ក្រឡាប់រថយន្ត​លោកអ៊ុំ សំអាត មេបញ្ជា ការរង​កង​អង្គរក្ស​ ស្លាប់ប្រពន្ធ និង​របួស មនុស្ស​៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 January, 2016 ក+ ក-

ខេត្តព្រះវិហារ​៖ភរិយា​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុំ សំអាត មេបញ្ជាការរង​កង​អង្គរក្ស​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ចំណែក​លោក អ៊ុំ សំអាត និង​អ្នករួមដំណើរ​៤​នាក់​ទៀត​បាន​រងរបួសធ្ងន់ និងស្រាល ដោយសារ​រថយន្តដែលក្រុមគ្រួសារជិះបានក្រឡាប់​នៅ​វេលាថ្ងៃត្រង់នេះ លើកំណាត់ផ្លូវជាតិ​លេខ​៦២ ក្នុងស្រុក​ជាំ​ក្សាន្ត​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ហេតុការណ៍​ក្រឡាប់​រថយន្ត​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ប្រហែល​ជិត ១ រសៀល ថ្ងៃទី​១២​មករា ឆ្នាំ​២០១៦ នៅ​ចំណុច​ការដ្ឋាន​ចិន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ នៅ​ចំណុច​ដោះ​ស្រែ ឃុំ​រំដោះ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​អធិការនគរបាល​ស្រុក​ជាំ​ក្សាន្ត លោក​វរសេនីយ៍ត្រី ដាំ យិន បាន​បញ្ជាក់ថា រថយន្ត​ជួប​គ្រោះថ្នាក់​ក្រឡាប់​នោះ ម៉ាក Vigo ស្លាក​លេខ 2J 8981 បើកបរ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុំ សំអាត ផ្ទាល់​។​រថយន្ត​នេះ បើកបរ​ចេញពី​មកពី​ទិសទីក្រុង​ភ្នំពេញ សំដៅ​ទៅកាន់​ទីបញ្ជាការ​ដ្ឋា​ន​អង្គរក្ស ក្នុងស្រុក​ជាំ​ក្សាន្ត​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ក្នុង​រថយន្ត​នោះ​រួមមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុំ សំអាត​ភរិយា និង​កូនៗ របស់លោក​។ រថយន្ត​នោះបាន​បរ​ក្រឡាប់​ដោយ​ខ្លួនឯង​ជាច្រើន​ត្រឡប់ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៦២​។​

​របាយការណ៍​បញ្ជាក់ថា ក្នុង​ហេតុការណ៍​នោះ បណ្តាល​ឲ្យ​ប្រពន្ធ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គឺ​លោកស្រី ហ៊ឹម គឹម​ហេង អាយុ ៤៥ ឆ្នាំ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​មនុស្ស ៥ នាក់​ទៀត រងរបួស ក្នុងនោះ មាន ៤ នាក់ របួសធ្ងន់ ចំណែក​លោក អ៊ុំ សំអាត របួសស្រាល​។​

​ប្រភព​បញ្ជាក់ថា សព លោកស្រី ហ៊ឹម គឹម​ហេង ត្រូវបាន​ដឹក​ទៅ​តម្កល់ទុក​បណ្តោះអាសន្ន នៅ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​នៅ​ស្រុក​ជាំ​ក្សាន្ត ចំណែក​អ្នក​ទាំង ៤ នាក់​ដែល​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ​។ អ្នករបួស គឺ​ទី​១ អាត ភិរម្យ ភេទ​ស្រី អាយុ ១៧ ឆ្នាំ ទី​២ រី សុខ​នី ភេទ​ស្រី អាយុ ៤៥ ឆ្នាំ ទី​៣ ញឹម ហៀ​ង ភេទ​ស្រី អាយុ ៥២ ឆ្នាំ ទី​៤ ពុំ ហុន ភេទ​ប្រុស អាយុ ៦០ ឆ្នាំ និង​ទី​៥ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុំ សំអាត រង របួស​ស្រាល ៕​ដោ​យ៖រដ្ឋា​gvfcdddd