វាយបែកក្បាលប្លន់យកម៉ូតូបានសម្រេច នៅខណ្ឌចំការមន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 December, 2015 ក+ ក-

(ភ្នំពេញ)៖ ជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូ២​គ្រឿង បាន​ជិះមក​ស្ទាក់ពីមុខ​ជនរងគ្រេាះ រួចយកវត្ថុរឹង សង្ស័យ​ស្នាប់កាំភ្លើង វាយក្បាលបណ្តាល​ហូរ​ឈាម​ស្រោច​ខ្លួន ហើយ​ធាក់ផ្តួល មុនពេលលើក​យក​ម៉ូតូជិះរត់គេចខ្លួន ដោយសុវត្ថិភាព នៅវេលា​ម៉ោងជិត១០យប់​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅជិតវិទ្យាល័យ​ព្រះយុគន្ឋរ ក្នុងសង្កា​ត់​បឹងកេងកងទី២ ខណ្ឌចំការមន។
ជនរងគ្រោះបានប្រាប់​សមត្ថកិច្ចថា ម៉ូតូរបស់​ម៉ាសេ១១០ (សង់ប៊ិច) ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1BR-0368 ។​ ជនរងគ្រោះបាន​បន្ត​ថា ខ្លួន​បានជិះម៉ូតូ​ចេញពីម្តុំផ្សារកណ្តាល​មកផឹកសីុ​ជាមួយ​មិត្តភក្តិ​នៅក្បែរកន្លែងកើតហេតុ លុះពេលជិតដល់​គោលដៅ ក៏លេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង មិនចាំម៉ាក មកវាយនឹងវត្ថុរឹង ហើយពេលនោះខ្លួនភ័យពេក ក៏រត់ចោលម៉ូតូ ដោយទុកកូនសោរនៅជាប់នឹង ម៉ូតូ ក៏ត្រូវពួកវា លើកជិះយកទៅបាត់ទៅ។
ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋាន​ បាន​ចុះទៅ​សួរនាំ ហើយប្រាប់​ទៅជនរងគ្រោះ ទៅមន្ទីរ​ពេទ្យសិន ចាំមកដាក់ពាក្យ​បណ្តឹងតាមក្រោយ។ យ៉ាងណាក៏ដោយ ករណីនេះកម្លាំងនគរបាល​ខណ្ឌចំការមន កំពុងធ្វើ​ការសួរនាំ និងស្រាវ​ជ្រាវ​បន្តទៀតដោយយក​ចិត្ត​ទុកដាក់ ដើម្បីចង់ដឹងថា ជាករណីវាយប្លន់យកម៉ូតូ ឫជារឿងផ្សេងនោះទេ៕ដោយ៖ សួង សាម

IMG-20151231-WA0000 IMG-20151231-WA0001 IMG-20151231-WA0002