លោក ណុប សារឹម ​មេ​ប៉ុស្តិ៍​អន្តោ ប្រវេសន៍​ព្រែក​ចាក​ទើប​ឡើង​ថ្មី​រង​ការរិះគន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 January, 2016 ក+ ក-

​ខេត្ត​កំ​ព​ត៖ប្រភពព័ត៌មាន​ព​សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ ព្រែក​ចាក ខេត្តកំពត សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ ថា បច្ចុប្បន្ននេះ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​រអ៊ូរទាំ​ថា ពិបាក​រកស៊ី​ខ្លាំងណាស់​ក្រោយពី​មានការ​ផ្លាស់ប្តូរ​មេ​ច្រកទ្វារ​ថ្មី​រួចមក ព្រោះ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ខិលខូច​ខ្លះ​បានកំណត់​ឱ្យ​បង់​សេវា​លើ​ម៉ូតូ​ដឹកទំនិញ​ឆ្លងដែន​ចេញចូល​តម្លៃ ២​ម៉ឺន​រៀល ក្នុង​មួយ​មួយគ្រឿង ហើយ​បើ​ដឹក​មនុស្ស​ឆ្លងដែន​វិញ គេ​ដំឡើងថ្លៃ​ក្នុង​ម្នាក់​១០​ម៉ឺន​ដុង ខុសពី​គ្រា​មុនពេល​ដឹក​មនុស្ស​ឆ្លងដែន​ម្នាក់​យកតែ​៥​ម៉ឺន​ដុង​ប៉ុណ្ណោះ​។

ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រីនគរបាល​អន្តោប្រវេសន៍​ក្រោម​ការគ្រប់គ្រង​របស់លោក ណុប សារឹម បំពេញការងារ​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​នោះទេ ហើយ​ថែមទាំង​ជាប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​សេដ្ឋកិច្ច​ទៀតផង​។​

​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹក​ឥ​វ៉ាន់​បន្តិចបន្តួច​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​ស្ទើរ​រាល់ថ្ងៃ​បាន​បង្ហើប​ថា ក្រោយពី​មានការ​ផ្លាស់ប្តូរ​មេ​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​រួចមក បែរជា​បាន​ដំឡើងថ្លៃ​សេវា​ក្នុងការ​ឆ្លងដែន​ទៅមក និង​គាប​យកលុយ​ពី​អាជីវករ​ដែល​រកស៊ី​ដឹក​ឥ​វ៉ាន់​បន្តិចបន្តួច​តាម​ម៉ូតូ​ចេញចូល​ដោយ​តម្រូវឱ្យ​បង់​២​ម៉ឺន​រៀល​ក្នុង​ម៉ូតូ​មួយគ្រឿង​។ ប្រភព​ដដែល​បាន​រៀបរាប់ថា ចាប់តាំងពី​លោក ណុប សារឹម មកកាន់​តំណែង​មក លោក​បាន​ប្រមូល​លិខិតឆ្លងដែន​ពី​អ្នក​ឆ្លងដែន​បោះត្រា​មួយ​តម្លៃ​៣០​ដុល្លារ​ដោយមាន​អ្នករត់​ការ​ចាំ​ប្រមូល​ម្តងៗ​រាប់រយ​លិខិតឆ្លងដែន​។​

​មន្ត្រី​គយ​មួយរូប​សុំ​លាក់​ឈ្មោះ បាន​បញ្ជាក់ដែរថា តាំងពី​លោក ណុប សារឹម ចូលកាន់​តំណែង​ជា​មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ព្រែក​ចាក​មក ការបង្ក​ភាព​ក្តៅក្រហាយ​ទៅលើ​ប្រជាពលរដ្ឋ និង​ឈ្មួញ​រកស៊ី​នាំ​ទំនិញ​ចូល​ស្រុក​ព្រមទាំង​អ្នក​ឆ្លងដែន​ឱ្យ​បង់លុយ​ច្រក​ហោប៉ៅ​ឱ្យ​ពួកខ្លួន​យ៉ាង​គឃ្លើន ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ព្រែក​ចាក​លោក ណុប សារឹម មិន​ត្រឹមតែ​រង​ការ​រិះគន់ថា​បំពេញការងារ​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​អន្តោប្រវេសន៍​នោះទេ តែ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការសម្របសម្រួល​ឲ្យ​មានការ​នាំចូល​ទំនិញគេចពន្ធ​ផងដែរ​។​

​លោក គយ ដដែល​នេះ​បន្តថា ប្រសិនបើ​លុយ​ដែល​ក្រុម​លោក ណុប សារឹម ប្រមូល​បានមក​នោះ​ដាក់បញ្ចូល​ជា​ចំណូល​ថវិការដ្ឋ​នោះ​ជាការ​ប្រពៃ​ណាស់ ប៉ុន្តែ​តាម​ការទម្លាយ​ឲ្យ​ដឹង​គឺ​មិន​ដូច្នោះ​ទេ ។​

​ប្រភព​ដដែល​បន្តទៀត​ថា សូម្បីតែ​អាជ្ញាធរ​ខេត្តកំពត​ក៏​មិន​សប្បាយចិត្ត​ចំពោះ​ការបំពេញ​ការងារ​រប​ស់លោក ណុប សារឹម និង​បក្ខពួក​ផងដែរ ពីព្រោះ​ពួកគេ​រិះគន់​លោក ណុប សារឹម ថា​បាន​ដើរតួ​ជា​អ្នកសម្របសម្រួល​ឱ្យ​ឈ្មួញ​គៃបំបាត់​ពន្ធ​រដ្ឋ​។ ប្រភព​ដដែល​បាន​សំណូមពរ​ថា​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួងមហាផ្ទៃ គួរ​ត្រួតពិនិត្យ​សកម្មភាព​បំពេញការងារ​របស់លោក ណុប សារឹម ឡើងវិញ​ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ និង​ប្រសិទ្ធភាព​ការងារ​របស់​អង្គភាព​រដ្ឋ​៕

​សារព័ត៌មាន មេគង្គ​គ​ប៉ុស្តិ៍ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ណុប សារឹម មេ​ប៉ុ​ស្ត​ព្រែក​ចាក​បានទេ ដោយសារ​ទូ​រស​ព្វ័​របស់លោក​មិនអាច​ទាក់ទង​បាន ដែល​ទំនងជា​លោក​ដាក់​ប្រព​ន្ធ័​ជាប់រវល់​៕​ដោ​យ៖អ.វរិ​ន្ទ​tgfrdaa