ចាប់កម្មករ៥នាក់​ពីបទ​គំរាម​ដុត​ស្ថានី​យ៍​ប្រេង​ និង​ឃាំ្លង​ទឹកសុទ្ធ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 January, 2016 ក+ ក-

​កំពង់ចាមៈ​ កម្មករបំរើ​ការងារនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ ចំនួន៥នាក់​ត្រូវ​បានមេការប្តឹង​អោយសមត្ថកិច្ច​​ចាប់​ខ្លួន​ពី​បទ​ “ប៉ុន​ប៉ងហឹង្សា​ដោយ​ចេតនា និង​គំរាម​កំហែងរក​ដុតស្ថានីយ៍​ប្រេង​ឥន្ទនៈ ព្រមទាំងឃាំ្លង​ផលិតទឹកសុទ្ធ​” របស់ថៅកែខ្លួន​ បង្ក​អោយមាន​ការភ្ញាក់​ផ្អើល​ កាល​ពីវេលាម៉ោង​១៧និង៥០នាទី ថ្ងៃទី១១ មករា ឆ្នាំ២០១៦ នៅភូមិស្លែង ឃុំជ្រៃវៀង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ចាម ​នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការ​តាម​ផ្លូវ​ច្បាប់ ។

លោកវរៈសេនីយ៍ត្រី សួន រស់ បានអោយដឹងថា កម្ម​ករ​ទាំង៥នាក់​ត្រូវបានចាប់​ខ្លួនមាន​ទី១ឈ្មោះ សេក ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិតារាម ឃុំជ្រៃវៀន ស្រុកព្រៃឈរ ទី២ ឈ្មោះ ឆុន សុខណា ហៅម៉ាង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិជាមួយគ្នា ទី៣​ ឈ្មោះ សុខ ដា ហៅ ឃុយ ភេទប្រុស អយុ១៧ឆ្នាំ នៅភូមិត្រាំងថ ឃុំថ្មពូន ស្រុកព្រៃឈរ ទី៤ឈ្មោះ ញឹម វ៉ាន់អ៊ី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិជាមួយគ្នា​ ទី៥ឈ្មោះ សម្បត្តិ រិទ្ធ ហៅរ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិ​ដំណាក់​ធំ២ សង្កាត់​ស្ទឹង​មាន​ជ័យ ខ័ណ្ឌ​មាន​ជ័យ រាជ​ធានីភ្នំពេញ។

​តាមចម្លើយជនសង្ស័យទាំង៥នាក់ មានន័យ​ប្រហាក់​ប្រហែល​គ្នា​ បានអោយដឹងថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល​ ១០ជាង (ព្រឹក) ពួកគេបានផឹកស្រា​អឡិចហ្សង់វី​ស្គី​ នៅឃ្លាំង​ទឹក​សុទ្ធ រហូតដល់​ម៉ោង១៧​ល្ងាច​ ពួក​ខ្លួន​ទាំង៥នាក់​នៅរង់ចាំ​បើក​លុយពី​មេការឈ្មោះ ពីង សុភារម្យ ជាមួយកម្មករ​ឯទៀត ដែល​ធម្មតា​ពួក​គាត់​ទទួល​បាន​​ប្រាក់​១៤០​ដុលា្ល​ ក្នុង១ខែ​ តែ​ពេលនេះ​ពួក​គាត់​បាន​តែ ២០០,០០០រៀល ដោយមេកា​រ​ប្រាប់​ថា​ កាត់​ប្រាក់​ខែ​ខ្លះ​ ព្រោះពួកគាត់​ធ្វើការ​ខ្ជី​ខ្ជារ មិនពេញ​ម៉ោង​ និងផឹកស្រានៅពេលកំពុងធ្វើការ។

ក្រោយមកឃើញឈ្មោះ សម្បត្តិ រិទ្ធ កាន់ដាវ​គ្រវី អូស​ចុះ​អូសឡើង​ ហើយ​ក៏ហុច​អោយគ្នា​ទៅ​វិញ​ទៅមក​ តែមិន​បាន​រក​កាប់អ្នក​ណាទេ។ បន្តិចក្រោយមក ស្រាប់តែ​ឃើញសមត្ថិកិច្ច​ ចេញមកចាប់​ពួក​ខ្លួនទាំង៥នាក់​ ដោយ​យោង​តាមបណ្តឹងរបស់មេការឈ្មោះ ម៉ាង សុភារម្យ ចោទពួកខ្លួនថា គំរាមគំហែង និងចង់ដុតប្រេងស្ថានីយ៍​របស់ថៅកែទៀតផង។

កម្មករទាំង៥នាក់ត្រូវចាប់ខ្លួន បានបញ្ជាក់ថា ពួកគាត់មកធ្វើ​កម្ម​ករ​អោយ​ថៅកែ​ឈ្មោះ ថន សុខនី ហៅ ម៉ាប់ បាន​ចំនួន​បីខែមកហើយ​ ពេលធ្វើការ​ ពួកខ្លួន​ក៏ធ្លាប់​ប្រលែងលេង​ជាមួយកម្មករ​ម្នាក់ជា​មនុស្សខ្ទើយ និងបាន​ស្រែកជេរលេង​ សើច​ធម្មតា​ មិន​ដែល​ជេរមេការ​ ឬថៅកែទេ តែពេលនេះ​លុយ​ត្រូវគេកាត់​ការងារត្រូវបញ្ឈប់ និងប្រ​ឈមមុខ​ជាប់គុកថែមទៀត។ ពួកគេសុំអោយ​ចៅក្រម​ ដោះ​លែងអោយមាន​សេរីភាព​វិញ។

លោក រី ប៉ូ នាយផ្នែកការិយាល័យនគរបាល​ព្រហ្ម​ទណ្ឌ កំរិតស្រាល​ខេត្តកំពង់ចាមបានអោយដឹងថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ សមត្ថិកិច្ចបានបញ្ជូន​សំណុំរឿង​ និងជនសង្ស័យ​ទាំង​៥នាក់ ទៅ​ព្រះរាជ្ញា អមសាលាដំបូង​ខេត្តកំពង់ចាម​ដើម្បី​ចាត់ការតាមផ្លូវច្បាប់៕

ដោយ៖ស ភ័ណ្ឌ

IMG-20160116-WA0012 IMG-20160116-WA0014 IMG-20160116-WA0015