ភ្នំពេញ៖ បន្ទាប់ពីកាសែត ដើមអម្ពិល ចុះផ្សាយព័ត៌មាន ល្បែងកត់កន្ទុយលេខនៅផ្សារជិនណាន ខាងក្រោយមណ្ឌលសុខភាព សង្កាត់ទឹកថ្លា ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលក្នុងអត្ថបទនោះមានចំណងជើងថា «កត់កន្ទុយលេខ និងល្បែងផ្សេងៗ រីកសាយភាយ ពេញបន្ទុក នៅក្នុងផ្សារជិនណាន អាជ្ញាធរមូលដ្ឋាន ត្រូវថ្នាំសណ្តំ » កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ រួចមក ស្រាប់តែអ្នកយកព័ត៌មានម្នាក់របស់កាសែតនេះត្រូវបានទទួលការគំរាមកំហែងដល់អាយុជីវិតកាលពីពេលថ្មីៗនេះ។
អ្វីដែលហៅថា គោលការណ៍ ៩ចំណុច ស្តីពីភូមិសង្កាត់មានសុវតិ្ថភាព ចែងដោយក្រសួងមហាផ្ទៃ ហើយតម្រូវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ អនុវត្តគោលការណ៍ ភូមិសង្កាត់មានសុវត្ថិភាពនេះ ត្រូវបានគេទទួលស្វាគមន៍ ចំពោះគោលការណ៍ល្អនេះ ក៏ប៉ុន្តែគោលការណ៍នេះ ធ្វើឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ជាពិសេសក្នុងទឹកដីសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រីកសាយភាយល្បែងកត់កន្ទុយលេខ និងល្បែងផ្សេងៗពេញបន្ទុក។
សំណេររបស់អ្នកកាសែតបានលើកឡើងថា នៅក្នុងសង្កាត់នេះ មានប្រជាពលរដ្ឋរស់នៅច្រើនគ្រួសារ រីឯល្បែងស៊ីសងក៏មានច្រើនផងដែរនៅតំបន់នេះ ហើយមានមន្ត្រីនគរបាល ជាន់ខ្ពស់ម្នាក់ ដែលគេស្គាល់ថា ជាមេកត់កន្ទុយលេខនៅផ្សារជិនណាន ស្ថិតនៅខាងក្រោយមណ្ឌលសុខភាព សង្កាត់ទឹកថ្លា ក្នុងភូមិចុងថ្នល់ខាងលិច គឺប្លុកនេះពោរពេញទៅដោយ ការកត់កន្ទុយលេខពេញបន្ទុក មិនតិចជាង១០កន្លែងទេ ហើយប្រជាពលរដ្ឋ មានការរិះគន់ នឹងការលេងល្បែងកន្ទុយលេខនិងល្បែងផ្សេងៗ ធ្វើឲ្យកើតមានអំពើចោរកម្ម នៅក្នុងតំបន់ខាងក្រោយ មណ្ឌលសុខភាពទឹកថ្លា ពោលគឺក្នុងខណ្ឌសែនសុខនេះតែម្តង។
ការលើកឡើងរបស់អ្នកកាសែតរូបនេះ ដោយគ្រាន់តែចង់បង្ហាញពីសំណូមពរប្រជាពលរដ្ឋ ដែលចង់ឃើញពីការអនុវត្តគោលនយោបាយ ៩ចំណុចរបស់រាជរដ្ឌាភិបាលប៉ុណ្ណោះ ប៉ុន្តែវាបានប៉ះពាល់ទៅនឹងផលប្រយោជន៍របស់ក្រុមអ្នករកស៊ីកត់កន្ទុយលេខ ទើបបានជាកើតទៅជារឿងគំរាមសម្លាប់បែបនេះ៕ដោយ៖សួង សាម