ក្រុមហ៊ុន​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ត្រូវពន្ធដារ​បញ្ជា​ឲ្យ​គយ​ទប់ស្កាត់​ការនាំ​ទំនិញ​ចេញចូល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 January, 2016 ក+ ក-

​ភ្នំពេញ​៖ ក្រុមហ៊ុន លឹម ប៊ុណ្ណា ផែន​ស្ងួត ​របស់លោក​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ត្រូវបាន​អគ្គនាយកដ្ឋាន​ពន្ធដារ​បញ្ជា​ឲ្យ​អគ្គនាយក​គយ​និង​រដ្ឋាករ សំខាន់​មន្ត្រី​គយ​គ្រប់​ច្រកល្ហក ទប់ស្កាត់​រាល់​សកម្មភាព​នាំ​ទំនិញ​ចេញចូល​របស់​ក្រុមហ៊ុន​មួយ​នេះ ដោយសារតែ​ពុំបាន​អនុវត្ត​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​ជា​រៀងរាល់ឆ្នាំ​ដែល ធ្វើ​ឲ្យ​បំណុល​ពន្ធ​រដ្ឋ​របស់​ក្រុមហ៊ុន លឹម ប៊ុណ្ណា ផែន​ស្ងួត កើនឡើង ។

យោងតាម លិខិត​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​លេខ ១០៦២២ អ​ពដ ចុះ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ ដែល​ផ្ញើជូន​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ស្តីពី​សំណើរ​កិច្ចសហការ​ដើម្បី​ទប់ស្កាត់​ប្រតិបត្តិ​ការនាំចេញ​នាំចូល ទំនិញ​របស់​ក្រុមហ៊ុន​លឹម ប៊ុណ្ណា ផែន​ស្ងួត ( BUNNA PHA SNGUOT Co, Ltd ) ដែលមាន​លេខ​អត្តសញ្ញាណ​សារពើពន្ធ ( អក​ប​) ១៨០០០៤៧៨៦ ។

លិខិត ដដែល​បាន​បញ្ជា​ឲ្យ​អគ្គនាយក​គយ​ចាត់វិធានការ​ដោយ​ឃាត់ទុក​ទំនិញ​ឬ​មិន​អនុ ញ្ញា​ត្តិ​នាំចេញ​នាំចូល​ទំនិញ​របស់​ក្រុមហ៊ុន លឹម ប៊ុណ្ណា ផែន​ស្ងួត ស្របតាម​មាត្រា​១១៤ នៃ​ច្បាប់​ស្តី ពី​សារពើពន្ធ​ដែលមាន​ចែង​ពី​ការបញ្ឈប់​ប្រតិបត្តិ​ការនាំចេញ​នាំចូល ព្រោះថា ក្រុមហ៊ុន​មាន​ជាប់ជំពាក់​បំណុល​ពន្ធ និង​មិនទាន់​ចូលខ្លួន​មក​ដោះស្រាយ​នៅឡើយ គ្រា​ដែល​ក្រុមហ៊ុន​នេះ​នៅ​ជំពាក់​បំណុល​ពន្ធ​រដ្ឋ ហើយ​គេចវេស​មិន​ព្រម​ចូល​បង់ពន្ធ​ស្របតាម​ច្បាប់ ។

យោងតាម មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​បាន​អះអាងថា អគ្គនាយក​គយ​បានទទួល​លិខិត​បញ្ជា​ឲ្យ​ទប់ស្កាត់​ទំនិញ​ចេញចូល​របស់ ក្រុមហ៊ុន លឹម ប៊ុណ្ណា ផែន​ស្ងួត ដែល​ស្នើសុំ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​នោះ​ហើយ ហើយ​លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ​ក៏​បញ្ជូន​លិខិត​នោះ​ទៅគ្រប់​អង្គភាព​គយ​និង​មន្ត្រី​គយ ពាក់ព័ន្ធ ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិភាព ។

ពាក់ព័ន្ធ​នឹង​លិខិត​ខាងលើនេះ មជ្ឈដ្ឋាន​ទូទៅ​បានធ្វើ​ការរិះគន់​ចំពោះ​ក្រុមហ៊ុន​លោក​ឧកញ៉ា លឹម ប៊ុណ្ណា ផែន​ស្ងួត ដែលមាន​ទីតាំងនៅ​មាត់​ច្រក់ទ្វារព្រំដែន​អន្តរជាតិ ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​តែងតែ​ធ្វើ​សកម្មភាព​ល្មើសច្បាប់​ទាំង​ការកាប់បំផ្លាញ​ឈើ​និង​នាំចេញ នាំចូល​ទំនិញ​ដោយ​ពំបាន​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ ដែលជា​ហេតុ​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​រដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។

គេ មិនដឹងថា អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​នឹង​ចាត់វិធានការ​មាន​ប្រសិទ្ធភាព​ដែរឬទេ ទៅលើ​ក្រុមហ៊ុន​លោក​ឧកញ៉ា លឹម ប៊ុណ្ណា ដែល​គេ​រាល់គ្នា​ដឹងថា ជា​ឧកញ៉ា​ដែលមាន​អំណាច​និង​មាន​លុយ​រាប់រយ​លាន​ដុល្លារ ក្នុងចំណោម​ឧកញ៉ា​ធំៗ​នៅ​កម្ពុជា ។ ប៉ុន្តែ​មកដល់ពេលនេះ​ប្រហែលជា​លោក​ឧកញ៉ា​ម្នាក់នេះ​មិនអាច​គេច​ផុតពី​សំណាញ់ ច្បាប់​បានឡើយ ព្រោះថា សម្តេច​តេ​ជោ​កំពុងតែ​ប្រើ​កណ្តាប់់​ដែក​ដើម្បី​បង្ក្រាប់​ក្រុម​លោក​ឧកញ៉ា ល្មើសច្បាប់​ម្នាក់​ម្តងៗ រហូត​ធ្វើ​ឲ្យ​សង្គម​កម្ពុជា លែងមាន​ឧកញ៉ា​ល្មើសច្បាប់ ៕cfdxsxxx