទង​នឹង​បទ​ការ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ ដល់​សន្តិសុខ​សង្គម ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១២ និង​១៣ ខែសីហា ឆ្នាំ​២០១៥​។​

​ចំណែក​នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ខាងមុខនេះ​លោក សម រង្ស៊ី ត្រូវ​តុលាការ​កោះហៅ​សាកសួរ​ពី​រឿង​បរិហាកេរ្តិ៍ តាម​ពាក្យបណ្តឹង​របស់លោក គី តិច មេធាវី​លោក ហេង សំរិន មួយ​ករណី​ទៀត​៕​ដោ​យ៖ខេមរា​gvfcd