ខ្មែរ​កម្ពុជា​ក្រោម​ប្រកាស​ផ្អាក​បាតុកម្ម​ប្រឆាំង​ទូត​វៀតណាម​រង់ចាំ​ដោះស្រាយ​តាម​ការទូត​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 October, 2014 ក+ ក-

ភ្នំពេញ​៖​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ប្រកាស​ផ្អាក​ធ្វើបាតុកម្ម​ទាមទារ​សុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំទោស​ពលរដ្ឋ​ខ្មែរ​ពី​រឿង​ទឹកដី​កម្ពុជា​ក្រោម​បណ្ដោះអាសន្ន ដោយ​រង់ចាំ​ការដោះស្រាយ​តាមរយៈ​ការទូត​វិញ​ម្តង​។​

ការផ្អាក​បាតុកម្ម​នេះ ធ្វើឡើង​ក្រោយពី​បាតុកម្ម​ចូលរួម​ដោយ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម និង​ពលរដ្ឋ​ខ្មែរ បាន​ដើរ​ថ្មើរជើង និង​ដាក់​ញត្តិ​គ្រប់​ស្ថាប័ន​ក្នុង​រាជធានី​ភ្នំពេញ​ចប់សព្វគ្រប់ និង​បានធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម អស់​រយៈពេល ៥​ថ្ងៃ ប៉ុន្តែ​វៀតណាម នៅតែ​មិន​បង្ហាញ​ជំហរ​ក្នុងការ​សុំទោស​រឿង​ប្រវត្តិសាស្ត្រ​ទឹកដី កម្ពុជា​ក្រោម​នោះឡើយ​។​

​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​សារ​នៅមុខ​ស្ថានទូត​វៀតណាម នៅ​ថ្ងៃទី​៨ ខែតុលា ថា ក្រោយពី​ការតវ៉ា ៥​ថ្ងៃ​កន្លងមក ខ្មែរ​គ្រប់​គណបក្សនយោបាយ​បាន​រួបរួមគ្នា​ជា​សំឡេង​ខ្មែរ​តែមួយ​។ លោក​បន្តថា អ្វីដែល​លោក​អះអាងថា​សំឡេង​តែមួយ​នោះ ព្រោះ​ការដាក់​ញត្តិ​នៅ​រដ្ឋសភា នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី ជំនួប​អភិបាល​រាជធានី​ភ្នំពេញ និង​មេគណបក្ស​ឈ្នះឆ្នោត​ទាំងពីរ សុទ្ធតែ​បាន​និយាយ​ពី​ការស្រឡាញ់​ជាតិ និង​ស្ដាយ​ទឹកដី​កម្ពុជា​ក្រោម ដែល​បាត់បង់​ទៅក្នុង​ការគ្រប់គ្រង​រប​ស់​វៀតណាម​។​

លោក​ថា ដោយសារតែ​ខ្មែរ​រួបរួម​សំឡេង​តែមួយ ទើប​គ្មាន​ការបង្ក្រាប​ក្បួន​ហែ​របស់​បាតុករ​ក្នុង​រយៈពេល​៥​ថ្ងៃនេះ​។ មិនតែប៉ុណ្ណោះ គ្រប់​គណបក្សនយោបាយ បាន​ឧបត្ថម្ភ​ស្បៀង​ដល់​បាតុករ​ទៀតផង​៖ «​ពីព្រោះ​ខ្ញុំ​បាន​ជួប​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហើយ​ឯកឧត្តម ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ សម្ដេច ហេង សំរិន ពី​ម្សិលមិញ បាន​ជជែក​ដល់​ប្រធាន​គណៈកម្មការ​នៃ​សភា ឯកឧត្តម ឈាន វុន ក៏​ដូច​ឯកឧត្តម អេង ឆៃអ៊ាង ព្រឹក​មិញ ក៏​យើង​បាន​ជួប​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​។ ដល់ទី​បំផុត បងប្អូន​ដឹងថា​ម៉េច​ទេ គឺ​ពេលនេះ​ភាសា​ខ្មែរ​តែមួយ គឺ​ការពារ​ប្រវត្តិសាស្ត្រ​ខ្មែរ គ្មាន​នរណា​អាច​កែប្រែ​

ប្រវត្តិសាស្ត្រ​ខ្មែរ​បានទេ នេះ​ជា​ជោគជ័យ​ដ៏​ធំ​បំផុត​របស់​យើង​ហើយ​»​។​
​ក្រៅពី​សារ​ពិសេស​ថ្លែង​ក្នុង​ក្បួន​ហែ​នៅ​ថ្ងៃទី​៥ នៃ​ការធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​ពី​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា ក្រោម ក្រុមបាតុករ​ក៏បាន​ធ្វើ​ពិធី​ស្មិងស្មាធិ៍​ចំនួន​ពីរ​នាទី​នៅ​ទីលាន ប្រជាធិបតេយ្យ​។​

ព្រះ​ភិក្ខុ សឹម សុវណ្ណនី ដែល​ដឹកនាំ​ធ្វើ​ពិធី​ស្មិងស្មាធិ៍​មាន​ថេរ​ដីកា​ថា ការធ្វើ​បែបនេះ​ដើម្បី​បន្ថយ​អំពើហិង្សា និង​ការមិន​បៀតបៀន​គ្នា​ពី​សំណាក់​ជាតិ​សាសន៍​វៀតណាម និង​កម្ពុជា​។​
​នៅពេល​ថ្ងៃត្រង់ ក្រុមបាតុករ​បាន​ចែក​ខិត្តប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ ព្រះមុនីវង្ស ផ្លូវ​លេខ​២៦១ ផ្លូវ​កម្ពុជា​ក្រោម មហាវិថី​ព្រះ​មុនី​រ៉េត រហូតដល់​មុខ​ស្ថានទូត​វៀតណាម​។ ខិត្តប័ណ្ណ​នោះ​មាន​គូស​ខ្វែង​លើ​ទង់ជាតិ​វៀតណាម ដោយ​សរសេរ​អក្សរ​ថា យើង​គ្រប់គ្នា​ឈប់​ប្រើ​ទំនិញ និង​សេវាកម្ម​យួន​។​

ពលរដ្ឋ​ដែល​ទទួលបាន​ខិត្តប័ណ្ណ​ថ្លែងថា ផលិតផល​ប្រើប្រាស់​ពី​វៀតណាម គុណភាព​អន់ ប៉ុន្តែ​លក់​ថោក ទើប​មាន​អ្នកទិញ​។ ពួកគាត់​បន្តថា បើសិនជា​វៀតណាម មិន​សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​អំពី​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹកដី កម្ពុជា​ក្រោម​នោះទេ ពួកគាត់​នឹងមិន​ទិញ ឬ​ជួយ​លក់​ផលិតផល​វៀតណាម ទៀត​ទេ​៖ «​ឈប់​តែម្តង​ការប្រើ​របស់​យួន គឺ​ឈប់​ប្រើតែ​ម្តង ចំពោះ​ខ្ញុំ​គឺ​ឈប់​ប្រើ​១០០%»​។​

មន្ត្រី​ស៊ើបអង្កេត​សមាគម​អាដហុក (adhoc) លោក យី សុខសាន្ត ថ្លែងថា បាតុកម្ម​របស់​ខ្មែរ​កម្ពុជា​ក្រោម​អំពី​ទឹកដី​ដែល​វៀតណាម ក្តោប​យក​តាំងពី​ឆ្នាំ​១៩៤៩ នោះ បានធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​ដឹងថា ខ្មែរ​កម្ពុជា​ក្រោម​មាន​ទឹកដី មាន​ជនជាតិ មាន​ប្រពៃណី​ពិតប្រាកដ​៖ «​ទោះ បី​ជា​ប្រទេស​វៀតណាម មិនបាន​ចេញមក​បក​ស្រាយ​អំពី​ការនិយាយ ឬ​អំពី​ការចោទប្រកាន់ថា ដី​ខ្មែរ​កម្ពុជា​ក្រោម ថា​ជា​ដី​របស់​ជនជាតិ​គេ​ក៏ដោយ ក៏​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរក្រោម​នៅលើ​ពិភពលោក ក៏បាន​ធ្វើការ​ទាមទារ ហើយ​ជា​ទស្សនៈ​របស់ខ្ញុំ ខ្ញុំ​ថា រាជរដ្ឋាភិបាល​កម្ពុជា គួរតែមាន​អ្នកប្រវត្តិសាស្ត្រ អ៊ីចឹង​ឲ្យ​ចេញមក​បកស្រាយ​។ ទូរទស្សន៍ យើង​មាន​គ្រប់​ប៉ុស្តិ៍ មាន​វិទ្យុ​ច្រើនណាស់ គួរតែ​ចេញមក​បង្ហាញ​ទៅ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​យល់​ឲ្យ​ច្បាស់​អំពី​ដែនដី​ខ្មែរ​ពីមុន​នៅ ប៉ុណ្ណា ហើយ​ឥឡូវ​នៅ​ប៉ុណ្ណា ដើម្បី​ជា​តំណ ឬ​ជា​ចំណេះដឹង ដើម្បី​ឲ្យ​ក្មេង​ខ្មែរ​ជំនាន់​ក្រោយ​បាន​យល់​ដឹងផង​»​។​

បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៨ ខែតុលា គឺ​មិនមាន​វត្តមាន​មន្ត្រី​ស្ថានទូត​វៀតណាម ចេញមក​ចរចា​នោះទេ បើទោះបីជា​ក្រុមបាតុករ​នៅតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំទោស​ជា​សាធារណៈ​រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដែល​អ្នកនាំពាក្យ ស្ថានទូត​វៀតណាម ឈ្មោះ ត្រឹង វ៉ាំ​ង ថុង ដែលជា​អ្នក​ប្រើពាក្យ​ថា ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម គឺ​វៀតណាម គ្រប់គ្រង​យូរ​មកហើយ​នោះ​។​

បាតុកម្ម​ថ្ងៃទី​៨ ខែតុលា នេះ មាន​ពលរដ្ឋ និង​ព្រះសង្ឃ​ចូលរួម​ហែ​ក្បួន​ច្រើន​រយ​នាក់ និង​មាន​ប៉ូលិសចរាចរ​ជាង ៣០​នាក់ ជិះ​ម៉ូតូ​អប​ដំណើរ​ក្បួន​ហែ​នោះ ដើម្បី​ជួយ​សម្រួល​ចរាចរ​តាម​ដងផ្លូវ​ចាប់ពី​ទីលាន​ប្រជាធិបតេយ្យ រហូតដល់​មុខ​ស្ថានទូត​វៀតណាម​។ នៅមុខ​ស្ថានទូត​វៀតណាម ប្រជាពលរដ្ឋ​ក៏បានផ្តល់​ស្បៀង​ទៅ​មន្ត្រីប៉ូលិស​ការពារ​មុខ​ស្ថានទូត បញ្ជាក់​ពី​ភាព​សាមគ្គី​ដែរ​៕ប្រភព៖rfa