តួកគី៖មនុស្សចំនួន៣៣នាក់ត្រូវបានប៉ូលិសតួកគីបានធ្វើការឃុំខ្លួន គ្រាដែលសង្ស័យជាសមាជិកក្រុមឧទ្ទាម ISIS នៅក្នុងទីក្រុង Istanbul និងនៅខេត្ត Adana តំបន់ភាគខាងត្បូងនៃប្រទេសរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ។
កងកម្លាំងប៉ូលិសប្រឆាំងអំពើភេរវកម្ម បានបើកប្រតិបត្តិការ នៅទូទាំងស្រុកចំនួន៥ នៃទីក្រុង Istanbul ដោយចាប់បានជនសង្ស័យ ដែលគេជឿជាក់ថា ជាសមាជិកក្រុមឧទ្ទាម ចំនួន១០នាក់ ខណៈជនសង្ស័យ២៣នាក់ផ្សេងទៀត ត្រូវបានឃុំខ្លួននៅក្នុង Adana ក្នុងនោះ១៦នាក់ ជាជនបរទេស ដែលចង់ចូលរួមជាសមាជិកក្រុម ISIS និង៧នាក់ជាពលរដ្ឋតួកគី ដែលដើរបញ្ចុះបញ្ចូលរកមនុស្ស ដើម្បីចុះចូលជាសមាជិករបស់ក្រុមឧទ្ទាម ISIS។
ប្រភពបញ្ជាក់ថា ពលរដ្ឋតួកគីទាំង៧នាក់ ជាប់សង្ស័យថា បានដើរជ្រើសរើសមនុស្ស ដើម្បីចុះចូលជាមួយក្រុម ISIS ត្រូវបានចាប់ខ្លួន ជាមួយនឹងមនុស្ស ដែលពួកគេបានជ្រើសរើសដើម្បីចូលរួម ជាមួយក្រុម IS ចំនួនមួយក្រុម ក្នុងនោះមានស្រ្តីជនជាតិរុស្ស៊ីម្នាក់ និង១៥នាក់ទៀត ជាជនជាតិអេហ្ស៊ីប។ បន្ទាប់ពីធ្វើការត្រួតពិនិត្យសុខភាព ក្រុមជនជាតិបរទេសទាំង១៦នាក់នោះ ត្រូវបានបញ្ជូនទៅកាន់ស្ថាប័នគ្រប់គ្រងជនអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំ បញ្ជូនពួកគេវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ៕
ប៉ូលិសតួកគីឃុំខ្លួនជនសង្ស័យ៣៣នាក់ ដែលជាសមាជិកក្រុម ISIS