មក​ពី​ចូលរួម​មង្គលការ​បងប្អូន​ក្រឡាប់ ​ឡានស្លាប់​៤​នាក់ របួស​១១​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 January, 2016 ក+ ក-

ខេត្ដ​បន្ទាយមានជ័យ ៖ មនុស្ស​ប្រុស​ស្រី ១១​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល និង ៤​នាក់​ទៀត បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ដោយសារ​រថយន្ដ​បែក​កង់​មុខ​ក្រឡាប់​ជាច្រើន​ត្រឡប់ កាលពី​វេលា​ម៉ោង ១១​និង​១០ នាទី ព្រឹក​ថ្ងៃទី​១១ ខែមករា​ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៥៦A នៅ​ចំណុច​ផ្លូវបំបែក ប្រាសាទបន្ទាយឆ្មា ខាងជើង​ឆៀង​ខាងកើត ចម្ងាយ​ប្រហែល ៣​គីឡូម៉ែត្រ ក្នុងភូមិ​សាស្ដ្រ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ដ​បន្ទាយមានជ័យ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កដោយ​ខ្លួនឯង ដោយសារ​រថយន្ដ​ម៉ាក តា​កូ​ម៉ា មួយ​បាំង​កន្លះ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 2A-6195 បានធ្វើ​ដំណើរ ពី​ខេត្ដ​ព្រះវិហារ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ជា​លក្ខណៈ​គ្រួសារ មកពី​ចូល​រួមការ​បងប្អូន នៅ​ភូមិ​បល្ល័ង្ក ក្នុងស្រុក​ម៉ាឡៃ ។ លុះ​មកដល់ កន្លែងកើតហេតុ រថយន្ដ​ក៏​បែក​កង់​មុខ បណ្ដាល​ឧ្យ​រេ​ចង្កូត ក្រឡាប់ ៣​ទៅ​៤ ត្រលប់ ជះ​មនុស្ស​ចោល​ពេញ​ផ្លូវ ស្លាប់​និង​របួស យា់ង​អាណោចអាធ័ម ។

ចំណែក​រថយន្ដ បាន​បែរមុខ​ចូល​ប្រឡាយ ខូចខាត​ធ្ងន់ធ្ងរ ហើយ​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច បាន​ចុះជួយ​អន្តរាគមន៍ និង​ហៅ​រថយន្ដ​សាមុយ ដឹក​អ្នករងរបួស ទៅ​មន្ទីរពេទ្យបង្អែក ស្រុក​ថ្មពួក មួយចំនួន និង​មួយចំនួនទៀត ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​មិ​ត្ដ​ភាព កម្ពុជា​ជប៉ុន មង្គលបុរី ហើយ​ចំណែក សព​ជនរងគ្រោះ ត្រូវ​សមត្ថកិច្ច​រក្សាទុក រង់ចាំ​បងប្អូន មក​ទទួលយក​ទៅធ្វើ​បុណ្យនៅ​ស្រុកកំណើត ៕ដោយ៖ អ. វfcdeaacfdsbbb