ថៃ​ហាម​កម្ពុជា​មិន​ឲ្យ​ឈូស​ផ្លូវ​ទៅកាន់​រូបសំណាក​មេទ័ព​ខ្មែរ​នៅ​ច្រក​អានសេះ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 October, 2014 ក+ ក-

ខេត្តព្រះវិហារ​៖ កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៤ អាជ្ញាធរ​ថៃ​បាន​ចូលមក​ប្រាប់​ផ្នែក​ទំនាក់ទំនង​ខាង​កម្ពុជា​កុំ​ឲ្យ​បន្ត​ឈូស​ផ្លូវ​ឡើង ទៅ​កាន់​រូបសំណាក​មេទ័ព​ខ្មែរ​(​លោកតា​អ៊ុំ​)​នៅ​ច្រក​អានសេះ​បន្តទៀត​។

មន្ត្រី​ទំនាក់ទំនង​កម្ពុជា​បាន​បញ្ជាក់ថា ថៃ​ហាមឃាត់​នៅពេល ដែល កងវិស្វកម្ម​អគ្គបញ្ជាការ បាននិងកំពុង​យក​គ្រឿងចក្រ​ទៅ​ឈូស​ផ្លូវ​ដែលមាន​ចម្ងាយ​ប្រមាណ​ជាង ១០ ម៉ែត្រ ពី​រូបសំណាក់​មេទ័ព​ខ្មែ ឡើងទៅ​កាន់​ច្រក​អានសេះ​។ ការហាមឃាត់​នេះ​គឺ​ភាគី​កម្ពុជា​បាន​ផ្អាក​បណ្តោះអាសន្ន​តាំងពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៤ មកម្ល៉េះ​។

ប្រភពព័ត៌មាន​ដោយឡែក​បាន​ឲ្យ​ដឹងថា កងវិស្វកម្ម​អគ្គមេបញ្ជា ការ បានធ្វើ​ផ្លូវ​ឡើងទៅ​កាន់​ច្រក​អានសេះ​តាំង​ពីមុន​រហូតមក​ពុំដែល​មាន​ថៃ​មក​ហាមឃាត់​ទេ ចំណែក​ការហាមឃាត់​នៅពេល នេះ​ទំនងជា​ដោយសារ​ធ្លាប់មាន​ក្រុមហ៊ុន​ឯកជន​ល្បីល្បាញ​មួយ រកស៊ី​ច្រើន​មុខ​នៅ​ច្រក​អានសេះ​បាន​ជួល​គ្រឿង​ច្រក​កងវិស្វកម្ម​អគ្គបញ្ជាការ​ឲ្យ​ឈូស​ពង្រីក​ផ្លូវ​ទើប​ថៃ​ហាមឃាត់​បែបនេះ​។

ប្រភព​ព័ត៌មាន​បន្តថា រហូតមកដល់​ពេលនេះ កម្ពុជា​បាន​ផ្អាក​បណ្តោះអាសន្ន តាម​ការស្នើសុំ​ពី​ភាគី​ថៃ​។ ការបន្ត​ឈូស​ផ្លូវ​របស់​ក្រុមហ៊ុន​ឯកជន​បន្តទៀត​នោះ មិនដឹងថា អនុវត្ត​នៅពេលណា​ទេ គឺ​រង់ចាំ​ការដោះស្រាយ​ពី​ភាគី​ទាំង ២ រួចរាល់​សិន​។​

​មន្ដ្រី​យោធា​កម្ពុជា​ក្នុង​តំបន់សឹករង​ព្រះវិហារ​ដែល​កំពុង​ឈរជើង ការពារ​បូរណភាព​ទឹកដី​នៅ​តំបន់​អានសេះ​បានឱ្យដឹងថា កងទ័ព​កម្ពុជា​មានកា​រ​គោរព​បារមី​ដ៏​ខ្លាំងពូកែ​របស់​អតីត​មេទ័ព​ខ្មែរ​រូបនេះ ដែល​បាន​ច្បាំង​ឈ្នះ​ពួកចោរ​សៀម​ឈ្លានពាន​ការពារ​បាន​ដី​ខ្មែរ​ក្នុង​តំបន់​ទាំងអស់​ខាងលើ​ទុកឱ្យ​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​បន្ដរ​ក្សា​ការពារ​រហូតមកទល់​បច្ចុប្បន្ន​។​

គួរ​បញ្ជាក់ថា រូបសំណាក​លោក តា​អ៊ុំ បាន​សង់​នៅ​ច្រក​អានសេះ​ក្នុង​ទឹកដី​របស់​កម្ពុជា​។ លោកតា​អ៊ុំ មេទ័ព​ខ្មែរ ជា​អ្នកតស៊ូ​យ៉ាង​ក្រាញននៀល​វាយ​ទ័ព​សៀម​ឈ្លានពាន​ទឹកដី​ខ្មែរ​ឱ្យ​វិនាស​ខ្ចាត់ ខ្ចាយ ដណ្ដើម​កាន់កាប់​បាន​នូវ​ទឹកដី​របស់​ខ្មែរ​តាម​ព្រំដែន​ខ្មែរ​-​សៀម​ចាប់ពី​តំបន់​មុំ​បី​រហូតដល់​បាត់ដំបង​៕

Untitled-1​រូបសំណាក​មេទ័ព​ខ្មែរ គឺ​លោកតា​អ៊ុំ ដែល​សង់​ក្នុង​ដី​កម្ពុជា បែរមុខទៅរក​ច្រកព្រំដែន​អានសេះ​Untitled-1