ខេត្តតាកែវៈនារីម្នាក់បានព្យាយាមរត់ចេញពីផ្ទះដោយសារខឹងម្ដាយស្តីបន្ទោសអោយរឿងនិយាយទូរស័ព្ទមិនគិតជួយធ្វើការងារផ្ទះតែត្រូវម្តាយរបស់នាងដេញតាមរហូតមកដល់ចំណុចបេនឡានផ្សារតាកែវតែនាងមិនព្រមឈប់ ពេលនោះស្ត្រីជាម្ដាយបានស្រែកថាចោរៗផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋដេញស្ទាក់ចាប់បានភ្លាមៗតែម្ដង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទី ព្រឹកនៅចំណុចផ្សារតាកែវ ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា នារីដែលព្យាយាមរត់ចេញពីផ្ទះមានឈ្មោះ ចាន់ ធឿន ភេទស្រី អាយុ២២ឆ្នាំ រស់នៅឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។
តាមសម្តីស្ត្រីជាម្ដាយបាននិយាយប្រាប់ប៉ូលីសថា កូនស្រីរបស់គាត់ជាមនុស្សរឹងរូសមិនចេះជួយធ្វើការងារផ្ទះទេ គិតតែនិយាយទូរស័ព្ទ ហើយគាត់តែងតែធ្វើការប្រដៅជាញឹកញាប់ដែរតែនាងមិនស្ដាប់បង្គាប់ឡើយ លុះដល់ថ្ងៃកើតហេតុគាត់បានស្តីបន្ទោសនាងរឿងនិយាយទូរស័ព្ទ នាងក៍មានចិត្តខឹងហើយរត់ចេញពីផ្ទះតែម្ដង។
ក្រោយពេលកើតហេតុក្រោយពេលកើតហេតុនារីរូបនេះត្រូវបានសមត្ថកិច្ចនាំយកមកកាន់ទីស្នាក់ការប៉ុស្តិ៍ដើម្បីធ្វើការអប់រំណែនាំរួចអោយត្រប់ទៅផ្ទះវិញ។
គួររំឭកថា សម័យនេះការទាក់ទងគ្នាតាមរយៈ ទូរស័ព្ទរបស់យុវវ័យបានបង្កភាពងាយស្រួលពេញបន្ទុកក្នុងការបង្កើតអារម្មណ៍ស្នេហា ក្នុងនោះអ្នកមានប្តី ប្រពន្ធរួចហើយខ្លះ ក៏អាចលង់ចូលផ្លូវនេះដែរ។ ករណីច្រឡំលេខទូរស័ព្ទខ្លះក៏ត្រូវពួកគេអន្ទងរកគ្នារហូតណាត់ជួបគ្នាប្រព្រឹត្តិអំពើអនាចារ្យក្បត់ប្រពន្ធ ឬក្បត់ប្តី បង្កឲ្យមានការបែកបាក់ក្រុមគ្រួសារក៏មានច្រើនករណីរួចមកហើយដែរ៕
ដោយ៖អ៊ួង វឹង